នៅថ្ងៃទី១៧ ខែតុលានេះ សារព័ត៌មាន Korea Herald បានរាយការណ៍ថា Baek Sehee អ្នកនិពន្ធសៀវភៅ I Want to Die but I Want to Eat Tteokbokki បានបាត់បង់ជីវិត ដោយនៅមិនទាន់បញ្ជាក់មូលហេតុច្បាស់លាស់ពីក្រោយមរណភាពនេះទេ។

ប្អូនស្រីរបស់អ្នកនិពន្ធរូបនេះបានរៀបរាប់ប្រាប់អ្នកកាសែតថា៖ “Baek Sehee ចង់សរសេរសៀវភៅ ចែករំលែកអារម្មណ៍របស់នាងជាមួយអ្នកដទៃតាមរយៈស្នាដៃរបស់គាត់ និងជំរុញឱ្យមនុស្សម្នាក់ៗមានក្តីសង្ឃឹម។ ខ្ញុំសង្ឃឹមថា ពេលនេះគាត់អាចសម្រាកបានស្ងប់សុខហើយ”។
ទន្ទឹមគ្នានេះ ទីភ្នាក់ងារបរិច្ចាគសរីរាង្គកូរ៉េ Korea Organ Donation Agency បានចេញសេចក្តីថ្លែងការណ៍ថា អ្នកនិពន្ធកើតឆ្នាំ ១៩៩០រូបនេះ បានជួយជីវិតមនុស្សចំនួន ៥នាក់ ដោយនាងបានបរិច្ចាគបេះដូង សួត ថ្លើម និងក្រលៀនទាំងសងខាងរបស់នាង។
គួរឱ្យដឹងផងដែរថា Baek Sehee ទទួលបានប្រជាប្រិយភាពតាមរយៈសៀវភៅ I Want to Die but I Want to Eat Tteokbokki ដែលជាសៀវភៅលក់ដាច់បំផុតមួយនៅក្នុងឆ្នាំ ២០១៨ ជាមួយនឹងការលក់ចេញប្រមាណ ៦សែនក្បាលនៅក្នុងប្រទេសកូរ៉េខាងត្បូង។


I Want to Die but I Want to Eat Tteokbokki ក៏បានឈានជើងចូលរោងពុម្ពអន្តរជាតិ ដោយបានបោះពុម្ពផ្សាយជាង ២៥ប្រទេស រួមទាំងចក្រភពអង់គ្លេស អាល្លឺម៉ង់ អេស្ប៉ាញ អ៊ីតាលី បែលហ្ស៊ិក និងប៉ូឡូញ ជាមួយនឹងការលក់ចេញសរុបជាង ១លានក្បាលនៅជុំវិញពិភពលោក។
សៀវភៅមួយក្បាលនេះ គឺជាកម្រងអនុស្សាវរីយ៍នៃការតស៊ូរយៈពេលជាងមួយទសវត្សរ៍របស់នាងជាមួយនឹងជំងឺបាក់ទឹកចិត្ត ដោយបានកត់ត្រាកិច្ចសន្ទនារបស់ខ្លួន ជាមួយនឹងគ្រូពេទ្យចិត្តសាស្រ្ត។
ខណៈពេលដែលកំណត់ត្រានេះបាននិយាយរៀបរាប់ពីបញ្ហាសុខភាពផ្លូវចិត្តរបស់អ្នកនិពន្ធ តែ Baek Sehee ក៏បានរំលេចនូវក្ដីសុខតិចតួចនៅក្នុងជីវិត រហូតលេចចេញជាសម្រង់សម្ដីដ៏មានអត្ថន័យ និងល្បីល្បាញមួយថា៖ “បេះដូងមនុស្ស ទោះនៅពេលដែលចង់ស្លាប់ទៅហើយ ក៏តែងតែនឹកឃ្លាន Teokbokki”៕

























Account
Security
Favourite Content