កាលពីថ្ងៃទី១៦ ខែមិថុនាកន្លងទៅនេះ «មហោស្រពភាពយន្តវីដេអូសម្រាប់កុមារអាស៊ីអាគ្នយ៍» (Southeast Asia Video Festival for Children – SEAVFC) បានរៀបចំ «សិក្ខាសាលាផលិតវីដេអូសម្រាប់កុមារ» ដោយជោគជ័យ នៅសណ្ឋាគារសាន់វេ ភ្នំពេញ។ SEAVFC ជំនាន់ទី៤ និងសិក្ខាសាលាលើកទី១នេះ ត្រូវបានរៀបចំដោយអង្គការភាពយន្តឈូករ័ត្ន (Sunflower Film Organization [SFO]) រួមជាមួយដៃគូក្នុងស្រុកនានា ហើយទទួលបានសិក្ខាកាម ២០រូបតាមគ្រោងទុក ដោយភាគច្រើនមកពីសាលា អន្តរជាតិនានា នៅ រាជធានីភ្នំពេញ និងខេត្តកំពង់ចាម។

លោកស្រី Elvira Yap GO ជាប្រធានកិត្តិយសរបស់ SEAFVC និងជានាយកគណៈគ្រប់គ្រងមហោស្រព ប្រចាំប្រទេសហ្វីលីពីន បានផ្តល់មតិថា៖ «យើងមើលឃើញពីទេពកោសល្យកុមារក្នុងការបច្ចេញគំនិត និងភាពច្នៃប្រឌិតរបស់ខ្លួន មិនថាកុមារកម្ពុជា ឬនៅ អាស៊ីអាគ្នេយ៍ទាំងមូលទេ។ អ្វីដែលយើងធ្វើបាន គឺបង្កបរិយាកាសឱ្យពួកគាត់ប្រាប់សាច់រឿងពីក្នុងចិត្តរបស់ខ្លួន តាមរយៈវីដេអូ ដោយពុំចាំ បាច់កំហិតទស្សនៈយើងលើពួកគាត់ទេ។ ទោះយ៉ាងណា នាងខ្ញុំសំណូមពរ តាមរយៈឪពុកម្តាយ ឬអាណាព្យាបាលឱ្យជំរុញកូនៗរបស់ខ្លួន បានបញ្ចប់ការសិក្សាចំណេះទូទៅឱ្យបានគ្រប់គ្នាផង។ ពេលនោះ មិនថាគាត់ចាប់ជំនាញវីដេអូ ឬអ្វីផ្សេង ក៏ពួកគាត់រកឃើញផ្លូវ និងជម្រើស ល្អៗរួចស្រេច សម្រាប់អនាគតរបស់ពួកគាត់ដែរ។»

ដោយឡែក លោក ស៊ុំ ស៊ីថែន ប្រធានប្រតិបត្តិរបស់អង្គការភាពយន្តឈូករ័ត្ន និងជានាយកគណៈគ្រប់គ្រងមហោស្រព ប្រចាំប្រទេសកម្ពុជា បានថ្លែងថា៖ «នេះជាលើកទី១ហើយ ដែលអង្គការភាពយន្តឈូករ័ត្ន បើវគ្គបណ្តុះបណ្តាលវីដេអូទៅដល់កុមារ ទោះបីកន្លងមកយើងច្រើនផ្តោត ទៅលើយុវជន ឬមនុស្សពេញវ័យអាយុពី១៨ ទៅ៤០ឆ្នាំក្តី។ យើងខ្ញុំពិតជាមានការភ្ញាក់ផ្អើលដែលបានឃើញស្នាដៃប្រកបដោយការច្នៃប្រឌិត ពីសិក្ខាកាមកុមារយើង។ អ្នកខ្លះបានទាំងត្រៀមសម្ភារៈថត និងកាត់តវីដេអូ ដោយខ្លួនឯងទៀត!»។

