បកត្រឡប់ទៅកាលពីឆ្នាំ ២០០៥ ភាពយន្ដ The Myth ដែលសម្ដែងដោយលោក ឈិន ឡុង និងតារាសម្ដែងកូរ៉េស្រី Kim HeeSun ពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំង។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រមិនអស់ចិត្តនោះ ចុងបញ្ចប់នៃរឿង អ្នកទាំងពីរមិនបានជួបគ្នាឡើយធ្វើឱ្យមហាជនជាច្រើនតែងចង់ឱ្យតារាប្រុសស្រីមួយគូនេះសម្ដែងរឿងរួមគ្នាម្ដងទៀត។


រឿង The Myth វគ្គ ២ ត្រូវបានរាយការណ៍ថាកំពុងផលិត និងមានការចូលរួមសម្ដែងពីតារាជំនាន់ក្រោយមានទេពកោសល្យជាច្រើន ដោយ ឈិន ឡុង នៅតែជាតួសំខាន់ក្នុងរឿងមួយនេះដដែល។ ជាមួយគ្នាវត្ដមានរបស់តារាស្រី Kim HeeSun រំពឹងថានឹងមានក្នុងរឿងនេះ ដោយវាជាការស្នើរសុំរបស់ ឈិន ឡុង និងអ្នកដឹកនាំរឿងលោក Stanley Tong តែម្ដង។


បើតាមប្រភពផ្ទៃក្នុងអ្នកដឹកនាំរឿងលោក Stanley Tong បានជួបពិភាក្សាជាមួយតារាស្រី Kim HeeSun រួចរាល់ហើយ អំឡុងពេលធ្វើដំណើរទៅប្រទេសកូរ៉េខាងត្បូងទៅចូលរួមកម្មវិធី East Asia Future Forum។ តែទោះជាយ៉ាងណា គេមិនទាន់ដឹងនៅឡើយថា តារាសម្ដែងស្រី Kim HeeSun នឹងមកសម្ដែងជាតួអ្វីឱ្យពិតប្រាកដ។ ប៉ុន្ដែវត្ដមានរបស់តារាស្រី Kim HeeSun នៅក្នុងរឿង The Myth វគ្គ ២ គ្រប់គ្រាន់ធ្វើឱ្យមហាជនរីករាយ និងរង់ចាំទស្សនាភាពយន្ដកុនមួយនេះ។


គួរបញ្ជាក់ថា The Myth ជាភាពយន្ដកុនបែបមនោសញ្ចេតនា អាថ៍កំបាំង និងអភិនីហារ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងក្នុងឆ្នាំ ២០០៥។ រឿងនេះអាចរកចំណូលបានរហូតដល់ ១២០ លានដុល្លារអាមេរិក និងត្រូវបានគេចាត់ទុកថាជារឿងមានគុណភាពខ្លាំងមួយ៕























Account
Security
Favourite Content