បើទោះជាការចាក់ផ្សាយវគ្គទី ២ របស់រឿង “Glory” បានបញ្ចប់ទៅហើយក្ដីកាលពីដើមខែ មីនា ឆ្នាំ ២០២៣ ប៉ុន្ដែរឿងភាគមួយនេះនៅតែជាប្រធានបទក្ដៅត្រូវគេយកមកពិភាក្សា និងមានភាពល្បីល្បាញខ្លាំង។ តារាសម្ដែងគ្រប់រូបសុទ្ធតែទទួលបានការចាប់អារម្មណ៍ខ្លាំង និងត្រូវបានគេសរសើរថាប៉ិនសម្ដែងទាំងតួចិត្តអាក្រក់ តួចិត្តល្អ តួកាចឆ្នាស់ឆ្នើមជាដើម។

ក្រឡេកមកមើលតារាស្រី Shin Ye Eun ក៏ត្រូវបានមហាជនចាប់អារម្មណ៍ខ្លាំង ដោយនាងសម្ដែងជាតួអង្គ Park YeonJin កាលនៅពីវ័យក្មេង។ តួអង្គនេះ ជាតួអង្គសំខាន់មួយដែលរូបនាងបានធ្វើបាបតួឯកស្រីយ៉ាងសាហាវដែលធ្វើឱ្យអ្នកទស្សនាព្រឺរក្បាលគ្រប់ៗ គ្នា។ ជាពិសេស ឈុតឆាកដែលនាងយកប្រដាប់កៀបសក់ទៅអ៊ុតលើដៃរបស់តួឯកស្រី ការសម្ដែងពិតជាមិនសរសើរមិនបានតែម្ដង។ មិនតែប៉ុណ្ណោះ មហាជនជាច្រើនក៏បានលើកឡើងថា ទឹកមុខរបស់នាងពេលសម្ដែងចូលតួខ្លាំងពិតជាគួរឱ្យខ្លាច និងមើលទៅដូចមនុស្សរោគចិត្តអ៊ីចឹង។
ថ្វីបើទទួលបានការគាំទ្រច្រើនទាក់ទិននឹងសមត្ថភាពសម្ដែងពិតមែន ប៉ុន្ដែតារាស្រី Shin Ye Eun ក៏ទទួលសម្ពាធ និងមានអារម្មណ៍ខ្មៅដក់ជាប់ចិត្ដយ៉ាងខ្លាំងផងដែរ។ កំឡុងពេលបង្ហាញខ្លួនក្នុងកម្មវិធី “The Manager” នាងបានលើកឡើងថា សម្ដែងតួមួយនេះហើយធ្វើឱ្យនាងមានអារម្មណ៍ស្រ្ដេសខ្លាំង។
ចាប់តាំងពីសម្ដែងរឿង “Glory” ហើយ នាងចាប់ផ្ដើមមានបញ្ហាគេងមិនលក់ លុះត្រាតែស្ដាប់ភ្លេងមួយចំនួនទើបអាចគេងបាន។ នៅពេលដែលគេងលក់ នាងតែងយល់សប្ដិអាក្រក់ និងមានអារម្មណ៍រសាប់រសល់។ ឈុតឆាកសម្ដែងទាំងនោះវានៅដក់ក្នុងចិត្តរបស់នាងខ្លាំង និងធ្វើឱ្យខ្លួនមានអារម្មណ៍ថា ពិតជាអាក្រក់ខ្លាំងដែលធ្វើបែបនេះចំពោះអ្នកដទៃ។
នាងបន្ថែមថា បើទោះមានការគាំទ្រទាក់ទិននឹងថ្វីដៃសម្ដែង ប៉ុន្ដែក៏មានអ្នកខ្លះបែងចែកមិនច្បាស់ពីជីវិតពិត និងការសម្ដែងរហូតបញ្ចេញមតិអាក្រក់ៗ ជាច្រើនមកលើនាង។ វាពិតជាធ្វើឱ្យនាងមានអារម្មណ៍ភ័យខ្លាចខ្លាំង។
គួរបញ្ជាក់ថា តារាស្រី Shin Ye Eun បានបង្ហាញខ្លួនក្នុងរឿងភាគប្រមាណ ៩ រឿងមកហើយ ដោយស្នាដៃដែលនាងទទួលបានការចាប់អារម្មណ៍ខ្លាំងគឺ More Than Friend និង The Glory តែម្ដង៕

























































Account
Security
Favourite Content