ផ្អែកតាម KOZ Entertainment សហព័ន្ធបាល់ទះអន្តរជាតិ FIVB បានតែងតាំងក្រុមចម្រៀងខេប៉ុបបុរស BOYNEXTDOOR ឱ្យក្លាយជាទូតសុច្ឆន្ទៈសម្រាប់កម្មវិធី FIVB Men’s World Championship ឆ្នាំ ២០២៥ ដោយកម្មវិធីនេះគ្រោងនឹងធ្វើឡើងនៅក្នុងប្រទេសហ្វីលីពីន។

កាលពីថ្ងៃទី២៦ ខែមេសាកន្លងទៅ គណៈប្រតិភូរបស់ FIVB ដោយផ្ទាល់ បានទៅកាន់ទីស្នាក់កាលកណ្ដាលរបស់ HYBE ឯទីក្រុងសេអ៊ូល ដើម្បីតែងតាំង BOYNEXTDOOR ឱ្យក្លាយជាទូតសុច្ឆន្ទៈជាផ្លូវការ។ ក្នុងតំណែងថ្មីនេះ សមាជិក្រុមទាំង ៦រូប នឹងត្រូវបំពេញការងារទៅលើការផ្សព្វផ្សាយមុននឹងកម្មវិធីប្រកួតចាប់ផ្ដើម រួមគ្នានឹងការសម្ដែងនៅពេលបើកកម្មវិធីប្រកួតផងដែរ។
ឆ្លើយតបនឹងតួនាទីថ្មីខាងលើ Sungho, Riwoo, Myung Jaehyun, Taesan, Leehan និង Woonhak បាននិយាយថា៖ “យើងពិតជារំភើប និងមានកិត្តិយសមែនទែន ដែលបានក្លាយជា ទូតសុច្ឆន្ទៈពិភពលោកក្នុងឆ្នាំដែលក្រុមជម្រើសជាតិកូរ៉េក៏នឹងចូលរួមប្រកួតដូចគ្នា”។
ក្រុមទាំងមូលបានបង្ហាញការប្ដេជ្ញាចិត្តថា៖ “យើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីធ្វើឱ្យមហាជនអាចទទួលបានបទពិសោធន៍ដ៏រំភើប និងឃើញពីភាពស្រស់ស្អាតនៃកីឡាបាល់ទះ ហើយយើងនឹងគាំទ្រយ៉ាងពេញទំហឹងចំពោះភាពជោគជ័យនៃការប្រកួតនេះ រួមគ្នាជាមួយនឹងអ្នកគាំទ្រនៅជុំវិញពិភពលោក”។

ទន្ទឹមគ្នានេះ FIVB បានលើកឡើងពីការចូលរួមរបស់ក្រុមខេប៉ុបខាងលើនេះថា ៖ “BOYNEXTDOOR នឹងដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់ភាពស្និទ្ធស្នាលផ្នែកកីឡា ការរួបរួម និងស្មារតីនៃការប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ FIVB Men’s World Championship ឆ្នាំ ២០២៥នេះ”។
“ឥទ្ធិពលសកលរបស់ពួកគេនឹងជំរុញឱ្យមហាជនកាន់តែមានចំណាប់អារម្មណ៍លើកីឡាបាល់ទះ រួមគ្នាទៅនឹងការលើកទឹកចិត្តលើការផ្លាស់ប្តូរវប្បធម៌ទៅវិញទៅមក ក៏ដូចជាការគាំទ្រលើបេសកកម្មរបស់យើង ដែលមានគោលបំណងចង់ឱ្យប្រទេសជាតិនានាអាចរួបរួមគ្នា តាមរយៈកីឡា” សហព័ន្ធបាល់ទះអន្តរជាតិបានរៀបរាប់ពីផលល្អបន្ថែមដូច្នេះ។

ដូចគ្នាដែរ លោក Kim Tae Ho ប្រធានផ្នែកប្រតិបត្តិការរបស់ HYBE បានលើកឡើងពីទំនាក់ទំនងរវាងវិស័យខេប៉ុប និងកីឡាថា៖ “ខេប៉ុប និងកីឡាចែករំលែកគុណតម្លៃស្នូលរួមគ្នា រាប់ទាំងការដែលធ្វើឱ្យអ្នកគាំទ្របានឃើញពីចំណង់ចំណង់ចំណូលចិត្តរបស់ខ្លួន និងការយកចិត្តទុកដាក់ចំពោះអ្នកគាំទ្រ តាមរយៈលទ្ធផល និងការខិតខំប្រឺងប្រែងរបស់សិល្បករ និងកីឡាករម្នាក់ៗ។ យើងរំពឹងថា ក្នុងកិច្ចសហការណ៍នេះ BOYNEXTDOOR និង 2025 FIVB Men’s World Championship នឹងអាចរួមរួបរួមគ្នាបានយ៉ាងរឹងមាំ”។
គួរឱ្យដឹងផងដែរថា FIVB បានបង្កើតកម្មវិធីប្រកួត FIVB Men’s World Championship ឡើងតាំងតែពីឆ្នាំ ១៩៤៩ មកម៉្លេះ។ ដោយឡែកសម្រាប់ឆ្នាំ២០២៥នេះ ការប្រកួតប្រជែងនឹងធ្វើឡើងក្នុងថ្ងៃទី១២ ខែកញ្ញា នៅឯទីក្រុងម៉ានីល ប្រទេសហ្វីលីពីន៕























Account
Security
Favourite Content