ក្រដាសប្រាក់ ឬធនបត្រប្រភេទ ៥ មុឺនរៀល ដែលមានពណ៌ស្លាទុំ លាយពណ៌ត្នោតត្រូវបាន ធនាគារជាតិកម្ពុជា ប្រកាសចេញផ្សាយចរាចរប្រើប្រាស់ជាផ្លូវការតាំងថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០១៤ មានលក្ខណៈពិសេសយ៉ាងលម្អិត និងពោរពេញទៅដោយអត្ថន័យដូចទៅនឹងក្រដាសប្រាក់ដទៃទៀតរបស់ខ្មែរ។ ជុំវិញភាពលម្អិត នៅលើក្រដាសប្រាក់ដ៏ពេញនិយមមួយប្រភេទនេះ គេសង្កេតឃើញថាប្រជាជនខ្មែរយើងហាក់ចាប់អារម្មណ៍ទៅនឹងចម្លាក់សត្វដំរីនៅផ្ទៃខាងក្រោយនៃក្រដាសប្រាក់មួយនេះ ថាតើជាចម្លាក់ពិតដែលមានទីតាំងនៅទីណាមួយ ឬគ្រាន់ជារូបគំនូរ។

មែនទែនទៅរូបដំរីនៅផ្ទៃខាងក្រោយនៃក្រដាសប្រាក់ ៥ មុឺនដែលយើងឃើញ មិនគ្រាន់ជារូបគំនូរ ប៉ុណ្ណោះទេ តែជារូបចម្លាក់ពិត មានទីតាំងពិត ទើបត្រូវបានធនាគារជាតិយកជាគំរូមកដាក់ក្នុងក្រដាសប្រាក់។ បើតាមអនុក្រឹត្យ ដែលប្រកាសដោយធនាគារជាតិស្គីពីធនបត្រ ៥ មុឺនរៀល នេះបានបញ្ជាក់ថា រូបភាពកូនដំរីឈរទម្លាក់ប្រមោយចុះក្រោមនេះ គឺយកគំរូតាមចម្លាក់ថ្មរូបដំរី ក្នុងប្រាសាទមួយ នៅប្រាសាទកោះកេរ ក្នុងឃុំស្រយ៉ង់ ខេត្តព្រះវិហារ។ ចំណែកឯផ្ទៃកណ្ដាលគឺជារូបភាពប្រាសាទបាគងនៃក្រុមប្រាសាទរលួស ក្នុងខេត្តសៀមរាប។
រូបចម្លាក់ដំរីមួយនេះស្ថិតនៅក្នុងប្រាសាទមួយមានឈ្មោះថាប្រាសាទដំរី ដែលជាប្រាសាទមួយក្នុងចំណោមបុរាណស្ថានដទៃទៀត នៃរាជធានីបុរាណកោះកេរ។ ប្រាសាទដំរីនេះទៀតសោតមានរូបចម្លាក់ដំរីជាច្រើន ប៉ុន្តែសុទ្ធតែត្រូវបានបែកបាក់ជាគំនរថ្មនៅលើដី លើកលែងតែរូបចម្លាក់កូនដំរីឈរទម្លាក់ប្រមោយចុះក្រោមមួយនេះ និងត្រូវបានធនាគារជាតិយកជាគំរូដាក់ចូលក្នុងក្រដាសប្រាក់តែម្ដង។
គួរជម្រាបថា ចាប់តាំងពីសតវត្សរ៍ទី ៩-១៣ មក បុព្វបុរសខ្មែរនិយមធ្វើបដិមារូបដំរីនៅតាមជ្រុងប្រាសាទដោយយល់ថា ដំរីគឺជាសត្វមួយដែលជាឆ្មាំនៅចាំយាមទីស្ថានរបស់អាទិទេពនៅភ្នំព្រះសុមេរុ ដូចនៅក្នុងប្រាសាទដំរីនៅកោះកេរនេះ ប្រាសាទបាកង ប្រាសាទមេបុណ្យខាងកើត ប្រសាទភិមានអាកាស ក្រុមប្រាសាទព្រះពិធូរ និងប្រាសាទដំរីនៅបាកាណជាដើម។ ត្បិតថាបច្ចុប្បន្ននេះសត្វដំរីពុំសូវមានវត្តមានច្រើន និងស្និទ្ធស្នាលនិងជនជាតិខ្មែរដូចពីអតីតកាល តែសត្វដំរីនៅមានភាពសំខាន់ក្នុងសិល្បៈបុរាណខ្មែរ ដែលមិនអាចចោលបាន៕



























Account
Security
Favourite Content