កាលពីថ្ងៃពុធ ទី០១ មីនា កន្លងទៅនេះ ក្រុមហ៊ុនបណ្ដាញសង្គមយក្សរបស់ចិន TikTok បានប្រកាសឲ្យដឹងថា ខ្លួនបានសម្រេចអនុវត្តមុខងារ កំណត់ពេលវេលាប្រើប្រាស់ត្រឹម ៦០នាទីដោយស្វ័យប្រវត្តិសម្រាប់ក្មេងជំទង់ទាំងអស់អាយុក្រោយ ១៨ឆ្នាំ។

នៅពេលដល់រយៈកំណត់ គណនីក្មេងជំទង់ក្រោយ ១៨ឆ្នាំនឹងត្រូវផ្អាកដោយស្វ័យប្រវត្តិ ហើយប្រសិនបើពួកគេចង់បន្តអូសលេងទៀត TikTok តម្រូវឲ្យពួកបំពេញលេខសម្ងាត់មួយ។ លើសពីនេះ ប្រសិនគណនីក្មេងជំទង់ក្រោម ១៨ឆ្នាំជ្រើសរើសបិទមុខងារមួយនេះ ជារៀងរាល់ក្រោយការប្រើប្រាស់លើសពី ១០០នាទី ពួកគេនឹងត្រូវជំរុញឲ្យកំណត់ពេលវេលាបិទស្វ័យប្រវត្តិម្ដង។ ហើយគណនីក្រោម ១៨ឆ្នាំទាំងនេះនឹងទទួលបានសាររៀងរាល់សប្ដាហ៍ អំពីព័ត៌មានលម្អិតនៃពេលវេលាដែលពួកគេបានប្រើប្រាស់កម្មវិធីនេះ។
មុខងារថ្មីនេះភ្ជាប់មកជាមួយមុខងារពិសេសមួយទៀតគឺ “family pairing ” ដែលជាមុខងារមួយដែលអាណាព្យាបាលនៃកុមារទាំងនេះអាចកំណត់ពេលវេលាសម្រាប់ប្រើប្រាស់កម្មវិធី TikTokសម្រាប់កូនៗរបស់ខ្លួន។ អាណាព្យាបាលថែមទាំងទទួលបានផ្ទាំងព័ត៌មានដែលបង្ហាញពី របៀបដែលកូនៗពួកគេប្រើប្រាស់កម្មវិធី រួមទាំងពេលវេលា និងចំនួនដងដែលកម្មវិធីត្រូវបានបើក។
គួរបញ្ជាក់ថា មកទល់ពេលនេះក្រុមហ៊ុន TikTok ទទួលរងការរិះគន់ខ្លាំងពីសំណាក់ប្រទេសមួយចំនួនអំពីឯកជនភាពរបស់អ្នកប្រើប្រាស់ ប្រឈមមុខនឹងការស៊ើបអង្កេតពីគណៈកម្មាធិការវិនិយោគបរទេសនៅសហរដ្ឋអាមេរិក ហើយក៏មានប្រទេសដែលបានបិទការប្រើប្រាស់ទាំងស្រុងរបស់កម្មវិធីនេះក្នុងប្រទេសខ្លួនតែម្ដង៕

























Account
Security
Favourite Content