ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា ការប្រកួត Miss International 2023 នៅជប៉ុន បានបញ្ចប់ទៅហើយ ដោយម្ចាស់មកុដបានទៅលើ Andrea Rubio បវរកញ្ញាមកពីប្រទេសវេណេហ្សូអេឡា។ ប៉ុន្តែកម្ពុជាមិនទាន់អាចបំបែកកំណត់ត្រាឡើងទៅវគ្គ top 15 ចុងក្រោយបាននៅឡើយទេ។
ថ្វីដ្បិតអ្នកស្នេហាវិស័យបវរកញ្ញានៅកម្ពុជា មានការសោកស្តាយដែល អេលីណា មិនបានជាប់ឆ្លងទៅវគ្គបន្ទាប់តាមការគ្រោងទុកក៏ពិតមែន តែគ្រប់គ្នាមានមោទនភាពចំពោះបវរកញ្ញាកម្ពុជារូបនេះណាស់ ព្រោះនាងបំពេញភារកិច្ចបានយ៉ាងល្អ ក្នុងនាមជាអ្នកតំណាងកម្ពុជា និងបានបង្ហាញសិល្បៈ វប្បធម៌លលើឆាកអន្តរជាតិដ៏អស្ចារ្យ សម្តែងឱ្យពិភពលោកឃើញពីស្នាមញញឹមដ៏ផ្អែមល្ហែមរបស់ប្រជាជនកម្ពុជាយើង។

ទោះបី សំណាង អេលីណា មិនទទួលបានភាពជោគជ័យសម្រាប់បន្តទៅវគ្គបន្ទាប់ តែបវរកញ្ញាកម្ពុជារូបនេះ បានធ្វើឱ្យកម្ពុជាយើងជាប់ក្នុង Top 7 Best in National Costume Miss International 2023 ដែលទំព័រហ្វេសប៊ុក Miss International ផ្លូវការទើបតែបង្ហោះជាសាធារណៈ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០២៣។


ឈុតតំណាងជាតិកម្ពុជាដែល សំណាង អេលីណា យកទៅបង្ហាញក្នុងកម្មវិធី Miss International 2023 មានឈ្មោះថា «ឈុតរាជនីលង្វែក» ជាឈុតតំណាងឲ្យព្រះនាងក្រពុំឈូក បុត្រីរបស់ព្រះបាទចន្ទរាជា ។ ព្រះនាងជានារីល្អឯកសម្រស់គ្មាន២ លើសកំពូលស្រីៗក្នុងនគរនាសម័យនោះ។ ឈុតតំណាងជាតិនេះ ច្នៃឡើងដោយ ទឹក គ្រឿង។



ការបង្ហោះរបស់ទំព័រហ្វេសប៊ុកផ្លូវការ Miss International បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់អ្នកស្នេហាវិស័យបវរកញ្ញានៅកម្ពុជា ដោយសារមុននេះគេមិនបានដឹងថា ឈុតតំណាងជាតិកម្ពុជាយើងបានជាប់ក្នុង Top7 Best in National Costume នោះទេ។ នេះសរបញ្ជាក់ឱ្យឃើញថា កម្ពុជាយើងពិតជាធ្វើបានល្អក្នុងការប្រកួតនេះ តែប្រហែលនៅមានចន្លោះខ្វះខាតចំនុចណាមួយទើបយើងមិនទាន់អាចមានឱកាសឈានជើងទៅវគ្គបន្ទាប់បាន៕
























Account
Security
Favourite Content