ប្រវត្តិសាស្ត្រថ្មីត្រូវបានចារ ឥណ្ឌាបានក្លាយជាមហាអំណាចអវកាស និងចូលទៅក្នុងចំណោមប្រទេសមួយក្តាប់តូចដែលមានបច្ចេកវិទ្យាអវកាសកំពូលបំផុត ក្រោយយានអវកាស Chandrayaan-3 របស់ឥណ្ឌា បានចុះចតយ៉ាងជោគជ័យ នៅលើឋានព្រះច័ន្ទ កាលពីថ្ងៃពុធ ម្សិលមិញនេះ។

ទីភ្នាក់ងារអវកាសឥណ្ឌាបានបាញ់បង្ហោះរ៉ុក្កែតនេះកាលពីថ្ងៃទី ១៤ ខែកក្កដា ដោយបានបាញ់ចេញពីកំពង់ផែអវកាសដ៏សំខាន់របស់ប្រទេសក្នុងរដ្ឋ Andhra Pradesh ភាគខាងត្បូងប្រទេសឥណ្ឌាផ្ទាល់។ ចាយពេលអស់ ប្រមាណ ៤១ថ្ងៃ ពោលគឺ ៣ថ្ងៃបន្ទាប់ពីបេសក្ខកម្មរបស់រុស្សីបរាជ័យ តែឥណ្ឌាក្រសោបបានជោគជ័យ ក្លាយជាប្រទេសដំបូងដែលចុះចតនៅអឌ្ឍគោលខាងត្បូងនៃព្រះចន្ទ។
បើយោងទៅតាមទីភ្នាក់ងារស្រាវជ្រាវអវកាសឥណ្ឌា ISRO បេសកកម្ម Chandrayaan-3 ចំណាយប្រាក់ប្រមាណ ៦១៥០លានរូពី ឬប្រមាណជាង ៧៤លានដុល្លារអាមេរិកតែប៉ុណ្ណោះ ដែលនេះគឺជាការចំណាយដ៏តិចបំផុតមួយបើប្រៀបទៅនឹងបេសកកម្ម Chandrayaan-2 បេសកកម្ម Apollo របស់អាមេរិក និងបេសកកម្មរបស់ រុស្សី និងចិនជាដើម។
ស្របពេលជាមួយគ្នានេះដែរ ក្រុមអ្នកវិទ្យាសាស្ត្រ និងមន្ត្រីបានទះដៃអបអរសាទរ ឱបគ្នា និងស្រែកហ៊ោរ នៅពេលដែលយានអវកាសបានចុះចតបានសម្រេច ខណៈដែលរដ្ឋាភិបាលក៏កំពុងស្វះស្វែង រកវិធានជំរុញការវិនិយោគជុំវិញការបាញ់បង្ហោះលក្ខណៈឯកជន និងអាជីវកម្មដែលទាក់ទងនឹងផ្កាយរណប។

គួរជម្រាបថា នេះគឺជាការប៉ុនប៉ងលើកទី២ របស់ឥណ្ឌាក្នុងការចុះចតយានអវកាសរបស់ខ្លួននៅលើឋានព្រះច័ន្ទ ហើយវាក៏សម្រេចបានជោគជ័យត្រឹមមួយសប្តាហ៍បន្ទាប់ពីបេសកកម្ម Luna-25 របស់រុស្ស៊ីបានបរាជ័យ។ បេសកកម្មទី១ របស់ប្រទេសឥណ្ឌាបានធ្វើឡើងក្នុងឆ្នាំ ២០១៩ ក៏អ្វីៗត្រូវរងបរាជ័យក្រោយធ្លាក់មុនពេលចុះចត៕

























Account
Security
Favourite Content