RM ក្រុម BTS កំពុងប្រារព្ធខួបកំណើតរបស់ខ្លួនដោយការបរិច្ចាគសប្បុរសធម៌ដ៏មានន័យចំនួនពីរ។

នៅថ្ងៃទី 12 ខែកញ្ញានេះ មានសេចក្តីរាយការណ៍ថា RM ប្រធានក្រុមចម្រៀងកូរ៉េ BTS បានបរិច្ចាគដល់មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Seoul Asan និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រសាកលវិទ្យាល័យកូរ៉េ នូវថវិកាចំនួន 100 លានវ៉ុន (ប្រហែល 72,000 ដុល្លារ) ក្នុងមួយមន្ទីរពេទ្យ ដែលសរុបទាំងអស់គឺចំនួន 200 លានវ៉ុន (ប្រហែល 144,000 ដុល្លារ) ។
RM បានកត់សម្គាល់ថា “ខ្ញុំសម្រេចចិត្តបរិច្ចាគព្រោះចង់ចូលរួមចំណែកក្នុងការងារដ៏មានអត្ថន័យសម្រាប់ខួបកំណើតរបស់ខ្ញុំ។ ខ្ញុំសង្ឃឹមថា ការបរិច្ចាគនេះ នឹងក្លាយជាជំនួយតិចតួចដល់អ្នកជំងឺដែលត្រូវការការព្យាបាល ប៉ុន្តែកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ” ។
មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Seoul Asan គ្រោងនឹងប្រើប្រាស់ការបរិច្ចាគរបស់ តារាចម្រៀងរូបនេះដើម្បីជួយរ៉ាប់រងថ្លៃព្យាបាល និងវះកាត់សម្រាប់អ្នកជំងឺងាយរងគ្រោះ ឬជួបការលំបាកផ្នែកហិរញ្ញវត្ថុ ខណៈដែលមជ្ឈមណ្ឌលវេជ្ជសាស្ត្រសាកលវិទ្យាល័យកូរ៉េនឹងប្រើប្រាស់ការបរិច្ចាគរបស់លោកដើម្បីកែលម្អបរិយាកាសព្យាបាល និងពង្រីកសេវាកម្មវេជ្ជសាស្រ្តរបស់ខ្លួន។
កើតនៅថ្ងៃទី 12 ខែកញ្ញា ឆ្នាំ 1994 ជាមួយឈ្មោះកំណើត Kim Nam-joon, RM ត្រូវបានអ្នកគាំទ្រខេប៉ុបស្គាល់យ៉ាងច្បាស់ក្នុងនាមជាប្រធានក្រុម BTS ដែលមានសមត្ថភាពខ្លាំងខាងរ៉េប និងនិពន្ធចម្រៀងផងដែរ។ លោកបានចាប់ផ្ដើមប្រើឈ្មោះ RM ជាឈ្មោះក្នុងសិល្បៈចាប់តាំងពីឆ្នាំ 2017។
ក្នុងឆ្នាំ 2015 RM បានចេញអាល់ប៊ុម “mixtape” ដំបូងរបស់ខ្លួន និងបានចេញអាល់ប៊ុមទោលទីពីរមានចំណងជើងថា ‘Mono’ ក្នុងឆ្នាំ 2018 ដែលបានក្លាយជាអាល់ប៊ុមដោយតារាចម្រៀងកូរ៉េដែលមានចំណាត់ថ្នាក់ខ្ពស់បំផុតនៅសហរដ្ឋអាមេរិក ខណៈបានឡើងដល់ចំណាត់ថ្នាក់លេខ 26 នៅលើ Billboard 200។ កាលពីថ្ងៃទី 10 ខែមិថុនា លោកបានបញ្ចប់កាតព្វកិច្ចយោធាជាមួយមិត្តរួមក្រុម V បន្ទាប់ពីបានបំពេញការងារបម្រើជាតិរយៈពេល 18 ខែ ៕
























Account
Security
Favourite Content