កាលពីចុង ខែសីហាកន្លងទៅនេះ «មហោស្រពវីដេអូសម្រាប់កុមារអាស៊ីអាគ្នយ៍» (Southeast Asia Video Festival for Children – SEAVFC Cambodia) បានបិទការទទួល វីដេអូខ្លី ដើម្បីប្រកួតថ្នាក់តំបន់អាស៊ីអាគ្នេយ៍របស់ខ្លួន ដែលនឹងប្រព្រឹត្តទៅ នៅទីក្រុង គួឡាឡុំពួរ ប្រទេសម៉ាឡេស៊ី នៅក្នុងខែវិច្ឆិកាឆ្នាំ២០២៤នេះ។
បន្ទាប់ពីយុទ្ធនាការផ្សព្វផ្សាយ និងសិក្ខាសាលា២លើករបស់ខ្លួន SEAVFC ជំនាន់ទី៤ គណៈអភិបាលប្រចាំកម្ពុជាបានសម្រេចយកវីដេអូ ដែលមានចំណងជើងដូចខាងក្រោម ទៅធ្វើការប្រកួតថ្នាក់តំបន់៖
| 1 | Period Story | វីដេអូអ្នកអាជីព សម្រាប់កុមារអាយុពី១៣ ទៅ១៧ឆ្នាំ |
| 2 | Time Fly | វីដេអូអ្នកអាជីព សម្រាប់កុមារអាយុពី០៨ ទៅ១២ឆ្នាំ |
| 3 | Jack’s Cancer | វីដេអូផលិតដោយកុមារអាយុពី១៦ ទៅ១៧ឆ្នាំ |
| 4 | Rain and Shine | វីដេអូផលិតដោយកុមារអាយុពី១៣ ទៅ១៥ឆ្នាំ |
| 5 | The Unseen Barrier | វីដេអូផលិតដោយកុមារអាយុពី១៣ ទៅ១៥ឆ្នាំ |
| 6 | Friendship | វីដេអូផលិតដោយកុមារអាយុក្រោម១២ ឆ្នាំ |
| 7 | Treat People Equally | វីដេអូផលិតដោយកុមារអាយុក្រោម១២ ឆ្នាំ |


លោក ស៊ុំ ស៊ីថែន ប្រធានគណៈអភិបាលប្រចាំកម្ពុជារបស់ SEAVFC បានលើកឡើងថា៖ «ការដាក់រឿងមកប្រកួតឆ្នាំនេះ នៅមានកម្រិត ទី១ ដោយសារមហោស្រពយើងទើបចាប់ផ្តើមឡើងវិញបន្ទាប់ពី ផ្អាកដំណើរការចន្លោះពេលវិបត្តិកូវីដ១៩។ ទី២ ប្រធានបទអាចជាកត្តាបន្ថយ ចំនួនរឿងដែលដាក់មក ដោយសារជាការតម្រូវរាល់ឆ្នាំ។ ទោះយ៉ាងណា យើងខ្ញុំក៏រកឃើញស្នាដៃល្អ និងប៉ិនប្រសប់ពីកុមារ និងអ្នកជំនាញ ភាពយន្តនៅកម្ពុជាខ្លះៗដែរ។»

ក្រៅពីនោះ ជាការលើកទឹកចិត្ត លេខាធិការដ្ឋានមហោស្រពនៅហ្វីលីពីន បានសម្រេចរើសយក កុមារា សេង សូលីហេង ដើម្បីចូលរួមកម្មវិធី ធំនៅខែវិច្ឆិកាខាងមុខនេះ ជាមួយឪពុកម្តាយរបស់គាត់ តំណាងឱ្យកុមារកម្ពុជា ដែលបានសិក្សា និងដាក់រឿងមកប្រកួត។ ការជ្រើសរើស គឺផ្អែកទៅលើភាពក្លាហាន ជំនាញប្រាស្រ័យទាក់ទង និងចំណេះដឹងភាសាអង់គ្លេសរបស់ សូលីហេង។ កុមារារូបនេះ បច្ចុប្បន្នរៀននៅថ្នាក់ទី៦ នៃសាលារៀន Ontario International School។

