ក្រោយបញ្ចប់បេសកកម្មនៅប្រទេសបារាំងក្នុងការសម្ដែងបិទព្រឹត្តិការណ៍អូឡាំពិករដូវក្ដៅឆ្នាំ ២០២៤ មុននេះបន្តិចតារាចម្រៀងរ៉េប វណ្ណដា បានមកដល់មាតុភូមិកំណើតវិញហើយ។ ជាមួយការវិលត្រឡប់នេះដែរ តារារ៉េបដ៏ល្បីទទួលបានការស្វាគមន៍ពីសំណាក់ថ្នាក់ដឹកនាំ និងហ្វេនរបស់លោកផងដែរ។

នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២៤ កំពូលតារារ៉េប វណ្ណដា បានវិលត្រឡប់មកប្រទេសកម្ពុជាវិញហើយ ក្រោយចូលរួមការសម្ដែងក្នុងពិធីបិទកីឡាអូឡាំពិកនៅប្រទេសបារាំងកាលពីថ្ងៃអាទិត្យ ទី១១ ខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ។
នៅក្នុងដំណើរនៃការវិលត្រឡប់របស់កំពូលតារារ៉េបរូបនេះក៏មានការរងចាំទទួលស្វាគមន៍ពីខាងផលិតកម្មបារមីដឹកនាំផ្ទាល់ដោយ ឡូរ៉ា ម៉ម និងក្រុមការងារ ក៏ដូចជាឯកឧត្ដមបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អមដំណើរដោយឯកឧត្ដមអគ្គលេខាធិការ វ៉ាត់ ចំរើន ជាពិសេសអ្នកមានគុណទាំងពីររបស់ វណ្ណដា ក៏បានរង់ចាំស្វាគមន៍កាលវិលត្រឡប់របស់ម្ចាស់បទ «BaBy MaMa» ផងដែរ។
គ្រាន់តែមកដល់ភ្លាម វណ្ណដា បានជម្រាបឱ្យដឹងខ្លះៗ ទាក់ទងទៅនឹងការចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិកនៅបារាំង ជាពិសេសការជ្រើសរើសបទ `Time To Rise~ ដើម្បីយកទៅសម្ដែងបិទព្រឹត្តិការណ៍អូឡាំពិក ដែលចម្រៀងបទនេះលោកចង់ឧទ្ទិសទៅដល់ព្រឹទ្ធាចារ្យវោហារ គង់ ណៃ ដែលនេះជាស្នាដៃចុងក្រោយរវាងលោកតា និង វណ្ណដា។ ឆ្លើយតបជាមួយអ្នកសារព័ត៌មានជាច្រើនពីសំណួរទាក់ទងការងារថ្មីៗ វណ្ណដា ក៏ឆ្លៀតបង្ហើបប្រាប់ផងដែរថា លោកអាចនឹងមានអ្វីថ្មីបន្ថែមទៀតសម្រាប់ surprise ហ្វេនៗ តែហ្វេនត្រូវរង់ចាំមើលផ្ទាល់។




នៅមិនទាន់ដឹងនោះទេថាជាអ្វី? ប៉ុន្តែតារារ៉េបរូបនេះក៏មិនដែលធ្វើឱ្យបណ្ដាអ្នកគាំទ្ររបស់លោកខកចិត្តម្ដងណាឡើយ ជាក់ស្ដែងដូចរឿងដែលលោកចូលរួមសម្ដែងក្នុងពិធីបិទព្រឹត្តិការណ៍អូឡាំពិកនៅប្រទេសបារាំងកាលពីពេលកន្លងទៅថ្មីនេះ ក៏ វណ្ណដា បង្ហើបមុនដែរ៕ រូបភាព៖ Team Cambodia























Account
Security
Favourite Content