មិនត្រឹមតែជាតារាចម្រៀងដ៏មានសមត្ថភាពនិងទេពកោសល្យ ប៉ុន្តែ Beyoncé ក៏ស្រឡាញ់និងគិតគូរដល់អ្នកគាំទ្រខ្លាំងណាស់ដែរ!
ជាក់ស្ដែងកាលពីពេលថ្មីៗ តារាចម្រៀងរូបនេះបានចាយលុយ ១សែនដុល្លារដើម្បីពន្យារពេលរថភ្លើងក្រោមដីនៅទីក្រុងវ៉ាស៊ីនតោន ឱ្យអ្នកគាំទ្ររបស់នាងអាចជិះត្រលប់ទៅផ្ទះបាន បន្ទាប់ពីការប្រគំតន្ត្រី Renaissance World Tour របស់នាងត្រូវពន្យារពេលពីរម៉ោង។ នេះបើផ្អែកតាមសេចក្ដីរាយការណ៍ពីសារព័ត៌មាន Just Jared។

ការប្រគំតន្ត្រីរបស់នាងត្រូវបានពន្យារពេល ដោយសារមានការព្រមានពីបញ្ហារន្ទះ និងជំនន់ទឹកភ្លៀងធ្ងន់ធ្ងរនៅកន្លែងរៀបចំ។ ប្រភពដដែលរាយការណ៍ថា៖ “ដោយសារបញ្ហានោះ អ្នកគាំទ្រមានការព្រួយបារម្ភថាពួកគេនឹងមិនអាចទៅផ្ទះ ព្រោះរថភ្លើងក្រោមដីនឹងបិទនៅម៉ោង ១២ យប់។ ទោះជាយ៉ាងណា Beyonce ក៏បានចេញមុខដោះស្រាយបញ្ហានេះ ដោយបានបង់ប្រាក់ខ្ទង់ ១សែនដុល្លារ ដើម្បីរថភ្លើងក្រោមដីបន្តរត់មួយម៉ោងទៀត ដូច្នេះអ្នកគាំទ្ររបស់នាងនឹងអាចត្រឡប់ទៅផ្ទះដោយសុវត្ថិភាព។ ប្រាក់ដែលបង់នោះគឺជាថ្លៃសម្រួលឱ្យស្ថានីយចំនួន ៩៨ នៅបន្តបើកនិងដំណើរការបន្ថែម១ម៉ោង និងចំណាយប្រតិបត្តិការផ្សេងៗ។
សេចក្តីប្រកាសព័ត៌មានពីស្ថានីយរថភ្លើង Metro បានបញ្ជាក់ថា៖ “ពេលវេលាបន្ថែមមានន័យថា #BeyHive (ក្រុមអ្នកគាំទ្រ Beyonce) អាចរីករាយនឹងការប្រគំតន្ត្រីដល់ចប់ ហើយនៅតែត្រលប់ទៅផ្ទះវិញបាន” ។
គួរបញ្ជាក់ដែរថា ក្នុងចំណោមអ្នកចូលរួមទស្សនាការប្រគំតន្ត្រីនៅ Washington ក៏មានវត្តមានអនុប្រធានាធិបតី Kamala Harris និងស្វាមី Douglas Emhoff ក៏ដូចជាកូនស្រីអតីតប្រធានាធីបតី Obama ផងដែរ។ ប៉ុន្តែសំណាងល្អ ពួកគេបានចូលរួមនៅថ្ងៃសៅរ៍ដែលមិនមានបញ្ហាអាកាសធាតុនោះទេ។
ថ្ងៃដែលមានបញ្ហាអាកាសធាតុនោះគឺយប់ថ្ងៃអាទិត្យនៅពហុកីឡដ្ឋាន FedEx Field ដែលជាការសម្ដែងថ្ងៃទីពីរនៅវ៉ាស៊ីនតោន។ រួចហើយ Beyonce នឹងបន្តដំណើរទៅកាន់ទីក្រុង Charlotte សម្រាប់ការសម្តែងនៅថ្ងៃពុធ ៕




























Account
Security
Favourite Content