កៀកចូលវ័យ ៤៥ឆ្នាំទៅហើយ ប៉ុន្តែតារាសម្ដែងថៃ Aum Patcharapa នៅតែរក្សាតំណែងជាតួឯកស្រីលំដាប់ជួរមុខមិនរង្គើ ខណៈទាំងរូបសម្រស់ និងកេរ្តិ៍ឈ្មោះរបស់នាងមិនមានការស្រកស្រុតសូម្បីបន្តិច។


ជាក់ស្ដែងថ្មីៗនេះ ទំព័រព័ត៌មានកម្សាន្តរបស់ Thairath បានចុះផ្សាយថា Aum បានចុះកិច្ចសន្យាជាមួយប៉ុស្តិ៍លេខ ៧ ក្នុងនាម Brand Ambassador ក្នុងតម្លៃ ២០លានបាត ឬប្រមាណ ៥៦ម៉ឺនដុល្លារក្នុង ១ឆ្នាំ ដោយតួនាទីនោះគឺគ្រាន់តែបង្ហាញមុខលើប្រតិទិនរបស់ប៉ុស្តិ៍រាល់ឆ្នាំ ហើយមិនបាច់សម្ដែងរឿងភាគក៏បាន។ ហើយបើសម្ដែង មិនថារឿងភាគ ឬកម្មវិធីអ្វីផ្សេងៗ គឺនាងមានសិទ្ធិជ្រើសរើសតួប្រុស ផលិតករ និងក្រុមការងារនានាដោយខ្លួនឯង គ្រាន់តែហាមចេញមុខនៅលើប៉ុស្តិ៍ផ្សេង ទាំងកម្មវិធីផ្សាយផ្ទាល់ និងថតទុក។


មិនត្រឹមតែចំណូលពីសិល្បៈទេ តែបើផ្អែកតាមព័ត៌មានពីនាយកដ្ឋានអភិវឌ្ឍន៍អាជីវកម្មរបស់ក្រសួងពាណិជ្ជកម្មថៃ គេបានរកឃើញថា Aum Patcharapa មានឈ្មោះកាន់កាប់ក្រុមហ៊ុនធំៗចំនួន ២ ដូចខាងក្រោម៖
១. ក្រុមហ៊ុន One Star Entertainment Co., Ltd បើកអាជីវកម្មជ្រើសរើសតារាសម្ដែង តារាបង្ហាញម៉ូដ និងថតស្ប៉តពាណិជ្ជកម្ម ជាមួយនឹងលទ្ធផលប្រតិបត្តិការកាលពីឆ្នាំ ២០១៧ដល់២០២១ ទទួលបានប្រាក់ចំណូលសរុបជាង ៣១៦ លានបាត ឬ ៨,៩៥ លានុដល្លារអាមេរិក។
២. ក្រុមហ៊ុន Aurum Plus Co., Ltd. បើកអាជីវកម្មផលិតគ្រឿងក្រអូប គ្រឿងសម្អាង និងផលិតផលបន្ទប់ទឹក ជាមួយនឹងលទ្ធផលប្រតិបត្តិការកាលពីឆ្នាំ ២០១៧ដល់២០២១ ទទួលបានប្រាក់ចំណូលសរុបជាង ៣២ លានបាត ឬ ៩០ម៉ឺនដុល្លារអាមេរិក។
នេះមិនទាន់រាប់បញ្ចូលប្រាក់ចំណូលពីការសម្ដែងរឿងភាគ ភាពយន្ត ចូលរួមកម្មវិធី Event ថតពាណិជ្ជកម្ម និងភាគហ៊ុនផ្សេងទៀតនៅក្នុងអចលនទ្រព្យនោះទេ ៕




























Account
Security
Favourite Content