Angelina Jolie បង្ហាញស្លាកស្នាមវះកាត់សុដន់ទាំងសងខាងជាលើកដំបូងនៅលើក្របទស្សនាវដ្តី Time France ដែលបានចេញផ្សាយកាលពីថ្ងៃទី១៥ ខែធ្នូ កន្លងទៅ ក្នុងគោលបំណងផ្ដល់កម្លាំងចិត្តដល់ស្រ្តីគ្រប់រូបនៅជុំវិញពិភពលោក។

Angelina Jolie ម្ចាស់ពានរង្វាន់អូស្ការបានបង្កឱ្យមានការភ្ញាក់ផ្អើលក្នុងចំណោមមហាជន ដោយនាងបានសម្រេចបង្ហាញស្លាកស្នាមបន្សល់ទុកពីការវះកាត់លើដើមទ្រូងទាំងសងខាង ចំនួន ២ដង ក្រោយនាងមានហានិភ័យអាចកើតជំងឺមហារីក។
ក្នុងឈុតខ្មៅមើលមកកាន់កាមេរ៉ា តារាស្រីវ័យ ៥០ឆ្នាំបានបង្ហាញទំនុកចិត្តចំពោះស្លាកស្នាមរបស់ខ្លួន បង្ហាញជានិមិត្តរូបនៃភាពរឹងមាំ និងការទទួលស្គាល់រូបរាងខ្លួនឯង។ តារាសម្ដែងហូលីវូដរូបនេះបានប្រាប់ទស្សនាវដ្ដី Time France ថា៖ “ខ្ញុំបានចែករំលែកស្លាកស្នាមទាំងនេះជាមួយស្ត្រីជាច្រើននាក់ដែលខ្ញុំស្រឡាញ់ ហើយរាល់ពេលដែលខ្ញុំឃើញស្ត្រីដទៃទៀតបង្ហាញស្លាកស្នាមរបស់ពួកគេដោយក្លាហាន ខ្ញុំតែងតែមានអារម្មណ៍ថាជ្រួលជ្រាបគ្រប់ពេល”។

រំឭកដល់ឆ្នាំ ២០១៣ Angelina Jolie ធ្លាប់បានប្រកាសជាសាធារណៈថា នាងបានវះកាត់ Double Mastectomy មុននឹងធ្វើការវះកាត់ Double Oophorectomy នៅក្នុងឆ្នាំ ២០១៥ ដោយហេតុថា នាងមានហ្សែនដែលប្រឈមនឹងជំងឺមហារីក។
ទាក់ទិននឹងបទពិសោធន៍ជាមួយនឹងជំងឺមហារីក Angelina Jolie ក៏នឹងទម្លាយនៅក្នុងភាពយន្តថ្មីចំណងជើងថា Couture ដែរ ដោយស្នាដៃរបស់អ្នកដឹកនាំភាពយន្តជនជាតិបារាំង នាង Alice Winocour រឿងនេះ គ្រោងនឹងចេញផ្សាយក្នុងប្រទេសបារាំង នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦៕
























Account
Security
Favourite Content