អាជីពជា “ដៃគូឡើងភ្នំ” បានក្លាយជាមុខរបរមួយដ៏ពេញនិយមសម្រាប់និស្សិតចិន ជាមួយនឹងប្រាក់ចំណូលប្រមាណ ២១០០ដុល្លារអាមេរិកក្នុងមួយខែ។

តាមរយៈគេហទំព័រ 8days បានលើកឡើងថា អាជីពមួយនេះបានចាប់ផ្ដើមឡើងដោយនិស្សិតប្រុសមួយក្រុមដែលជាកីឡាករមានរូបសង្ហា បានឆ្លៀតឱកាសនៅថ្ងៃឈប់សម្រាករបស់ខ្លួនមកបម្រើសេវាកម្មដែលមានឈ្មោះជាភាសាចិន “pei pa” ឬមានអត្ថន័យថា “ដៃគូឡើងភ្នំ” នៅឯភ្នំ Tai ដោយហេតុថាភ្នំនេះជាភ្នំដែលខ្ពស់បំផុតនៅក្នុងខេត្តសានទុង ប្រទេសចិន។
ជាមួយនឹងឧបសគ្គជាច្រើន និងត្រូវចំណាយពេលជាមធ្យមប្រមាណ ៣ម៉ោង ៤០នាទី សេវាកម្មនេះជាទូទៅមានតម្លៃ ៤៥០ យន់ ឬប្រមាណ ៦៥ដុល្លារអាមេរិក ក្នុងតម្លៃនេះ ក្រុមនិស្សិតទាំងនោះមិនមែនគ្រាន់តែធ្វើជាដៃគូឡើងភ្នំនោះទេ ពួកគេក៏ជួយធ្វើជាអ្នកថតរូប និងវីដេអូផ្ទាល់ខ្លួន ក៏ដូចជាជួយផ្ដល់កម្លាំងចិត្ត និងត្រៀមអាហារសម្រន់មួយចំនួនជូនអតិថិជនទៀតផង។

បន្ថែមពីនេះទៀត បើសិនជាអ្នកដែលមានកូនតូច តែចង់ឡើងលើភ្នំនេះ ពួកគេក៏អាចជួលសេវាកម្មពីនិស្សិតទាំងនោះឱ្យជួយអៀវកូនរបស់ពួកគេបានផងដែរ។ មិនត្រឹមតែប៉ុណ្ណោះទេ អ្នកខ្លះទៀត ក៏ទទួលអៀវអតិថិជនដែលជាមនុស្សពេញវ័យផងដែរ បើសិនជាពួកគេអស់កម្លាំងកណ្ដាលទី។
កាលពីថ្ងៃទី២៣ ខែកញ្ញានេះ នារីម្នាក់បានបញ្ចេញវីដេអូដែលនាងបានទទួលសេវាកម្មនេះ នៅលើគណនីយូធូប។ តាមរយៈវីដេអូនេះ គេសង្កេតឃើញថា និស្សិតទាំងនោះបានបម្រើសេវាកម្មរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់ ដោយបានត្រៀមនៅសម្ភារៈមួយចំនួនដូចជា វែនតាការពារកម្ដៅថ្ងៃ នំចំណី និងភេសជ្ជៈ ព្រមទាំងជួយបក់ផ្លិតនៅពេលដែលនាងហត់ទៀតផង។

បច្ចុប្បន្ន មិនមែនមានតែនិស្សិតប្រុសនោះទេដែលបម្រើសេវាកម្មនេះ តែនិស្សិតស្រីមួយចំនួនក៏បានចាប់អាជីពមួយនេះផងដែរ។ បើយោងតាមនិស្សិតស្រីម្នាក់ឈ្មោះ Qui បានលើកឡើងថា ជាមធ្យមនាងអាចរកប្រាក់ចំណូលបានប្រមាណ ២១០០ដុល្លារអាមេរិកក្នុងមួយខែ។
នាងក៏បានចែករំលែកបន្ថែមថា សេវាកម្មនេះមាន ២តម្លៃផ្សេងគ្នា ដោយពេលថ្ងៃនាងអាចរកចំណូលបាន ៥០ដុល្លារអាមេរិកក្នុងមួយដង និង ៦៥ដុល្លារអាមេរិកសម្រាប់ពេលយប់ ជាមួយនឹងការថែមជូនពិសេសដែលនាងជួយថត និងកាត់តវីដេអូជូនភ្ញៀវទៀតផង។ បន្ថែមពីនេះ នាងក៏បន្តថា ជាទូទៅនាងទទួលបានការកក់ប្រមាណ ៤០ក្នុងមួយសប្ដាហ៍ និងអាចទទួលបានការកក់ច្រើនជាងនេះនៅពេលមានបុណ្យទាន៕

























Account
Security
Favourite Content