កញ្ញា Ouyang Wenjing លើកឡើងថា ការងារជាប្រភពដ៏គ្រោះថ្នាក់សម្រាប់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់នាង រហូតនាងត្រូវលាឈប់។

កញ្ញា Ouyang Wenjing បានចែករំលែកនៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់ចិន “Xiaohongshu” ពីគុណវិបត្តិដែលនាងជួប ដោយសារតែភាពតានតឹងនៃការងារនាំឱ្យប៉ះពាល់ដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់នាង។ នារីអាយុ ២៤ឆ្នាំរូបនេះ បានប្រាប់ថានាងបានឡើងទម្ងន់ពី ៦០ ទៅ ៨០គីឡូក្រាមបន្ទាប់ពីនាងបានចូលធ្វើការអស់រយៈពេលមួយឆ្នាំ។
ស្ត្រីជនជាតិចិន រូបនេះមិនបានបញ្ជាក់ពីកន្លែងធ្វើការ ឬប្រភេទនៃការងាររបស់នាងទេ តែ Ouyang Wenjing បានពន្យល់ថា ជារឿយៗនាងតែងតែធ្វើការថែមម៉ោង ហើយត្រូវផ្លាស់ប្ដូរវេនជាញឹកញយ ដែលប៉ះពាល់ដល់ការប្រើប្រាស់ជីវិតប្រចាំថ្ងៃ និងតម្រូវឱ្យនាងកុម្ម៉ង់អាហារតាមរយៈកម្មវីធីដឹកជញ្ជូនអាហារជាប្រចាំ។
Ouyang Wenjing បានចែករំលែកថាអតីតការងារបស់នាង ពិតជាបានប៉ះពាល់ដល់ស្ថានភាពសុខផ្លូវកាយ និងផ្លូវចិត្តរបស់នាងជាខ្លាំង។ ដូច្នេះហើយទើបនាងសម្រេចចិត្តលាឈប់ពីការងារតាំងពីខែមិថុនា ហើយឥឡូវនេះនាងមានអារម្មណ៍ល្អប្រសើរជាងមុន។
បច្ចុប្បន្ន Ouyang ជា influencer នៅលើមាតិកាសម្រកទម្ងន់ដែលមានអ្នកតាមដាន ៤១០០០ នៅលើគណនី Xiaohongshu ។ នាងបានកែប្រែរបបអាហាររបស់ខ្លួន ដោយបន្ថយបរិមាណការបរិភោគប្រេង ខ្លាញ់ និងជាតិស្ករ ដោយផ្តោតលើអាហារដែលមានតុល្យភាពជាមួយបន្លែ គ្រាប់ធញ្ញជាតិ និងប្រូតេអ៊ីន។ ជាលទ្ធផល នាងបានស្រកអស់ ៦គីឡូក្រាមត្រឹមរយៈពេល ១ខែក្រោយពីការផ្លាស់ប្ដូរបបអាហារ។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជារឿងចម្លែកនោះទេ ព្រោះក្រោយពី Ouyang Wenjing ចែករំលែកបទពិសោធន៍របស់ខ្លួនមានមនុស្សជាច្រើនដែលបានជួបបញ្ហាតែមួយនេះ។ តួយ៉ាង ស្រី្តអាយុ ៣៣ឆ្នាំដែលជាបុគ្គលិកនៅក្រុមហ៊ុនបច្ចេកវិទ្យាមួយនាទីក្រុងសៀងហៃ បាននិយាយថាខ្លួនបានឡើងទម្ងន់ ៣គីឡូក្រាមក្នុងរយៈពេលត្រឹម ២ខែដោយសារតែភាពតានតឹងនៃការងារ។
បើទោះបីជាច្បាប់ការងាររបស់ប្រទេសចិនបានចែងថា បុគ្គលិកមិនគួរធ្វើការលើសពី ៤០ម៉ោងក្នុងមួយសប្ដាហ៍ក៏ដោយ តែក្រុមហ៊ុនជាច្រើនតែងតែល្មើសនឹងច្បាប់មួយនេះ។ បន្ថែមពីនេះ វប្បធម៌ការងារថ្មី “៩៩៦” កំពុងតែរីករាលដាលនៅក្នុងប្រទេសចិន ដោយបុគ្គលិកម្នាក់ៗត្រូវចាប់ផ្ដើមធ្វើការពីម៉ោង ៩ព្រឹកដល់ម៉ោង ៩យប់ រយៈពេល ៦ថ្ងៃក្នុងមួយសប្ដាហ៍។ ដោយមានបុគ្គលម្នាក់បានចែករំលែកថា វាជារឿងដែលពិបាកខ្លាំងក្នុងការរកកន្លែងការងារដែលអនុញ្ញាតឱ្យឈប់ ២ថ្ងៃក្នុងមួយសប្ដាហ៍៕

























Account
Security
Favourite Content