លោក Nico Hernandez ជាគ្រូបណ្តុះបណ្តាលផ្នែកថត និងជាសមិទ្ធករឯករាជ្យពីប្រទេសហ្វីលីពីន បានចែករំលែកចំណាប់ អារម្មណ៍ថា៖ «យើងខ្ញុំរីករាយដែលបានសហការជាមួយSFO ក្នុងការៀបចំវគ្គបណ្តុះបណ្តាលវីដេអូមួយនេះ។ ទោះបី ក្រុមការងារយើងខ្ញុំ ធ្លាប់រៀបចំវគ្គដូចគ្នានៅប្រទេសផ្សេងទៀតនៅអាស៊ីអាគ្នេយ៍ក៏ដោយ សិក្ខាកាមក្នុងវគ្គនេះមានការចូលរួមសស្រាក់សស្រាំ និងខំប្រឹងប្រែង ពីដើមដល់ចប់។ ណាមួយអ្វីដែលប្លែក គឺវត្តមានឪពុកម្តាយ និងគ្រួសារក្នុងការលើកទឹកចិត្តសិក្ខាកាមកុមាររបស់យើង ក្នុងការសម្រេច ស្នាដៃរបស់ខ្លួន»។

ចំណែកឯកឧត្ដម ជា ចន្ទបរិបូរណ៍ អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន ក៏សម្តែងសេចក្តីពេញចិត្ត ដូចអាណាព្យាបាលផ្សេងៗទៀតថា៖ «ខ្ញុំសូមថ្លែងអំណរគុណដល់ SEAVFC ដែលបានបណ្តុះបណ្តាល ក្មួយកំព្រារបស់ខ្ញុំបានចូលរៀនយល់ដឹងអំពីការផលិតវីដេអូ រយៈពេល២ថ្ងៃនេះ។»

អ្វីជាទីមោទនសម្រាប់គ្រួសារគឺ កុមារខ្លះបានទទួលរង្វាន់ភ្លាមៗ បន្ទាប់ពីការវាយតម្លៃយ៉ាងម៉ត់ចត់ពីតំណាង SEAVFC ហ្វីលីពីន និងកម្ពុជា ដោយមានរង្វាន់ដូចជា៖
- រង្វាន់វីដេអូល្អបំផុត (Best Picture)
- រង្វាន់រូបរចនាល្អបំផុត (Best Poster Design)
- រង្វាន់មិត្តសំណព្វ (Most Valued Friend)
- រង្វាន់សម្តែង (Best Actor)




ក្រៅពីនោះ លោក ស៊ិន ចន្ថា បានទទួលពាន១ក្នុងចំណោមដប់នោះកាលពីឆ្នាំ២០១៩ ក្នុងមហោស្រពនោះ ក៏ ចែករំលែក បទពិសោធន៍ ដល់ប្អូនដែលចូលរួមក្នុងសិក្ខាសាលានោះដែរ។ លោកបានជំរុញប្អូនៗឱ្យបង្កើតស្នាដៃវីដេអូ ដោយកុំទាន់គិតថា ខ្លួនមិនអាចធ្វើបាន ឬមិនឈ្នះគេ ដោយសារលោកផ្ទាល់ក៏មិននឹកស្មានថារឿង «អ្នកលាបថ្នាំ» របស់លោកជាប់ជយលាភីនៅជំនាន់នោះដែរ។

ដោយឡែក SEAVFC បានបើកវគ្គណែនាំមហោស្រពដំបូងរបស់ខ្លួនតាមរយៈអនឡាញ (online orientation) កាលពីថ្ងៃទី១០ ខែមិថុនាកន្លងទៅនេះ ដោយលោកអ្នកអាចតាមដានខ្លឹមសារថតទុកពីZoom ទាំងមូល លើទំព័រហ្វេសប៊ុករបស់មហោស្រពបាន។

