Han So Hee បច្ចុប្បន្នជាតារាសម្ដែងស្រីកូរ៉េមួយរូបដែលកំពុងទទួលប្រជាប្រិយភាពយ៉ាងខ្លាំងដោយសារភាពជោគជ័យជាប់គ្នាៗ និងសមត្ថភាពនៃការសម្ដែងដ៏លេចធ្លោរបស់នាង។

ទម្រាំទទួលបានភាពជោគជ័យក្នុងវិស័យសិល្បៈមកដល់សព្វថ្ងៃនេះ តារាស្រីវ័យ ២៩ ឆ្នាំរូបនេះបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការផ្លាស់ប្ដូរខ្លួនឯង និងសាកល្បងជាមួយការសម្ដែងជាតួអង្គខុសៗគ្នាទៅតាមសាច់រឿង។


ជាក់ស្ដែងភាគច្រើននាងបានសម្ដែងក្នុងរឿងប្រភេទមនោសញ្ចេតនាស្នេហាដូចជារឿង Soundtrack #1 ឬរឿង Nevertheless ជាដើម។ ក្នុងចំណោមនោះតាមរយៈការបង្ហាញមុខសម្ដែងជាតួឯកស្រីក្នុងរឿង My Name ជាប្រភេទរឿងបែបវាយប្រហារគឺរឹតតែធ្វើឱ្យអ្នកគាំទ្រកាន់តែកោតសរសើរចំពោះសមត្ថភាពរបស់នាងបន្ថែមទៀត។ ដោយសារនាងបានដើរជាតួមនុស្សស្រីដ៏ក្លាហាន ប្រឈមជាមួយស្មុគស្មាញយ៉ាងច្រើន និងសងសឹកផងដែរ។

បើរំលឹកទៅដល់ពេលបង្ហាញខ្លួនជាលើកដំបូង Han So Hee បានទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនដោយសាររូបសម្រស់ដ៏ស្រស់ស្អាត និងគុណសម្បត្តិមួយចំនួនដែលស្រដៀងទៅនឹងសិស្សច្បង Song Hye Kyo។ ជាមួយនឹងរហស្សនាម Song Hye Kyo’s lookalike ក៏បានធ្វើឱ្យមហាជនចាប់អារម្មណ៍នឹងការសម្ដែងជាតួឯកក្នុងរឿង The World of the Married ដែលពេលនោះអាជីពរបស់តារាស្រីរូបនេះប្រៀបបាននឹងការបើកទំព័រថ្មីផងដែរ។
ក្រៅពីនេះ នាងក៏ត្រូវបានគេដាក់ឈ្មោះឱ្យថាជា Jun Ji Hyun ជំនាន់ថ្មី ទៀតផង។ បើទោះបីជាកំពុងល្បីល្បាញខ្លាំងយ៉ាងណា ក៏នាងនៅតែជាមនុស្សដាក់ខ្លួនម្នាក់ហើយធ្លាប់និយាយថានាងមិនសមនឹងទទួលពាក្យសរសើរប្រៀបធៀបជាមួយសិស្សច្បងដែលមានសមត្ថភាពខ្ពស់ និងបទពិសោធន៍យូរឆ្នាំឡើយ។


យោងតាមគេងទំព័រ KBIZOOM នាងបានប្រាប់ថាបើទោះបីជានាងមានរូបសម្រស់ស្អាតយ៉ាងណា ក៏នាងមិនអាចទន់ខ្សោយ ហើយពឹងផ្អែកលើវាទាំងស្រុងនោះទេ។ ជាមួយគ្នានេះ តារាស្រីវ័យ ២៩ ឆ្នាំនេះមិនដែលព្យាយាមបង្កើតរូបភាពឱ្យខ្លួនឯងក្លាយជាមនុស្សល្អ ឬទេពអប្សរដើម្បីទាមទារចំណាប់អារម្មណ៍ពីមហាជនឡើយ។
តារាស្រី Han So Hee ធ្លាប់បាននិយាយថានាងរីករាយក្នុងការសម្ដែងជាតូអង្គថ្មីៗជានិច្ច។ បន្ទាប់ពីប្រភេទរឿងបែបវាយប្រហារ នាងចង់ល្បងនូវសាច់រឿងប្រភេទផ្សេងៗទៀតដើម្បីទទួលបានបទពិសោធន៍បន្ថែម។ នាងក៏បានបន្តថានាងចង់រស់នៅក្នុងជីវិតជាខ្លួនឯង បើទោះបីជាវាមិនល្អឥតខ្ចោះក៏ដោយ។ ហើយនាងតែងតែស្វាគមន៍ទទួលយកទាំងការសរសើរ និងការរិះគន់។


ជាពិសេសនាងចង់បង្ហាញឱ្យទស្សនិកជនបានឃើញថានាងមិនដែលទុកការសម្ដែងរឿងជាល្បែងលេងសើចនោះទេ។ ក្នុងនាមជាតារាសម្ដែងដ៏មានប្រជាប្រិយភាពម្នាក់ក្នុងឧស្សាហកម្មភាពយន្ត នាងរឹងមាំគ្រប់គ្រាន់ដើម្បីទប់ទល់សម្ពាធ និងប្រឈមមុខជាមួយនឹងការរិះគន់។ ដូច្នេះនាងមិនខ្លាចក្នុងការបង្ហាញខ្លួនឯងថាជាអ្នកណា និងមិនចង់ក្លាយជាមនុស្សដែលរស់នៅចាំផ្គាប់ចិត្តមនុស្សគ្រប់គ្នានោះទេ។
តាមរយៈកិច្ចសម្ភាស Han So Hee បានធ្វើឱ្យមហាជនចាប់អារម្មណ៍កាន់តែខ្លាំងទៀតនោះគឺមិនត្រឹមជាចំណង់ចំណូលចិត្តក្នុងការសម្ដែងប៉ុណ្ណោះទេ តែនាងថែមទាំងមានចិត្តគំនិតរឹងមាំ និងភាពវៃឆ្លាតផងដែរ។ នាពេលអនាគត នាងត្រូវបានគេរំពឹងថានឹងមានភាពល្បីល្បាញកាន់តែខ្លាំង និងតំណាងឱ្យតារាសម្ដែងស្រីកូរ៉េជំនាន់ក្រោយទៀតផង៕


























Account
Security
Favourite Content