តើ Labubu ជាអ្វី?
ប្រិយមិត្ដជាច្រើនប្រហែលជាបានឃើញតុក្កតាបិសាចចម្លែកមួយប្រភេទ ដែលកំពុងពេញនិយមលើបណ្ដាញសង្គមមានឈ្មោះថា Labubu។ Labubu ជាតួអង្គតុក្កតាមួយបង្កើតឡើងដោយជាងគំនូរជនជាតិហុងកុងម្នាក់ឈ្មោះ Long JiaSheng ឬ Kasing Lung។ រូបរាងរបស់វាមានត្រចៀកវែង មើលទៅស្រដៀងទន្សាយ ប៉ុន្ដែមានចង្កូម និងមាត់វែង។ វាមើលទៅគួរឲ្យស្រឡាញ់ផង និងចម្លែកផង។



តោះមកស្គាល់លោក Long JiaSheng ថាតើលោកជានរណា?
លោក Long JiaSheng ជាជនជាតិហុងកុងកើតក្នុងឆ្នាំ ១៩៧២ មានអាយុ ៦៩ ឆ្នាំ។ បច្ចុប្បន្ន លោករស់នៅប្រទេសបែលហ្សិក។ កាលពីនៅវ័យកុមារ លោកបានផ្លាស់ទៅរស់នៅឯប្រទេសហុល្លង់ជាមួយក្រុមគ្រួសារ។ Long JiaSheng ចាប់ផ្ដើមមានចំណាប់អារម្មណ៍ទាក់ទងប្រវត្ដិ ពពួកបិសាច ទេពអប្សរបុរាណ នៅជុំវិញប្រទេសតំបន់អ៊ឺរ៉ុប។ លោកចាប់ផ្ដើមរៀនសិក្សាស្វែងយល់ពីប្រវត្ដិ បិសាច ទេពអប្សរបុរាណនានាជាច្រើន។
ក្រោយពីបញ្ចប់ការសិក្សា JiaSheng បានសសេរសៀវភៅកុមារ មានរូបគំនូរប្លែកៗជាច្រើន។ លោកបានបង្កើតតួអង្គតុក្កតា និងពិភពបិសាច ទេពអប្សរ របស់ខ្លួន តាមរយៈការសរសេរសៀវភៅរបស់ខ្លួន។ តួអង្គក្នុងសៀវភៅរបស់លោកសុទ្ធតែមានរូបចម្លែក និងអត្ដចរិតគួរឲ្យចាប់អារម្មណ៍។


ក្នុងឆ្នាំ ២០១១ លោកបានត្រឡប់ទៅកាន់ទឹកដីហុងកុងវិញ និងសហការជាមួយហាងបង្កើតអីវ៉ាន់ក្មេងលេង លោកបានក្លាយខ្លួន និងមានជំនាញក្នុងការបង្កើតតុក្កតាក្មេងលេង។ លោកចាប់ផ្ដើមប្រែតួអង្គតុក្កតាក្នុងសៀវភៅរបស់លោក ឲ្យទៅក្លាយជាអីវ៉ាន់ក្មេងលេង។
ពិភពតុក្កតាបិសាចចម្លែក “The Monsters” និងតួអង្គតុក្កតា Labubu ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥។ Labubu ជាកូនបិសាចចម្លែកមួយ មានចិត្ដល្អ និងតែងតែចូលចិត្តជួយយកអាសាអ្នកដទៃ ព្រមទាំងមើលទៅរីករាយគ្រប់ពេលវេលា។ Labubu ទទួលបានការចាប់អារម្មណ៍ខ្លាំង ក្រោយពីដាក់បញ្ចេញលក់ជាផ្លូវការ និងក្លាយជាតុក្កតាល្បីខ្លាំងមួយដែល Long JiaSheng ធ្លាប់បានបង្កើត។
Labubu ត្រូវបានរាយការណ៍ថា មានតម្លៃចាប់ពី ១៤ ដុល្លារអាមេរិកឡើងទៅ តែតម្លៃរបស់វាក៏អាស្រ័យទៅតាម Collection ផងដែរ ដោយ Collection ខ្លះមានតម្លៃចាប់ពីខ្ទង់រយដុល្លារអាមេរិក និងខ្លះហក់ដល់ខ្ទង់ពាន់ដុល្លារក៏មាន។



លោក Long JiaSheng ត្រូវបានគេចាត់ទុកថា ជាជាងគំនូរ និងអ្នកបង្កើតអីវ៉ាន់ក្មេងលេងដ៏ជោគជ័យម្នាក់។ ចាប់តាំងពីឆ្នាំ ២០១២ មក រហូតដល់ឆ្នាំ ២០២០ លោកបានធ្វើការតាំងពិព័ណ៍បង្ហាញគំនូររបស់លោកជាបន្ដបន្ទាប់ សុទ្ធសឹងតែទទួលបានការគាំទ្រយ៉ាងខ្លាំង៕


























Account
Security
Favourite Content