កម្មវិធីបង្ហាញម៉ូដរបស់យីហោ Victoria’s Secret តែងតែជាកម្មវិធីដែលអនុញ្ញាតឱ្យអ្នកបង្ហាញម៉ូដស្រីអាចបង្ហាញភាពជឿជាក់ ថាមពលរបស់ស្រ្តី និងជាពិសេសគឺរូបសម្រស់ក៏លេចធ្លោ ជូនទៅកាន់ទស្សនិកជន។ ក៏ប៉ុន្តែប៉ុន្មានឆ្នាំមកនេះ កម្មវិធីបង្ហាញម៉ូដ Victoria’s Secret ក៏កាន់តែពិសេសបន្ថែមទៀត ខណៈដែលអ្នកម្ដាយចំនួន ៦រូបបានដើរបង្អួតសម្រស់នៅលើវេទិកានេះ ទាំងដែលកំពុងតែពពោះកូនក្នុងផ្ទៃ។
១. Heidi Klum

ចាប់ផ្ដើមនៅឆ្នាំ ២០០៣ Heidi Klum ប្រហែលជាអ្នកបង្ហាញម៉ូដរូបដំបូងដែលបានបោះជំហានបង្អួតសម្រស់ទាំងដែលកំពុងពពោះ។ នៅគ្រានោះ នាងបានដើរបង្ហាញម៉ូដឈុតគ្រឿងក្នុងដ៏ប្រណិត The Very Sexy Fantasy Bra ជាមួយនឹងកូនស្រីដំបូងរបស់នាង គឺ Leni។
ក្រោយមកតារាបង្ហាញម៉ូដសញ្ជាតិអាល្លឺម៉ង់រូបនេះ បានទម្លាយអាថ៌កំបាំងនៅលើគណនី Instagram ថា៖ “ខ្ញុំមិនបានដើរនៅលើវេទិកានេះតែម្នាក់ឯងទេ… ខ្ញុំអាចសង្កេតឃើញអ្នកធាក់ខ្ញុំនៅពេលអ្នកអាយុ ៤ខែ Leni”។
២. Alessandra Ambrosio

រំលងទៅជិត ១០ឆ្នាំ ពោលគឺនៅក្នុងឆ្នាំ ២០១១ ទើបមានតារាស្រីមួយរូបទៀតបាននាំកូនក្នុងផ្ទៃមកដើរួមគ្នានៅលើវេទិកា Victoria’s Secret។ ជាក់ស្ដែង Alessandra Ambrosio នៅគ្រានោះនាងបានពពោះកូនប្រុស Noah នៅអាយុ ៤ខែ ខណៈដែលនាងត្រូវស្ពាយស្លាបទេពធីតាទម្ងន់ដល់ទៅ ៣០ផោន ឬប្រមាណ ១៣.៦គីឡូក្រាមក្នុងពេលតែមួយផង។
តារាបង្ហាញម៉ូដជនជាតិប្រេស៊ីលរូបនេះ ធ្លាប់បានចែករំលែកថា ពេលនេះនាងគិតថា នាងប្រហែលជាស្លៀកឈុតដែលខ្លួនត្រូវដើរបង្ហាញមិនសមទេ តែនាងនៅតែតាំងចិត្តធ្វើការងារមួយនេះ។ យ៉ាងណាមិញ លទ្ធផលក៏ចេញមកល្អមិនក្បត់ការតាំងចិត្តរបស់នាងទេ ព្រោះទស្សនិកជនមិនបានសង្កេតដឹងទេថា Alessandra Ambrosio កំពុងតែពពោះនៅគ្រានោះ។
៣. Lily Aldridge

នៅឆ្នាំដដែលនេះ Lily Aldridge ក៏បានដើរបង្ហាញម៉ូដជាមួយនឹងកូនក្នុងផ្ទៃវ័យ ៣ខែដែរ។ ជាក់ស្ដែងនៅពេលនោះ អ្នកច្នៃម៉ូដបានផ្ដល់សម្លៀកបំពាក់ដែលមានការបិទបាំងពោះរបស់នាងខ្លះ តែតារាស្រីនៅតែអាចបង្ហាញភាពលេចធ្លោរបស់ខ្លួនបាន។
ក្រោយមក តារាបង្ហាញម៉ូដអាមេរិកាំងរូបនេះ បានរៀបរាប់ថា ហេតុការណ៍ពិសេសកាលពីឆ្នាំ២០១១ បានធ្វើឱ្យនាងកាន់តែជឿជាក់ជាងមុន ខណៈដែលឆ្នាំ ២០១៨ នាងបានសម្រេចចិត្តដើរបង្ហាញម៉ូដទាំងកំពុងមានផ្ទៃពោះដោយបើកចំហ។
៤. Doutzen Kroes

