គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងក្រុមហ៊ុន TikTok ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានចុះហត្ថលេខារួចរាល់ជាផ្លូវការលើកិច្ចព្រមព្រៀងមួយ នាថ្ងៃទី១៣ ខែមីនានេះ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដើ ម្បីក្លាយជាដៃគូចលនូបត្ថម្ភ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា។
កិច្ចព្រមព្រៀងនេះ គឺជាកិច្ចព្រមព្រៀងក្លាយជាដៃគូចលនូបត្ថម្ភ ដើម្បីជាការរួមចំណែកលើការផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយ នៅលើបណ្ដាញសង្គម TikTok អំពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ក៏ដូចជាធ្វើឲ្យគោលដៅទេសចរណ៍ស៊ីហ្គេម ឬក៏ផ្សព្វផ្សាយសក្ដានុពល និងទិដ្ឋភាពកម្ពុជាទាំងមូល ទៅកាន់ពិភពលោក តាមរយៈបណ្តាញសង្គម TikTok។

ក្នុងនោះក្រុមហ៊ុន TikTok ក៏នឹងជួយទៅលើការផលិតមាតិកាសំខាន់ៗ និងគាំទ្រដល់ការផ្សាយព្រឹត្តិការណ៍ប្រកួត ក៏ដូចជាទិដ្ឋភាពពីក្រោយឆាក ការសម្ភាសន៍អត្តពលិក និង highlight ការប្រកួតផងដែរ។
ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា៖ «ចុះហត្ថលេខាជាមួយ TikTok គឺជាបណ្ដាញសង្គមមួយ ដែលមានឥទ្ធិពលក្នុងសង្គម ទាំងក្នុងស្រទាប់យុវជន និងប្រជាជនទូទៅ ទាំងក្មេងចាស់ ប្រុសស្រី ជាអ្នកមានឥទ្ធិពលក្នុងសង្គមរបស់យើង ប្រើប្រាស់ TikTok ធ្វើជាមធ្យោបាយក្នុងការផ្សព្វផ្សាយផ្សេងៗ។ អ៊ីចឹង យើងឃើញសារសំខាន់នេះហើយ បានជា CAMSOC បានទំនាក់ទំនង និងស្វែងរកតម្លៃបន្ថែម នៃការប្រូម៉ូត ឬការផ្សព្វផ្សាយស៊ីហ្គេមរបស់យើង ទៅកាន់ពិភពលោក ក៏ដូចជាក្នុងប្រទេសរបស់យើងដែរ»។
ដោយឡែកលោក Nicholas Pham តំណាងក្រុមហ៊ុន TikTok ប្រចាំតំបន់អាស៊ីអាគ្នេយ៍ មានប្រសាសន៍ថា៖ «ខ្ញុំពិតជារីករាយដែលបានមកទីនេះ ក្នុងនាមតំណាងឱ្យ TikTok ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ចុះហត្ថលេខាក្លាយជាដៃគូចលនូបត្ថម្ភ Premium Sponsor និងរីករាយដែលបានក្លាយជាផ្នែកមួយនៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលអបអរស្មារតីកីឡា ការរួបរួម និងមិត្តភាព»។
គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះមានប្រទេសចំនួន ១១ ចូលរួមនិងមានប្រភេទកីឡាអនុម័តចុងក្រោយចំនួន ៣៧ប្រភេទ ដោយក្នុងនោះមានវិញ្ញាសាសរុបចំនួន ៥៨១វិញ្ញាសា ហើយចាប់ផ្ដើមប្រកួតប្រជែងចាប់ពីថ្ងៃសុក្រ ទី៥ ខែឧសភា ឆ្នាំ២០២៣ ដល់ ថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០២៣៕


























Account
Security
Favourite Content