ប្រទេសអ៊ីស្លង់ បានរកឃើញសត្វមូសដែលមានជីវិតរស់ជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្ត ខណៈអ្នកវិទ្យាសាស្រ្តបានសន្និដ្ឋានថា ភាពខុសប្រក្រតីនេះ អាចកើតឡើងព្រោះតែបញ្ហាពិភពលោកកើនកម្ដៅ។

ផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian នៅថ្ងៃទី២១ ខែតុលា ការរកឃើញសត្វមូសលើកដំបូងនេះបានចាប់ផ្ដើមចេញពីបុរសម្នាក់ឈ្មោះ Björn Hjartarson ដែលបានរកឃើញសត្វមូសតាំងតែពីព្រលប់ថ្ងៃទី១៦ ក្នុងខែតុលា មកម៉្លេះ។
ដោយការសង្ស័យ លោកបានបង្ហោះរូបសត្វមូសនោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន មុននឹងលោកបញ្ជូនសត្វមូសចំនួន ២ក្បាលដែលខ្លួនចាប់បាន ទៅឱ្យវិទ្យាស្ថានវិទ្យាសាស្ត្រធម្មជាតិនៃប្រទេសអ៊ីស្លង់ជួយពិសោធន៍។

ក្រោយមកលោក Matthías Alfreðsson អ្នកជំនាញពីវិទ្យាស្ថានវិទ្យាសាស្ត្រធម្មជាតិនៃប្រទេសអ៊ីស្លង់បានបញ្ជាក់ថា សត្វល្អិតនោះ គឺជាប្រភេទមូស Culiseta annulata ដោយលោកបានរៀបរាប់បន្ថែមថា មូសប្រភេទនេះ ភាគច្រើនអាចរកឃើញនៅឯតំបន់អឺរ៉ុបខាងជើង ព្រោះវាជាមូសដែលអាចរស់នៅក្នុងតំបន់ដែលមានសីតុណ្ហភាពទាប ខុសពីមូសប្រភេទដទៃដែលចូលចិត្តរស់នៅក្នុងតំបន់ដែលក្ដៅ និងសើម។
អ្នកវិទ្យាសាស្ត្របានសន្និដ្ឋានថា វត្តមានមូសនៅក្នុងប្រទេសត្រជាក់បែបនេះអាចជាសញ្ញាមួយដែលបញ្ជាក់ថា ពិភពលោកកំពុងតែកើនកម្ដៅ ធ្វើឱ្យអាកាសធាតុនៅក្នុងប្រទេសអ៊ីស្លង់ទាំងមូលចាប់ផ្ដើមក្ដៅ និងមានសំណើមជាងមុន។ ខុសពីគ្រាកន្លងមក ដែលប្រទេសអ៊ីស្លង់មានសីតុណ្ហភាពត្រជាក់ ស្ងួត និងមិនមានប្រភពទឹកដែលអំណោយផលក្នុងវដ្តបង្កាត់ពូជរបស់សត្វមូស។

ក្នុងករណីដែលពិភពលោកនឹងបន្តកើនកម្ដៅ វត្តមានរបស់សត្វមូសនៅក្នុងប្រទេសអ៊ីស្លង់អាចនឹងបន្តកើនឡើង ខណៈអ្នកវិទ្យាសាស្រ្តក៏បានប្រទេសឃើញពូជមូសថ្មីៗនៅតាមបណ្ដាប្រទេសនានា ដូចជាការរកឃើញមូស Aedes Aegypti នៅក្នុងចក្រភពអង់គ្លេសជាដើម។
គួរបញ្ជាក់ផងដែរថា ដ្បិតកន្លងមកធ្លាប់មានការរាយការណ៍ពីការប្រទះឃើញសត្វមូសក្នុងប្រទេសអ៊ីស្លង់ក៏ពិតមែន តែមូសទាំងនោះតែងចូលមកតាមរយៈយន្តហោះ និងបាត់បង់ជីវិតទៅវិញ ក្រោយពីរស់នៅក្នុងអាកាសធាតុត្រជាក់បានប៉ុន្មានថ្ងៃ។ ឯការប្រទះឃើញសត្វមូស អាចមានជីវិតរស់នៅបានដូច្នេះ គឺជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់អ៊ីស្លង់៕



























Account
Security
Favourite Content