សម្រាប់អ្នកស្រី ខាន់ គន្ធារី ដែលជាមាតារបស់កុមារា សេង សូលីហេង៖ «នាងខ្ញុំពិតជារំភើប និងរីករាយមែនទែន ដែលបានឮដំណឹងកូន លីហេង ត្រូវបានជ្រើសរើសឱ្យចូលរួម មហោស្រពថ្នាក់តំបន់របស់ SEAVFC នៅប្រទេសម៉ាឡេស៊ី។ នេះជាឱកាសពិសេសបំផុតសម្រាប់ នាងខ្ញុំ និងក្រុមគ្រួសារ ជាពិសេសដែលបានឱ្យកូន លីហេងបានចូលរួមសិក្ខសាលាវីដេអូ ជាមួយកុមារកម្ពុជាដទៃទៀត។ ទោះបីរយៈពេលខ្លី តែគាត់សប្បាយចិត្ត នឹងស្នាដៃដែលគាត់បានធ្វើជាមួយមិត្តរួមក្រុម។ នាងខ្ញុំសង្ឃឹមថាឪពុកម្តាយ អាណាព្យាបាល ឬលោកគ្រូអ្នកគ្រូផ្សេងទៀត នឹងជំរុញបុត្រធីតា ឬសិស្សានុសិស្សរបស់ខ្លួន ឱ្យចូលរួមទាំងសិក្ខាសាលា និងមហោស្រពនេះនៅឆ្នាំក្រោយៗទៀត។»
ដោយឡែក SEAVFC Cambodia នឹងសហការជាមួយ «មហោស្រពភាពយន្តខ្លីចតុមុខ» ក្នុងការចាក់បង្ហាញវីដេអូដែលមានចំណងជើង ដូចខាងក្រោម នៅចុងខែតុលា នេះ៖
| 1 | Time Fly | វីដេអូអ្នកអាជីព សម្រាប់កុមារអាយុពី០៨ ទៅ១២ឆ្នាំ |
| 2 | Lens of Friendship | វីដេអូផលិតដោយកុមារអាយុពី១៦ ទៅ១៧ឆ្នាំ |
| 3 | Friendship in diversity | វីដេអូផលិតដោយកុមារអាយុក្រោម១២ ឆ្នាំ |
| 4 | Vi-sible Friends | វីដេអូផលិតដោយកុមារអាយុក្រោម១២ ឆ្នាំ |

ជ័យលាភីថ្នាក់តំបន់ នឹងត្រូវបែងចែកយ៉ាងហោចជា១០ប្រភេទដូចតទៅ៖ ៦ប្រភេទសម្រាប់អ្នកអាជីព ១ប្រភេទសម្រាប់អ្នកថ្មោងថ្មី និង៣ប្រភេទទៀតផលិតដោយកុមារ តាមរយៈប្រធានបទប្រចាំឆ្នាំគឺ៖ «មិត្តភាព បែបចម្រុះ»។
SEAVFC Cambodia ឆ្នាំនេះមានការគាំទ្រពីស្ថាប័នក្នុងស្រុករួមមាន៖ Box Media Production, Apsara Media Services, និង «មហោស្រពភាពយន្តភាពយន្តខ្លីចតុមុខ»។
ទោះបីជាយ៉ាងណាក៏ដោយ មហោស្រពនៅតែបន្តទទួលការចូលរួមជាថវិកាបន្ថែម ដើម្បីឱ្យគណៈប្រតិភូកម្ពុជាត្រៀមខ្លួនធ្វើដំណើរ ទៅកាន់ «មហោស្រពវីដេអូសម្រាប់កុមារអាស៊ីអាគ្នយ៍» នៅទីក្រុងគួឡាឡុំពួរ ប្រកបដោយភាពរលូន តាមរយៈ៖ ABA – SUNFLOWER FILM ORGANIZATION – 000 804 814។
សម្រាប់បច្ចុប្បន្នភាពបន្ថែម សូមចូលមើលតាមប្រព័ន្ធផ្សព្វផ្សាយរបស់យើងខ្ញុំដូចជា៖
- គេហទំព័រ៖ www.seavideofest.com
- ទំព័រហ្វេសប៊ុក៖ www.fb.com/seavckh
- Telegram Channel:https://t.me/sunflowerfilmorg
- TikTok: www.tiktok.com/@seavfckh
- YouTube: www.youtube.com/@seavfckh
- LinkedIn Page: https://www.linkedin.com/com…/sunflower-film-organization/






















































Account
Security
Favourite Content