មកដល់ឆ្នាំ ២០១៣ Doutzen Kroes ដែលមានផ្ទៃពោះបាន ២ខែ បានបោះជំហានពេញដោយទំនុកចិត្តនៅលើឆាក Victoria’s Secret ដោយឥតមាននរណាដឹង។ ជាក់ស្ដែង តារាស្រីខ្លួនឯងក៏ទើបតែទទួលបានដំណឹងនៃកូនទី ២នេះ មិនយូរប៉ុន្មាន មុនដល់ពេលដែលនាងត្រូវដើរបង្អួតសម្រស់ដូចគ្នា។
ត្រឡប់ទៅគ្រានោះវិញ តារាបង្ហាញម៉ូដជនជាតិហូឡង់រូបនេះ គឺជានិមិត្តសញ្ញានៃភាពអស្ចារ្យរបស់អ្នកម្ដាយមួយរូប ព្រោះក្រោយពីសម្រាលកូនមិនបានប៉ុន្មានខែផង នាងបានត្រឡប់មកកាន់ឆាក Victoria’s Secret ជាថ្មី ជាមួយនឹងភាពជឿជាក់ដូចដើម។
៥. Irina Shayk

នៅក្នុងឆ្នាំ ២០១៦ Irina Shayk គឺជាតារាស្រីដំបូងគេដែលបានដើរបង្ហាញម៉ូដ ទាំងដែលនាងចាប់ផ្ដើមមានក្បាលពោះល្មមអាចសង្កេតបានថា នាងកំពុងតែមានទម្ងន់។ ដ្បិតគ្រានោះ នាងមិនបានប្រកាសជាផ្លូវការ និងបានពាក់អាវរំយោលត្បូងគ្របពីលើពោះក៏ពិតមែន តែក្រោយមក តារាម៉ូដែលជនជាតិរុស្សីរូបនេះ បាននិយាយបែបលេងសើចថា Lea កូនស្រីដែលកាលនោះស្ថិតនៅក្នុងផ្ទៃវ័យ ៥ខែនៅឡើយ បានដើរបង្ហាញម៉ូដជាមួយនាងរួចមកហើយ។
៦. Jasmine Tookes

និយាយពីកម្មវិធីប្រចាំ ២០២៥ ដែលទើបតែបញ្ចប់ទៅកាលពីពេលថ្មីៗនេះ Jasmine Tookes បានពពោះកូនវ័យ ៩ខែ ឡើងដើរបង្ហាញម៉ូដជាមួយនឹងសំឡេងសាទរពីទស្សនិកជន។ ការបង្ហាញវត្តមានរបស់ Jasmine Tookes នៅគ្រានេះ បានផ្លាស់ប្ដូរនិយមន័យថ្មីឱ្យកម្មវិធីបង្ហាញម៉ូដ Victoria’s Secret ថា វេទិកានេះមិនមែនជាវេទិកាសម្រាប់តែអ្នកបង្ហាញម៉ូដដែលល្អឥតខ្ចោះទេ តែគឺជាវេទិកាសម្រាប់អ្នកដែលជឿជាក់លើខ្លួនឯង ដោយឥតខ្លាចនឹងទទួលយកការពិត។
អ្នកម្ដាយទាំង ៦រូបនេះ បានផ្ដាស់ប្ដូរឆាកបង្ហាញម៉ូដ ទៅជាឆាកនៃភាពជឿជាក់ រឹងមាំ និងភាពស្រស់ស្អាត់គ្រប់ទម្រង់។ ស្រ្តីទាំងនេះបានបញ្ជាក់ថា ការពពោះមិនមែនជាឧបសគ្គចូលមកផ្អាកមហិច្ឆតា និងភាពស្រស់ស្អាតរបស់ស្រ្តីនោះទេ តែគឺជាភាពអស្ចារ្យដែលស្ត្រីនៅតែអាចជឿជាក់ និងសម្រេចបំណងរបស់ខ្លួនបាន៕

























Account
Security
Favourite Content