នៅថ្ងៃទី២១ ខែមីនា តុលាការកណ្ដាលទីក្រុងសេអ៊ូលបានប្រកាសឱ្យ NewJeans (NJZ) ផ្អាកសកម្មភាពការងារឯករាជ្យរបស់ខ្លួនជាបណ្ដោះអាសន្ន។ ដោយឡែកក្រុមចម្រៀងខេប៉ុបនារីមួយនេះ មានគម្រោងតវ៉ាទៅលើការសម្រេចរបស់តុលាការនៅគ្រានេះ។

ផ្អែកតាម Koreaboo ផ្នែករដ្ឋប្បវេណីទី ៥០ ដែលទទួលបន្ទុកនៅលើរឿងនេះ បានអនុម័តលើសំណើដីកាដែលដាក់ដោយ ADOR ប្រឆាំងទៅនឹងសមាជិកទាំង ៥ គឺ Minji, Hanni, Danielle, Haerin និង Hyein ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្សាយពាណិជ្ជកម្ម និងសកម្មភាពក្នុងវិស័យសិល្បៈផ្សេងៗទៀត។ ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ HYBE បានបញ្ជាក់ថា ខ្លួនធ្វើបែបនេះដើម្បីរក្សាឋានៈជាទីភ្នាក់ងារដែលគ្រប់គ្រងទៅលើការងាររបស់ក្រុមចម្រៀងមួយនេះ។
យ៉ាងណាមិញ ទាក់ទងនឹងជម្លោះពាក់ព័ន្ធនឹងការបញ្ជាក់ពីសុពលភាពនៃកិច្ចសន្យាផ្ដាច់មុខរវាងភាគីទាំង ២ តុលាការនឹងបើកសវការដំបូងនៅថ្ងៃទី៣ ខែមេសា ខាងមុខនេះ។

នៅក្នុងថ្ងៃតែមួយ NewJeans (NJZ) បានចេញសេចក្ដីថ្លែងការណ៍៍មួយជាការឆ្លើយតបទៅនឹងការអនុម័តខាងលើនេះ ដោយពួកនាងបានអះអាងថា ខ្លួនមានគម្រោងជំទាស់ទៅនឹងការសម្រេចរបស់តុលាការ និងបន្តប្រើប្រាស់នីតិវិធីតាមផ្លូវច្បាប់ ក៏ដូចជាត្រៀមបញ្ជូនភស្តុតាងបន្ថែមទៀតសម្រាប់ការតវ៉ាមួយនេះ។
ក្នុងសេចក្ដីថ្លែងការណ៍ដដែលនេះ ម្ចាស់បទ Super Shy ក៏បានបញ្ជាក់ផងដែរថា ដោយសារតែការសម្រេចនេះភ្លាមៗពេក និងក្រោយពីបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ សមាជិកទាំង ៥ បានសម្រេចជាឯកច្ឆន្ទថា ខ្លួននឹងនៅតែបន្តចូលរួមក្នុងកម្មវិធី Complex Con Hong Kong 2025 ដូចដើម ដោយកម្មវិធីនេះនឹងធ្វើឡើងនៅថ្ងៃទី២៣ ខែមីនានេះ ដើម្បីបង្ហាញការគោរពដល់អ្នកគាំទ្រ និងក្រុមការងារពាក់ព័ន្ធទាំងអស់។

សូមរំឭកផងដែរថា បញ្ហាខាងលើនេះបានចាប់ផ្ដើមតាំងតែពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤មកម៉្លេះ ដោយក្រុមចម្រៀងខាងលើនេះបានប្រកាសបញ្ចប់កិច្ចសន្យាផ្ដាច់មុខដោយឯកតោភាគី ជាមួយនឹងហេតុផលថា ក្រុមហ៊ុនមិនអាចបំពេញតាមសំណើរបស់ខ្លួនទៅតាមពេលកំណត់ មុននឹងសម្រេចដូរឈ្មោះពី NewJeans មកជា NJZ នៅដើមខែកុម្ភៈ ឆ្នាំ២០២៥នេះ។
បន្តមក នៅថ្ងៃទី៧ ខែមីនានេះ សមាជិកទាំង ៥នាក់ និង ADOR បានមកជួបតទល់គ្នានៅមុខតុលាការម្ដងរួចមកហើយ ដោយភាគីម្ខាងៗបានផ្ដល់ចម្លើយ និងអំណះអំណាងរៀងៗខ្លួន៕























Account
Security
Favourite Content