ចាប់តាំងពីពេលនេះតទៅ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា នឹងក្លាយជាទូតសុឆន្ទៈនៃកាយរឹទ្ធិជាតិកម្ពុជា។ នេះបើតាមការប្រកាសជូនដំណឹងលើផេកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃម្សិលមិញ។

ពិធីបំពាក់កន្សែង និងប្រកាសតារាចម្រៀងប្រចាំផលិតកម្មហង្សមាស ឱក សុគន្ធកញ្ញា ជាទូតសុឆន្ទៈនៃកាយរឹទ្ធិជាតិកម្ពុជាបានប្រព្រឹត្តិធ្វើនៅថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០២៥ នៅទីស្ដីការក្រសួង ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទ្ធិជាតិកម្ពុជា។
នាឱកាសនោះ ឯកឧត្ដមបណ្ឌិតសភាចារបានវាយតម្លៃខ្ពស់ចំពោះអ្នកនាង ឱក សុគន្ធកញ្ញា សម្រាប់ការស្ម័គ្រចិត្តទទួលយកភារកិច្ចជាទូតសុឆន្ទៈនៃកាយរឹទ្ធិជាតិកម្ពុជាដើម្បីផ្សព្វផ្សាយសកម្មភាពកាយរឹទ្ធិជាតិកម្ពុជាសំដៅលើកកម្ពស់ការអប់រំដល់យុវជនជំនាន់ក្រោយ។ ជាការឆ្លើយតបអ្នកនាង ឱក សុគន្ធកញ្ញា ក៏បានថ្លែងអំណរគុណទៅកាន់ឯកឧត្ដមបណ្ឌិតសភាចារ ព្រមទាំងក្រុមការងារកាយរិទ្ធិទាំងអស់ដែលបានផ្ដល់កិត្តិយស និងឱកាសឱ្យអ្នកនាងនិងសហការីបានចូលរួមបំពេញភារកិច្ចដើម្បីបម្រើដល់សង្គមជាតិ។

ជាចុងក្រោយ ឯកឧត្ដមបណ្ឌិតសភាចារ ឧបនាយករដ្ឋមន្ត្រី បានសម្ដែងការកោតសរសើរ និងថ្លែងអំណរគុណចំពោះទឹកចិត្តនិងការប្ដេជ្ញាចិត្តរបស់តារាចម្រៀងល្បីឈ្មោះរូបនេះ ព្រមទាំងសហការីចំពោះការស្ម័គ្រចិត្តចូលរួមការងារផ្សព្វផ្សាយដើម្បីសង្គមខ្មែរមួយនេះ៕







រូបភាព៖ក្រសួងអប់រំ/ឱក សុគន្ធកញ្ញា























































Account
Security
Favourite Content