នៅថ្ងៃសៅរ៍ និងអាទិត្យទី២៩ និង៣០មិថុនា ខាងមុខនេះ SFO និង Box Media នឹងសហការគ្នារៀបចំវគ្គដូចគ្នានេះ ជាលើកទី២ ដោយខ្លួនឯង ជាមួយជំនាញការភាពយន្តក្នុងស្រុក ដើម្បីបន្តស្មារតីបណ្តុះពន្លកក្នុងវិស័យវីដេអឬភាពយន្ត ទាំងសម្រាប់ដាក់រឿង ប្រកួតក្នុង ផង និងចាប់ផ្តើមជំនាញនេះ ទៅថ្ងៃមុខ តាមរយៈការរៀនសូត្របណ្តើរផង។ បើលោកអ្នកចាប់អារម្មណ៍ចុះឈ្មោះឱ្យបុត្រធីតា អាចដាក់ពាក្យតាមរយៈតំណនេះ៖ https://forms.gle/vvDZwbLNHJPPK6A79 ឱ្យទាន់ថ្ងៃទី២៦ ខែមិថុនានេះ មុនម៉ោង៩យប់។

មហោស្រពធំរបស់យើង គ្រោងនឹងប្រព្រឹត្តទៅនៅចុងខែវិច្ឆិកាឆ្នាំ២០២៤នេះ នៅទីក្រុងគូឡាលុំពួរ ប្រទេសម៉ាឡេស៊ី បន្ទាប់ពីសិក្ខាសាលា តាមប្រទេសនានា នៅតំបន់អាស៊ីអាគ្នេយ៍ ដោយក្រុមការងារស្ថាបនិកពីហ្វីលីពីន កម្មវិធីតម្រង់ទិសអនឡាញ និងយុទ្ធនាការផ្សេងៗទៀត តាមសាលារៀន និងអង្គការមួយចំនួនតាមប្រទេសនីមួយៗ។ ជយលាភី នឹងត្រូវបែងចែកយ៉ាងហោចជា១០ប្រភេទដូចតទៅ៖ ៦ប្រភេទសម្រាប់អ្នកអាជីព ១ប្រភេទសម្រាប់អ្នកថ្មោងថ្មី និង៣ប្រភេទទៀតផលិតដោយកុមារ តាមរយៈប្រធានបទប្រចាំឆ្នាំគឺ៖ «មិត្តភាព បែបចម្រុះ»។

បើអ្នកចង់ចូលរួមជាមួយសមិទ្ធករផ្សេងៗទៀតនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ក៏ដូចជាផ្សារភ្ជាប់រឿងរបស់អ្នក ជាមួយទស្សនិកជន ឱ្យបានច្រើន ផ្ញើរឿងខ្លីរបស់អ្នកមកមហោស្រពឥឡូវមក តាមរយៈ៖ https://forms.gle/ePWwKsuQ4tg3xa77A ។
SEAVFC Cambodia ឆ្នាំនេះមានការគាំទ្រពីស្ថាប័នក្នុងស្រុករួមមាន៖ Box Media Production, Apsara Media Services, និង «មហោស្រពភាពយន្តភាពយន្តខ្លីចតុមុខ»។
ទោះបីជាយ៉ាងណាក៏ដោយ មហោស្រពនៅតែបន្តទទួលការចូលរួមជាថវិកាបន្ថែម ដើម្បីសម្រេចសមិទ្ធផលជំនាន់ទី៤ នៅប្រទេសកម្ពុជា ប្រកបដោយភាពរលូន តាមរយៈ៖ ABA – SUNFLOWER FILM ORGANIZATION – 000 804 814។
សម្រាប់បច្ចុប្បន្នភាពបន្ថែម សូមចូលមើលតាមប្រព័ន្ធផ្សព្វផ្សាយរបស់យើងខ្ញុំដូចជា៖
- គេហទំព័រ៖ www.seavideofest.com
- ទំព័រហ្វេសប៊ុក៖ www.fb.com/seavckh
- TikTok: www.tiktok.com/@seavfckh
- YouTube: www.youtube.com/@seavfckh























































Account
Security
Favourite Content