កេរ្តិ៍ឈ្មោះរបស់តារាសម្ដែងថៃ Bella Ranee កំពុងហក់ឡើងដល់កំពូលជាថ្មីក្រោយការវិលត្រលប់មកវិញជាមួយរឿងភាគ “ព្រហ្មលិខិត” ដែលជាវគ្គបន្តពីរឿង “បុព្វេសន្និវាស” ដ៏ល្បីល្បាញកាលពីឆ្នាំ២០១៨ ខណៈតម្លៃខ្លួនរបស់នាងក្នុងការសម្ដែងវគ្គថ្មីនេះត្រូវបានសាមីខ្លួនទម្លាយថាអាចទទួលបានគុណនឹង៣។

ចូលរួមក្នុងកម្មវិធីសម្ពោធរឿងភាគថ្មីនេះកាលពីប៉ុន្មានថ្ងៃមុន Bella បានទម្លាយប្រាប់អ្នកសារព័ត៌មានថានាងទទួលបានតម្លៃខ្លួនគុណនឹង ៣ ពេលសម្ដែងរឿង “ព្រហ្មលិខិត” ដោយសារនាងត្រូវសម្ដែងច្រើនតួ ពោលគឺរហូតដល់ ៣ តួអង្គក្នុងរឿងមួយនេះ។



នៅពេលអ្នកកាសែតសួរអំពីកិច្ចសន្យាផ្សព្វផ្សាយផលិតផលផ្សេងៗ តារាកូនកាត់ថៃអង់គ្លេសវ័យ ៣៣ឆ្នាំរូបនេះបានបង្ហើបថា បច្ចុប្បន្ននាងធ្វើជា BA ឬតំណាងផ្សព្វផ្សាយឱ្យផលិតផលផ្សេងៗចំនួន ៣០ និងកំពុងមានកិច្ចសន្យាថ្មីៗមួយចំនួនទៀតដែលកំពុងស្ថិតក្នុងការចរចានៅឡើយ។ ទោះយ៉ាងណា ពាក់ព័ន្ធនឹងការទទួលផ្សពផ្សាយផលិតផលនេះ Bella អះអាងថានាងមិនទទួលគ្រប់ផលិតផលនោះទេ ហើយផលិតផលដែលមានប្រភេទស្រដៀងៗគ្នានឹងផលិតផលដែលនាងកំពុងកាន់ក្នុងដៃក៏នាងមិនទទួលដែរ។
យោងតាមសារព័ត៌មាន Thairath សម្រាប់តម្លៃខ្លួនរបស់តារាស្រី Bella Ranee គឺធ្លាប់មានប្រភពផ្ទៃក្នុងទម្លាយថា ចំពោះការសម្ដែងរឿងភាគគឺមានតម្លៃខ្ទង់ ៨ម៉ឺនបាត (២២០០ដុល្លារ) ក្នុងមួយភាគ ចំណែកការងារផ្សព្វផ្សាយផលិតផលគឺចាប់ផ្ដើមពី ៩លានបាត (២៥ម៉ឺនដុល្លារ) ក្នុងមួយកិច្ចសន្យា ហើយសម្រាប់ការចូលរួមកម្មវិធី event ផ្សេងៗគឺចាប់ពី ២សែនបាត (៥៥០០ដុល្លារ) ក្នុងមួយកម្មវិធី។ ដូច្នេះបើរាប់តាមចំនួនកិច្ចសន្យាជាង ៣០ដែលនាងកំពុងកាន់ក្នុងដៃ គុណនឹងតម្លៃ ៩លានបាត គឺមានន័យថា Bella អាចកើបលុយសរុប ២៧០លានបាត ឬ ៧,៤លានដុល្លារបាត់ទៅហើយ ៕





























Account
Security
Favourite Content