ឌូបៃគឺជាទីក្រុង ដ៏ល្បីនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម និងត្រូវបានគេស្គាល់ដែរថាជាទីក្រុងលំដាប់សេដ្ឋី ល្បីល្បាញសម្រាប់ការដើរទិញអីវ៉ាន់ប្រណីត ស្ថាបត្យកម្មទំនើបទាន់សម័យ និងទិដ្ឋភាពជីវិតពេលរាត្រីដ៏រស់រវើក។ ក៏ប៉ុន្តែបើទោះបីជាមានភាពរីកចម្រើនខ្លាំងក៏ដោយ ប៉ុន្តែទីក្រុងនេះក៏មានចំណុចអវិជ្ជមានដែរ។ ខាងក្រោមនេះជាចំណុចអវិជ្ជមាន ១០ យ៉ាងរបស់ទីក្រុងឌូបៃ ដែលអ្នកប្រហែលជាមិនបានដឹង។
១. សត្វចិញ្ចឹមរបស់មហាសេដ្ឋី


មហាសេដ្ឋីនៅឌូបៃជាច្រើននិយមចិញ្ចឹមសត្វដែលមនុស្សធម្មតាមិនអាចចិញ្ចឹមបានដែលភាគច្រើនជាសត្វព្រៃដូចជា តោ និងខ្លា។ ការចិញ្ចឹមសត្វបែបនេះ ធ្វើឱ្យពួកគេឡួយឆាយ និងមានអំណាច។ ផ្ទុយទៅវិញ ក៏មានមនុស្សជាច្រើនមិនយល់ស្របដែរ។ គេគិតថាសត្វព្រៃទាំងនេះគួរតែរស់នៅក្នុងព្រៃ មិនមែនដាក់ក្នុងទ្រុងបែបនេះទេ ព្រោះវាមិនខុសពីការធ្វើទារុណកម្មសត្វឱ្យរស់នៅខុសពីធម្មជាតិរបស់វា។
២. ហាមថើបគ្នានៅទីសាធារណៈ

ភាគច្រើននៃប្រជាជនឌូបៃ គឺជាអ្នកកាន់សាសនាឥស្លាម ដូច្នេះហើយ រាល់ច្បាប់ និងបទប្បញ្ញត្តិទាំងអស់គឺផ្អែកលើផ្នត់គំនិត និងជំនឿ។ ជាឧទាហរណ៍ ការបង្ហាញសេចក្ដីស្រលាញ់ ត្រូវតែមានភាពសមរម្យ។ គេក៏ឃើញជារឿយៗ ដែលគូស្នេហ៍ទេសចរណ៍ថើបគ្នានៅទីសាធារណៈ រួចត្រូវជាប់ពន្ធនាគារ ឬពិន័យជាប្រាក់។
៣. គ្រោះថ្នាក់ចរាចរណ៍

មហាសេដ្ឋីនៅទីក្រុងឌូបៃមានទ្រព្យសម្បត្តិច្រើន ជិះរថយន្តទំនើបៗ។ នៅលើដងវិថី មានរថយន្តទំនើបជាច្រើនបើកបរក្នុងល្បឿនលឿន ដែលបង្កគ្រោះថ្នាក់ជាញឹកញាប់ ទាំងរបួសស្រាល របួសធ្ងន់ និងបាត់បង់ជីវិត។ ការិយាល័យចរាចរណ៍ និងដឹកជញ្ជូនទីក្រុងឌូបៃ បានបង្ហាញទិន្នន័យសម្រាប់ឆ្នាំ ២០១៩ ដែលមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១,៣៦០ លើក ស្លាប់ ១៣២ នាក់ និង ១៥៤ នាក់រងរបួសធ្ងន់ធ្ងរ។ មូលហេតុភាគច្រើនគឺការបើកបរខ្វះវិន័យ អ្នកបើកបរអាយុចន្លោះពី ១៨ ដល់ ៣៥ឆ្នាំ។ វាហាក់ដូចជាចំនួនមិនច្រើន តែឌូបៃមានផ្ទៃដីត្រឹមតែ ៤,១១៤ គីឡូម៉ែត្រការ៉េ មានប្រជាជនចំនួន ២៩៨,០០០ ប៉ុណ្ណោះ។
៤. ការខ្ជះខ្ជាយទឹកស្អាត

