មានឈ្មោះ Liang Shi ជាសេដ្ឋី តែហាក់មិនជោគជ័យសោះក្នុងរឿងសិក្សា។ លោក Liang Shi ដែលមានវ័យរហូតដល់ ៥៧ ឆ្នាំទៅហើយ នៅតែខិតខំព្យាយាមប្រឡងចូលសាកលវិទ្យាល័យក្នុងក្តីស្រមៃរបស់ខ្លួន។ សេដ្ឋីរូបនេះបានបរាជ័យជាថ្មី គឺជាលើកទី២៧ ហើយ នេះបើយោងតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃច័ន្ទទី ២៦ ខែមិថុនា ឆ្នាំ ២០២៣នេះ។
ដ្បិតថាការចូលរៀន មិនមែនជាការចាំបាច់ណាស់ណាសម្រាប់លោក Liang ក្តី តែបុរសរូបនេះតែងតែមានក្តីសុបិនចង់ទៅរៀននៅសាកលវិទ្យាល័យឱ្យបាន។ បើតាម AFP បានឱ្យដឹងថា បច្ចុប្បន្ន អតីតកម្មកររោងចក្ររូបនេះ គឺជាសេដ្ឋីម្នាក់ នៅក្នុងវិស័យលក់គ្រឿងសំណង់នៅប្រទេសចិន។

លោក Liang បានប្រាប់ AFP កាលពីដើមខែនេះថា៖ «វាជាគំនិតរំខានណាស់ ដែលខ្ញុំមិនអាចចូលទៅក្នុងមហាវិទ្យាល័យ ដើម្បីទទួលបានការអប់រំ»។ លោកបន្តថា៖ «ខ្ញុំពិតជាចង់ទៅសាកលវិទ្យាល័យណាស់ ដើម្បីអាចក្លាយជាបញ្ញវន្តមួយរូប»។
ដើម្បីអាចចូលទៅកាន់សាកលវិទ្យាល័យបានលោក Liang ត្រូវតែប្រឡងចូល ឬភាសាអង់គ្លេស entrance exam ដែលប្រទេសចិនរៀបចំឡើងមួយឆ្នាំម្តង។ ដំណើរការនៃការប្រឡងចូលសាកលវិទ្យាល័យនៅប្រទេសចិន ត្រូវបានគេដឹងថាជាការប្រឡងដ៏តានតឹងបំផុតមួយ ព្រមទាំងមានប៉ូលិសត្រូវបានដាក់ពង្រាយ ដើម្បីរក្សាសណ្តាប់ធ្នាប់នៅតាមដងផ្លូវ និងតាមសាលារៀននៅថ្ងៃប្រឡងទៀតផង។
Liang បានចាប់ផ្តើមប្រឡងដំបូងនៅឆ្នាំ ១៩៨៣ នៅពេលគេមានអាយុ ១៦ ឆ្នាំ។ ក្រោយមកគេ បានបោះបង់ការប្រឡងចោលប្រហែលមួយទសវត្សរ៍រហូតដល់ឆ្នាំ ១៩៩២ ដោយសារគ្រានោះការប្រលងអនុញ្ញាត្តឱ្យតែសិស្សដែលនៅលីវ និងមានអាយុក្រោម ២៥ ឆ្នាំប៉ុណ្ណោះ។ លោក Liang បានបន្តចូលរួមប្រឡងឡើងវិញក្នុងឆ្នាំ ២០០១ ជាពេលដែលការកំណត់ទាំងនោះត្រូវបានដកចេញ។
ដើម្បីរៀបចំខ្លួនប្រជែងនឹងសិស្សវិទ្យាល័យចំនួន ១៣ លាននាក់ដែលប្រឡងដូចគ្នា។ លោក Liang បានប្រាប់ទីភ្នាក់ងារសារព័ត៌មានថា គាត់ត្រូវរស់នៅដូច «ជីវិតរបស់ព្រះសង្ឃ» ពីរបីខែមុនពេលធ្វើតេស្ត និងសិក្សារយៈពេល ១២ ម៉ោងក្នុងមួយថ្ងៃ។
ទោះជាយ៉ាងណាក៏ដោយលោក Liang បានបរាជ័យម្តងទៀត ក្រោយខ្វះ ៣៤ ពិន្ទុនៃពិន្ទុមូលដ្ឋានដែលកំណត់ដោយខេត្ត Sichuan សម្រាប់ការចូលរៀននៅសាកលវិទ្យាល័យណាមួយ នេះបើយោងតាម AFP ។
បុរសវ័យ ៥៦ ឆ្នាំរូបនេះបានប្រាប់អ្នកសារព័ត៌មានថា៖ «មុនពេលចេញលទ្ធផល ខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនអាចទទួលបានពិន្ទុខ្ពស់គ្រប់គ្រាន់ ដើម្បីចូលសាកលវិទ្យាល័យលំដាប់ខ្ពស់នោះទេ ប៉ុន្តែខ្ញុំក៏មិនបានរំពឹងថាមិនអាចជាប់សូម្បីសាកលវិទ្យាល័យធម្មតា»។
បន្ទាប់ពីការព្យាយាម និងបរាជ័យអស់រយៈពេល ៤០ ឆ្នាំមក លោក Liang ថាខ្លួនមិនប្រាកដថានឹងចូលរួមការប្រឡងមួយផ្សេងទៀតឬយ៉ាងណានោះទេ។ លោក Liang បានប្រាប់ AFP ថា វាពិបាកក្នុងការនិយាយថាតើខ្ញុំនឹងបន្តត្រៀមខ្លួនសម្រាប់ឆ្នាំក្រោយទៀតឬអត់៕

























Account
Security
Favourite Content