លោក Shek Sau ជាតារាសម្ដែងហុងកុងជើងចាស់ម្នាក់ ដែលត្រូវបានមហាជនជាច្រើនស្គាល់តាមរយៈការសម្ដែងរឿងឲ្យស្ថានីយទូរទស្សន៍ TVB។ លោកចាប់ផ្ដើមអាជីពសិល្បៈតាំងពីនៅវ័យក្មេង និងទទួលបានការគាំទ្រយ៉ាងខ្លាំង។ មិនត្រឹមមានទេពកោសល្យ លោកក៏ត្រូវគេចាត់ទុកជាតារាសម្ដែងហុងកុងមានរូបរាងសង្ហាម្នាក់ បើទោះជាបច្ចុប្បន្នមានវ័យជាង ៧៦ ឆ្នាំទៅហើយ។

លោកជាតារាសម្ដែងប្រុសម្នាក់ដែលស្រឡាញ់ និងមើលថែទាំសុខភាពខ្លាំង។ ជាប្រចាំលោកតែងហាត់ប្រាណ និងហូបអាហារដែលជួយសុខភាព។ លោកជាបុគ្គលមិនចូលចិត្ដពិសារស្រា និងជក់បារី ឡើយ ដូច្នេះទើបសុខភាពរបស់លោកនៅមាំទាំខ្លាំង ហើយរូបរាងវិញក៏នៅក្មេងជាងវ័យ។
ថ្មីៗ នេះ លោកបានទម្លាយ ពីស្ថានភាពសុខភាពរបស់លោក គឺនៅតែល្អមិនសូវជាមានបញ្ហាធ្ងន់ធ្ងរ តែលោកបានបណ្ដោយឲ្យខ្លួនមានជំងឺទាក់ទិននឹងត្រចៀក ដោយសារទម្លាប់ប្រចាំថ្ងៃរបស់លោក។ តារាប្រុស Shek Sau បានលើកឡើងថា មួយរយៈចុងក្រោយ លោកមានបញ្ហាក្នុងការស្ដាប់យ៉ាងខ្លាំង ដោយលោកស្ដាប់លែងសូវច្បាស់ និងពិបាកក្នុងការធ្វើការ។ ក្រោយពីជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ បានឲ្យដឹងថា លោកបាត់បង់សមត្ថភាពក្នុងការស្ដាប់អស់ ៤០ ភាគរយ ទៅហើយ។ ចំពោះមូលហេតុវិញគឺមកពីលោកស្ដាប់កាសច្រើនពេក ហើយស្ដាប់ម្ដងៗ យូររាប់ម៉ោង ហើយមួយវិញទៀតការចូលចិត្ដលេងវាយស្គរ និង Saxophone។ លោកស្ទើរតែកើតជំងឺថ្លង់ ព្រោះការធ្វេសប្រហែសមិនបានចាប់អារម្មណ៍ពីទម្លាប់ទាំងនេះ។



យ៉ាងណាមិញ បន្ទាប់ពីទទួលបានការណែនាំ និងព្យាបាល ស្ថានភាពសុខភាពត្រចៀករបស់លោកក៏ប្រែមកជាប្រសើរឡើងវិញ និងអាចបន្ដធ្វើការបាន។ ដូច្នេះលោកសូមដាស់តឿនដល់អ្នកចូលចិត្ដប្រើកាសត្រចៀក កុំស្ដាប់យូរម៉ោងពេក ជាពិសេសត្រូវគិតឲ្យច្បាស់មុនតម្លើងសំឡេងឲ្យខ្លាំង ចៀសវាងជួបបញ្ហាលំបាកដូចលោក៕

























Account
Security
Favourite Content