ទីក្រុងឌូបៃស្ថិតនៅវាលខ្សាច់អារ៉ាប់ ជាតំបន់ក្ដៅខ្លាំង ខែខ្លះសីតុណ្ហភាពអាចឡើងដល់ ៤០ អង្សាសេ ហើយទឹកគឺជាតម្រូវការចាំបាច់។ នៅទីក្រុងនេះមានប្រព័ន្ធបូមទឹកសមុទ្រដើម្បីបម្លែងជាទឹកសាប។ ប៉ុន្តែមិនគ្រប់គ្រាន់ទេ ព្រោះទាំងរាជរដ្ឋាភិបាល និងអាជីវកម្មប្រើទឹកស្អាតដែលអាចផឹកបានសម្រាប់ការតុបតែង។ ជាក់ស្តែង ទឹកសាបជាង ៤ លានហ្គាឡុងក្នុងមួយថ្ងៃត្រូវបានប្រើក្នុងការថែទាំទីលានវាយកូនហ្គោលដ៏ប្រណិតសម្រាប់ស្រោចស្មៅឱ្យមានពណ៌បៃតងខ្ចីគ្រប់ពេល ឬចាក់បំពេញស្រះដើម្បីសោភ័ណភាព។
៥. ពេស្យាចារ

ពេស្យាចារនៅឌូបៃចាត់ទុកជារឿងខុសច្បាប់ នឹងមានការផាកពិន័យអ្នកដែលពាក់ព័ន្ធទាំងអស់ឱ្យជាប់ពន្ធនាគារ ឬពិន័យជាប្រាក់។ ប្រសិនបើពេស្យាចារជាជនជាតិបរទេស បន្ថែមពីការផាកពិន័យជារឿយៗនឹងត្រូវបាននិរទេសចេញពីអារ៉ាប់រួមផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងឌូបៃក៏ជាកន្លែងជួញដូរពេស្យាចារដ៏សកម្មផងដែរ។ គេហទំព័រ tourism.com បានរាយការណ៍ក្នុងឆ្នាំ ២០២១ ថាមានមនុស្សប្រមាណ ៤៥០០០ នាក់ត្រូវបានចាញ់បោកគេក្លាយទៅជាពេស្យាចារ។ ពួកគេត្រូវបានដកហូតលិខិតឆ្លងដែន និងចាប់បង្ខំឱ្យលក់សេវាកម្មផ្លូវភេទ។
៦. ការរើសអើងពូជសាសន៍

បើទោះបីបច្ចុប្បន្នទូទាំងពិភពលោកកំពុងព្យាយាមលើកតម្កើងភាពស្មើគ្នាសម្រាប់មនុស្សជាតិ ប៉ុន្តែនៅប្រទេសជាច្រើននៅតែមានការរើសអើងពូជសាសន៍ និងភេទដដែល។ ជាក់ស្តែងការរើសអើងពូជសាសន៍នៅឌូបៃ ទាក់ទងនឹងប្រាក់ឈ្នួល។ ប្រសិនបើពួកគេមកពីទ្វីបអឺរ៉ុប ឬ អាមេរិកខាងជើងនឹងទទួលបានប្រាក់ឈ្នួលខ្ពស់គួរសម។ នៅក្នុងក្រុមហ៊ុនតែមួយ មុខតំណែងដូចគ្នា បើជាជនជាតិបរទេសមកពីប្រទេសទីបី នឹងទទួលបានប្រាក់ខែតិចជាងពាក់កណ្ដាល និងមានការគៀបសង្កត់ជាច្រើនផងដែរ។ លើសពីនេះ បើអ្នកធ្វើការជាស្ត្រីនឹងទទួលបានប្រាក់ខែតិចជាងបុរស ព្រមទាំងទទួលបានសិទ្ធ និងភាពមិនស្មើគ្នាជាច្រើនចំណុច។ យ៉ាងណាមិញ ប្រជាជនឌូបៃមិនអើពើនឹងរឿងនេះរហូតក្លាយជារឿងធម្មតាទៅហើយ។
៧. ពលកម្មទាសករ

នៅទីក្រុងឌូបៃមានភាពរីកចម្រើនខ្លាំង មិនថាផ្ទះ អគារ និងគម្រោងផ្សេងៗ ប៉ុន្តែនៅពីក្រោយភាពស្តុកស្តម្ភនេះគឺជាភាពខ្មៅងងឹត។ ការដ្ឋានជាច្រើនប្រើកម្លាំងពលកម្មយ៉ាងឃោរឃៅ ភាគច្រើននៃកម្មករទាំងនេះមកពីប្រទេសឥណ្ឌា ប៉ាគីស្ថាន និងចិន។ កម្មករទាំងនោះខ្លះបានដឹងខ្លួនជាមុនថាមកធ្វើជាកម្មករសំណង់ តែខ្លះទៀតចាញ់បោកគេព្រោះល្ងង់។ មានការដ្ឋានដ៏ឃោរឃៅជាច្រើនដែលតម្រូវឱ្យកម្មករធ្វើការ ២៤ ម៉ោងក្នុងមួយថ្ងៃ ដោយមិនគិតពីលក្ខខណ្ឌការងារ ទោះសីតុណ្ហភាពឡើងដល់ ៤០ អង្សាសេក៏ដោយ។ ពួកគេទទួលបានប្រាក់ឈ្នួលទាប អាហារមិនគ្រប់គ្រាន់ ឬកន្លែងស្នាក់នៅមានតែបង្គន់ ១ សម្រាប់កម្មករ ១០០ នាក់។ មូលហេតុដែលពួកគេមិនត្រឡប់ទៅប្រទេសខ្លួនវិញ ដោយសារតែត្រូវបានដកហូតលិខិតឆ្លងដែន និងរងការគម្រាមកំហែង។
៨. ច្បាប់មិនជ្រោមជ្រែងអ្នកអត់លុយ

