ថ្ងៃបុណ្យនៃក្ដីស្រលាញ់ ១៤ កុម្ភៈ ជាភាសាអង់គ្លេស Valentine’s Day ឬជាភាសាបារាំង Saint Valentine ដែលកកើតឡើងចេញពីទីក្រុងរ៉ូមប្រទេសអ៊ីតាលី បានក្លាយជាពិធីបុណ្យដ៏សំខាន់សម្រាប់ប្រទេសលោកខាងលិចដើម្បីបង្ហាញក្ដីស្រលាញ់ទៅកាន់មនុស្សជាទីស្រលាញ់របស់ខ្លួន។ ត្បិតថាជាវប្បធម៌អឺរ៉ុប តែវប្បធម៌ដ៏ពេញនិយមមួយនេះបានសាយភាយ និងចាក់ឫសចូលនៅប្រទេសជាច្រើនផ្សេងទៀតនៅពាសពេញពិភពលោក និងតំបន់អាស៊ី ពិសេសក្នុងចំណោមស្រទាប់យុវជន រួមទាំងនៅកម្ពុជាផងដែរ។
ប្រទេសមួយចំនួននៅតំបន់អាស៊ានដែលពិធីបុណ្យមួយនេះមានការពេញនិយម៖
ឥណ្ឌូណេស៊ី

ជាប្រទេសដែលមានប្រជាជនច្រើនបំផុតក្នុងតំបន់ និងជាប្រទេសដែលមានប្រជាជនកាន់សាសនាឥស្លាមច្រើនបំផុត ឥណ្ឌូណេស៊ីមិនមែនជាប្រទេសដែលគាំទ្រពិធីបុណ្យនៃក្ដីស្រលាញ់នោះទេ តែផ្ទុយទៅវិញប្រជាជនហាក់រីករាយនឹងពិធីបុណ្យនេះណាស់។ ទោះបី ទីក្រុងខ្លះមានការហាមឃាត់មិនឲ្យប្រារព្ធពិធីមួយនេះ តែបើតាមរបាយការណ៍ក្រុមហ៊ុនលក់ទំនិញអនឡាញ Tokopedia បានឲ្យដឹងថាភាគរយនៃការលក់សូកូឡាបានកើនឡើង ៦៥០ភាគរយ និងភាគរយនៃការលក់ផ្កា កើនឡើង ២៥០ភាគរយ។
កម្ពុជា

ទិវានៃក្ដីស្រលាញ់ បានចាក់ឫសជ្រៅ និងពេញនិយមក្នុងចំណោមស្រទាប់យុវជនកម្ពុជា ដោយសារប្រជាជនកម្ពុជាបើកចំហ មិនថាតែបុណ្យក្ដីស្រលាញ់ទេ សូម្បីតែបុណ្យចូលឆ្នាំចិនបើទោះបីជាមានមតិរិះគន់ខ្លះៗពីមជ្ឈដ្ឋានផ្សេងៗដែលថា ពិធីបុណ្យនេះខុសពី «គុណតម្លៃនៃវប្បធម៌ខ្មែរ» និងមានការព្រមាន ក៏ដូចជាណែនាំពីសំណាក់ក្រសួងអប់រំ និងក្រសួងវប្បធម៌ក្ដី។ ដោយឡែកសម្រាប់បុណ្យនៃក្ដីស្រលាញ់ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ក្រសួងវប្បធម៌ក៏បានចេញសេចក្ដីអំពាវនាវណែនាំឲ្យយុវជនប្រារព្ធក្នុងផ្លូវដែលត្រឹមត្រូវ និងយកឱកាសនេះ ចែករំលែកក្ដីស្រលាញ់ទៅកាន់គ្រួសារ ឪពុកម្ដាយ ប្ដី/ប្រពន្ធ និងជនពិការ ឬអ្នកក្រខ្សត់ជាងខ្លួនជាដើម។
វៀតណាម

មិនខុសពីកម្ពុជាឡើយ ពិធីបុណ្យនេះក៏ពេញនិយមខ្លាំងក្នុងចំណោមស្រទាប់យុវជនវៀតណាមដូចគ្នា។ យុវជនវៀតណាមនិយមនាំគ្នាប្រារព្ធដូចជាពួកស្បែកសអ៊ីចឹងដែរ ពោលគឺជាការជូនអំណោយទៅគូស្នេហ៍របស់ខ្លួន ជាសូកូឡា និងផ្កាជាដើម។ លើសពីនេះ វៀតណាមថែមទាំងមានទីក្រុងមួយចំនួនដែលគេនិយមប្រារព្ធពិធីបុណ្យនៃក្ដីស្រលាញ់ដូចជា ទីក្រុងដាឡាត់ ដែលគែហៅថាទីក្រុងនៃសេចក្ដីស្រឡាញ់ ក្រុងSapa ក្រុងHalong Bay និងក្រុង Hoi An។
ហ្វីលីពីន

មិនចម្លែកទេសម្រាប់ប្រទេសហ្វីលីពីន ក្នុងការប្រារព្ធពិធីបុណ្យផ្សេងៗដែលដូចទៅនឹងប្រទេសលោកខាងលិច ដោយសារតែប្រទេសមួយនេះស្ថិតក្រោមអាណានិគមរបស់អង់គ្លេសក្នុងរយៈយូរ។ ជារៀងរាល់ថ្ងៃ ១៤ កុម្ភៈ គូស្នេហ៍រាប់ពាន់គូរនៅហ្វីលីពីនបានប្រមូលផ្ដុំគ្នានៅទីសាធារណៈ ព្រមទាំងមានការគាំទ្រពីរដ្ឋាភិបាល ខណៈគូស្នេហ៍ជាច្រើនក៏បានយកឱកាសនេះរៀបការតែម្ដងផងដែរ។
ប្រទេសថៃ

ប្រជាជនថៃនិយម និងចូលចិត្តបុណ្យនៃក្ដីស្រលាញ់ខ្លាំងណាស់ ទាំងចាស់ និងក្មេងដោយសារការបើកចំហទទួលវប្បធម៌ដទៃ និងទេសចរចម្រុះជាតិសាសន៍ក្នុងប្រទេសរបស់គេ។ នៅប្រទេសថៃតំបន់ដែលគេនិយមអបអរបុណ្យក្ដីស្រលាញ់ជាងគេ គឺតំបន់ Trimurti Shrine ផ្លូវដើរកណ្ដាលក្រុងបាងកក ដែលពួកគេមមាញឹកទិញលក់វត្ថុអនុស្សាវរីយ៕
























Account
Security
Favourite Content