មជ្ឈមណ្ឌល Min Yoon Gi បានបើកជាផ្លូវការនៅមន្ទីរពេទ្យ Severance នៃសាកលវិទ្យាល័យ Yonsei កាលពីថ្ងៃទី ៣០ ខែកញ្ញា។

មជ្ឈមណ្ឌលនេះត្រូវបានបង្កើតឡើងដោយមានការបរិច្ចាគថវិកាចំនួន ៥ ពាន់លានវ៉ុន (៣.៦ លានដុល្លារ) ពី Suga ដែលបានធ្វើឡើងនៅមន្ទីរពេទ្យកុមារនេះកាលពីខែមិថុនាឆ្នាំមុន។ ពិធីបើកសម្ពោធនេះមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរពេទ្យ រួមទាំងអគ្គនាយកនៃមន្ទីរពេទ្យ Severance លោក Lee Kang Young និងប្រធានមន្ទីរពេទ្យ Severance Children’s Hospital លោក Kang Hoon Chul ព្រមទាំងថ្នាក់ដឹកនាំសហគមន៍ដូចជា Kim Yong Jik ប្រធានសមាគម Autism នៃប្រទេសកូរ៉េ។
មជ្ឈមណ្ឌលនេះរួមមានបន្ទប់សម្រាប់ការព្យាបាលផ្នែកភាសា និងអាកប្បកិរិយា ក៏ដូចជាបន្ទប់ព្យាបាលជាក្រុមសម្រាប់ជំនាញតន្ត្រី និងសង្គម ដែលបំពាក់ដោយការការពារសំឡេងកម្រិតខ្ពស់។ នៅក្នុងបន្ទប់រង់ចាំមានដាក់បង្ហាញស្នាដៃសិល្បៈដោយ Lee Kyu Jae ដែលជាវិចិត្រករម្នាក់នៅក្នុងសហគមន៍អ្នកជំងឺអូទីស្សឹម។
គួរបញ្ជាក់ថា ការចូលរួមរបស់ Suga សម្រាប់មជ្ឈមណ្ឌលនេះគឺលើសពីការបរិច្ចាគទៅទៀត ដោយលោកបានធ្វើការស្ម័គ្រចិត្តតាំងពីឆ្នាំមុនជាមួយសាស្រ្តាចារ្យ Cheon Geun Ah ដែលជានាយកមជ្ឈមណ្ឌលនេះ តាមរយៈការលេងហ្គីតាសម្រាប់កុមារដែលមានជំងឺអូទីស្សឹម។ ការងាររបស់លោកបានបំផុសគំនិតកម្មវិធី ‘MIND’ ជាការព្យាបាលតាមតន្ត្រី ដែលឱ្យកុមារលេងឧបករណ៍ជាក្រុម ដើម្បីបង្កើតជំនាញសង្គម។ កម្មវិធីនេះមានប្រសិទ្ធភាពខ្ពស់សម្រាប់កុមារដែលមានបញ្ហាទំនាក់ទំនង។
មជ្ឈមណ្ឌលនេះនឹងផ្តល់ការថែទាំតាមតម្រូវការ រួមបញ្ចូលគ្នាពីក្រុមគ្រូពេទ្យចិត្តសាស្រ្តកុមារ អ្នកចិត្តសាស្រ្តគ្លីនិក និងអ្នកព្យាបាលឯកទេស។
នាយក Cheon Geun Ah បាននិយាយថា “មជ្ឈមណ្ឌល Min Yoon Gi គឺជាកន្លែងចាប់ផ្តើមសម្រាប់ការព្យាបាលដោយសិល្បៈដែលរួមបញ្ចូលគ្នានូវតន្ត្រី សិល្បៈ និងការអប់រំកាយផងដែរ។ វានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងនូវលទ្ធផលនៃការព្យាបាល និងជំរុញការយល់ដឹងសង្គមកាន់តែច្រើនអំពីពិការភាពនេះ។”
ដើម្បីបំពេញតាមតម្រូវការដែលរំពឹងទុក មន្ទីរពេទ្យ Severance គ្រោងនឹងពង្រីក និងផ្លាស់ប្តូរទីតាំងមជ្ឈមណ្ឌលនេះនាពេលអនាគត ហើយនឹងបណ្តុះបណ្តាលបុគ្គលិកជំនាញបន្ថែមទៀតដើម្បីបង្កើនសេវាកម្មរបស់ខ្លួន ៕
























Account
Security
Favourite Content