ចំពោះអ្នកមានជីវភាពក្រីក្រនៅទីក្រុងឌូបៃ ពិតជាពិបាកណាស់ក្នុងការតស៊ូតាមផ្លូវច្បាប់។ ជាពិសេសពេលមានរឿងរ៉ាវកើតឡើងលើពលករបរទេស អាចជាប់ពន្ធនាគារ ឬពិន័យជាប្រាក់។ សម្រាប់អ្នកមាន លុយកាក់មិនមែនជាបញ្ហាទេ ប៉ុន្តែសម្រាប់អ្នកក្រវិញ ពួកគេគ្មានលទ្ធភាពបង់ការផាកពិន័យ ដូច្នេះត្រូវដាក់គុក។ ចំពោះអ្នកឋានៈមធ្យមវិញ បើគ្មានលុយបង់គេទេ នឹងត្រូវរឹបអូសទ្រព្យសម្បត្តិ បាត់បង់ផ្ទះសម្បែង។ ចំពោះក្រុមហ៊ុន ឬហាងផ្សេងៗ បើប្រព្រឹត្តិខុស នឹងត្រូវផាកពិន័យហើយបើគ្មានលុយបង់ទេនោះ ក៏មានវាសនាដូចគ្នាដែរ។
៩. រដ្ឋាភិបាលបើកឱកាសឱ្យបំផ្លាញធម្មជាតិ

ទីក្រុងឌូបៃកំពុងអភិវឌ្ឍយ៉ាងលឿន មិនថាគម្រោង ឬអគារនានាត្រូវបានសាងសង់យ៉ាងឆាប់រហ័ស។ រដ្ឋាភិបាលអនុញ្ញាតឱ្យប្រជាជនបំផ្លាញធម្មជាតិ និងបរិស្ថានដើម្បីអភិវឌ្ឍន៍ ដែលធ្វើឱ្យមានកាកសំណល់ជាច្រើន ទឹកស្អុយ និងសារធាតុគីមី។ ទោះបីជាមានរោងចក្រកែច្នៃសំរាមក៏ដោយ ក៏វាមិនអាចផ្ទុកកាកសំណល់ដ៏ច្រើននេះបានទេ។ អ្នកបរិស្ថានបានរិះគន់ថាប្រសិនបើសកម្មភាពនេះនៅតែបន្ត នោះទីក្រុងឌូបៃនឹងមិនមែនជាកន្លែងសម្រាប់រស់នៅទៀតទេ។
១០. អំណាចផ្ដាច់ការ

ទីក្រុងឌូបៃជារដ្ឋមួយក្នុងចំណោមរដ្ឋទាំង ៧ នៃប្រទេសអារ៉ាប់រួមដែលប្រកាន់របបរាជាធិបតេយ្យសហព័ន្ធផ្តាច់ការ។ ក្នុងការអនុវត្តជាក់ស្ដែង វាស្ទើរតែមិនខុសពីរបបផ្ដាច់ការឡើយ។ អំណាចធ្វើសេចក្ដីសម្រេចទាំងស្រុងស្ថិតលើលោក Mohammed Bin Rashid Al Moktoun ដែលកាន់តំណែងជាអនុប្រធានាធិបតី និងជានាយករដ្ឋមន្ត្រីនៃប្រទេសអារ៉ាប់រួម គ្រប់គ្រងក្រសួងការពារជាតិ និងគ្រប់គ្រងទីក្រុងឌូបៃទាំងមូល។ ដូច្នេះហើយការសម្រេចចិត្តរបស់គាត់គឺខ្ពស់បំផុត មិនថានៅក្នុងលក្ខខណ្ឌកសាងភាពរុងរឿង ការអភិវឌ្ឍន៍ ឬរឿងខ្មៅងងឹត សុទ្ធតែមានគាត់នៅពីក្រោយ។ គាត់គឺជាមនុស្សម្នាក់ដែលគ្រប់គ្រងលំហូរលុយទាំងអស់ក្នុងឌូបៃ ជាហេតុធ្វើឱ្យគាត់កាន់តែមានអំណាច និងកិត្យានុភាពបន្ថែមទៀត៕























































Account
Security
Favourite Content