កាលពីពាក់កណ្ដាលខែ មករា ឆ្នាំ ២០២៣ កន្លងទៅ តារាស្រីតៃវ៉ាន់ល្បីឈ្មោះ Barbie Hsu ឬសាន់ ឆាយ បានដាក់ពាក្យបណ្ដឹងប្ដឹងអតីតស្វាមីរបស់ខ្លួនលោក Wang XiaoFei ពីបទរំលោភលើកិច្ចព្រមព្រៀងលែងលះ។ ដោយអតីតស្វាមីរបស់នាងមិនបានបង់ថ្លៃចិញ្ចឹមបីបាច់ថែរក្សាកូនអស់រយៈពេលរាប់ខែ។

តារាស្រី Barbie Hsu បានលើកឡើងថា អតីតស្វាមីរបស់ខ្លួនបានឈប់បង់ថ្លៃចិញ្ចឹមកូនតូចៗ ចាប់តាំងពីខែ មីនា ឆ្នាំ ២០២២ មកម្ល៉េះ។ បើគិតមកទល់បច្ចុប្បន្ន ប្រាក់ចិញ្ចឹមកូនដែលលោកមិនបានបង់គឺច្រើនជាង ១៦ ម៉ឺនដុល្លារអាមេរិក។ បើយោងតាមកិច្ចព្រមព្រៀងលែងលះរបស់អ្នកទាំងពីរក្នុងឆ្នាំ ២០២១ លោក Wang XiaoFei ត្រូវផ្ដល់ប្រាក់មកកាន់តារាស្រី Barbie Hsu ចំនួន ៣ ពាន់ដុល្លារជារៀងរាល់ខែដើម្បីជួយចិញ្ចឹមកូនតូច។
មែនទែនទៅ ដោយសារតែរឿងមួយនេះក៏បានធ្វើឱ្យលោក Wang Xiaofei និង Barbie Hsu ឈ្លោះគ្នា និងបង្ហោះសារដៀមដាមគ្នាទៅវិញទៅមកក្នុងបណ្ដាញសង្គមដែលធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលខ្លាំង ព្រមទាំងក្លាយជាប្រធានបទក្ដៅគគុកក្នុងបណ្ដាញសង្គមអស់រយៈពេលជាយូរផងដែរ។
ជាលទ្ធផល តុលារការបានសម្រេចឱ្យលោក Wang XiaoFei ត្រូវបង់ថ្លៃចិញ្ចឹមកូនដល់តារាស្រី Barbie Hsu មិនឱ្យខកខានឡើយ និងត្រូវប្រាក់ដែលសេសសល់មិនទាន់បង់ផងដែរ។ តែបើសិនជាលោកមានតម្រុយថ្មីចង់តវ៉ាអាចមានសិទ្ធិក្នុងការប្តឹងឧទ្ធរណ៍។ នេះបើយោងតាមប្រភព Ettoday។
គួររំឭកថា ចំពោះមូលហេតុដែលលោក Wang XiaoFei ព្យាយាមគេចវេះមិនព្រមបង់ថ្លៃចិញ្ចឹមកូន ដោយសារលោកលើកឡើងថា ប្រាក់ទាំងនោះអាចនឹងមិនដល់កូនតូចរបស់លោក តែអាចត្រូវម្ដាយយកទៅចាយវាយផ្ដេសផ្ដាស ឬបម្រើផលប្រយោជន៍ផ្ទាល់ខ្លួនជាមួយស្វាមីថ្មី៕
























Account
Security
Favourite Content