តារាសម្ដែងល្បីឈ្មោះប្រចាំប្រទេសកូរ៉េខាងត្បូង Byeon Woo Seok ផ្ដល់ជំនួយជាសាច់ប្រាក់ចំនួន ៣០០ លានវ៉ុន ឬប្រមាណ ២១ ម៉ឺនដុល្លារអាមេរិក ដោយមិនចង់ឱ្យអ្នកផ្សេងដឹងពីរឿងនេះ។

កាលពីថ្ងៃ ៥ ខែវិច្ឆិកា កន្លងទៅនេះ មានសេចក្ដីរាយការណ៍ពីសារព័ត៌មាន Nate បានរាយការណ៍ថា តារាសម្ដែងវ័យ ៣៣ ឆ្នាំរូបនេះ បានធ្វើសប្បុរសធម៌ជាមួយនឹងមន្ទីរពេទ្យ Severance Hospital ក្នុងទីក្រុងសេអ៊ូល ដោយស្ងប់ស្ងាត់។ ការបរិច្ចាគលើកនេះ Byeon Woo Seok ធ្វើឡើងក្នុងគោលបំណងជួយដល់អ្នកជំងឺកុមារដែលខ្វះខាតឱកាស។
ដំណឹងខាងលើបានបែកធ្លាយ ក្រោយខាងមន្ទីរពេទ្យផ្ទាល់ចេញមុខអរគុណ ដោយបានរៀបរាប់ថា៖ “អរគុណសម្រាប់ការបរិច្ចាគដ៏សប្បុរស អ្នកជំងឺវ័យក្មេងៗជាច្រើននឹងមានឱកាសទទួលបានការព្យាបាលច្រើនជាងមុន”។

ក្រោយមានដំណឹងលេចឮដូច្នេះ ផលិតកម្ម VARO Entertainment មានតួនាទីគ្រប់គ្រងការងាររបស់ Byeon Woo Seok បានបញ្ជាក់ថា៖ “រឿងដែល Byeon Woo Seok ធ្វើការបរិច្ចាគជារឿងពិត ដោយលោកបានបំពេញដំណើរការនៃការបរិច្ចាគនេះដោយខ្លួនឯងផ្ទាល់”។ ព័ត៌មានរាយការណ៍បន្ថែមថា មូលហេតុដែលសិល្បកររូបនេះ ធ្វើកិច្ចការទាំងអស់ដោយខ្លួនឯង ព្រោះលោកមិនចង់ឱ្យមានព័ត៌មានផ្សព្វផ្សាយពីរឿងខាងលើទេ។
ក្នុងរយៈពេល ១០ ឆ្នាំលើវិថីសិល្បៈ Byeon Woo Seok មានស្នាដៃសម្ដែងល្បីៗជាច្រើនរឿង តួយ៉ាងភាពយន្តភាគក្នុងឆ្នាំ ២០២៤ នេះគឺរឿង Lovely Runner ជាដើម។ កាលពីថ្មីៗនេះ លោកក៏ទើបតែទទួលដំណែងជាទូតសុឆ្ឆន្ទៈរបស់ម៉ាកយីហោល្បីឈ្មោះ Prada ផងដែរ៕
























Account
Security
Favourite Content