កាលពីថ្ងៃទី ១៨ ខែមេសា មន្ទីរពេទ្យសាកលវិទ្យាល័យជាតិសេអ៊ូលបានចែករំលែកថា សមាជិក BTS, Jungkook បានបរិច្ចាគប្រាក់ ១ ពាន់លានវ៉ុន ស្មើនឹងប្រមាណ ៧៦ម៉ឺនដុល្លារដល់មន្ទីរពេទ្យកុមារជាតិសេអ៊ូល ដើម្បីប្រើប្រាស់ជាប្រយោជន៍ដល់កុមារក្រីក្រដែលមានជំងឺ និងក្រុមគ្រួសាររបស់ពួកគេ។

នេះមិនមែនជាសកម្មភាពសប្បុរសធម៌លើកដំបូងទេរបស់សមាជិក BTS ដោយកន្លងមក Jungkook និងមិត្តរួមក្រុមបាននិងកំពុងអនុវត្តការបរិច្ចាគជាហូរហែ។
តួយ៉ាងក្នុងខែមករា ឆ្នាំ ២០១៧ BTS បានបរិច្ចាគ ១០០លានវ៉ុនដល់គ្រួសារជនរងគ្រោះដែលបានស្លាប់ដោយសារគ្រោះលិចសាឡាង Sewol ។ នៅពេលនោះ សមាជិកម្នាក់ៗបានបរិច្ចាគម្នាក់ ១០ លានវ៉ុន ហើយ Big Hit Music បន្ថែម ៣០ លានវ៉ុន ដែលរួមសរុប ១០០ លានវ៉ុន។

ក្រៅពីនេះចាប់តាំងពីឆ្នាំ ២០១៧ ដល់ឆ្នាំ២០២២ ពួកគេបានបរិច្ចាគទឹកប្រាក់សរុប ៤,៤លានដុល្លារតាមរយៈយុទ្ធនាការ #ENDviolence ដែលជាយុទ្ធនាការលុបបំបាត់អំពើហិង្សាលើកុមារ និងយុវជន ក្រោមកិច្ចសហប្រតិបត្តិការជាមួយគណៈកម្មាធិការកូរ៉េសម្រាប់អង្គការយូនីសេហ្វ។
ការបរិច្ចាគជាក្រុមក៏ត្រូវបានធ្វើឡើងក្នុងអំឡុងពេលមានការរាតត្បាតជំងឺកូវីដ១៩ផងដែរ។ នៅឆ្នាំ ២០២០ សមាជិក BTS រួមជាមួយ Big Hit Music បានបរិច្ចាគ ១ លានដុល្លារដល់អង្គការនានាដែលធ្វើការទាក់ទងយុទ្ធនាការប្រឆាំងការរើសអើងជាតិសាសន៍ “BLACK LIVE MATTER” (Black Lives Matter) ។ ក្រោយមក មានអ្នកគាំទ្រជាច្រើនបានបង្ហាញឆន្ទៈចូលរួមយុទ្ធនាការចិត្តមួយ និងបេះដូងមួយជាមួយ BTS ដោយរៃអង្គាសប្រាក់បានជាង ១ លានដុល្លារបរិច្ចាគជាមួយគ្នាដែរ។
លើសពីនេះ BTS បានបរិច្ចាគ ១លានដុល្លារទៀតដល់អង្គការ Live Nation ដែលជាអង្គភាពផ្ដល់ការគាំទ្រដល់សិល្បករដែលជួបការលំបាកផ្នែកសេដ្ឋកិច្ចបន្ទាប់ពីផ្ទុះជំងឺកូវីដ១៩ ៕


























Account
Security
Favourite Content