អាកាសយានិកយោធាស្រីបានទាក់ទាញចំណាប់អារម្មណ៍ពីក្នុងកម្មវិធី Zhuhai air show បន្ទាប់ពីសាធារណជនបានសង្កេតឃើញថា នាងមានមុខមាត់ស្រដៀងគ្នាទៅនឹងតារាសម្ដែងរបស់កូរ៉េខាងត្បូង Song Hye-kyo។

យោងតាមការរាយការណ៍របស់ទូរទស្សន៍ Zhejiang TV អ្នកបើកយន្តហោះរូបនេះ មានឈ្មោះពេញថា Xu Fengcan និងបានទទួលតួនាទីជាអ្នកអត្ថាធិប្បាយនៅក្នុងកម្មវិធី Zhuhai air show ដែលជាពិព័រណ៍អាកាសចរណ៍អន្តរជាតិ និងលំហអាកាសចិនដ៏ធំបំផុតនៅក្នុងប្រទេសចិន ដោយបានទាក់ទាញអ្នកចូលរួម ព្រមទាំងអាកាសយានិកបរទេសជាច្រើនរូបមកតម្រង់ជួរសុំថតរូបជាមួយនាង។
ពីឡុតស្រីវ័យ ២៥ឆ្នាំរូបនេះ បានទាកទាញចំណាប់អារម្មណ៍ពីសាធារណជនជាលើកដំបូងនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ តាមរយៈវីដេអូបទសម្ភាសន៍ជាមួយទូរទស្សន៍ CCTV ដែលគ្រានោះនាងបានណែនាំពីគំរូឧទ្ធម្ភាគចក្រថ្មីនៅក្នុងកម្មវិធីតែមួយនេះ។ ក្រោយវីដេអូចេញផ្សាយ ប្រជាជនចិនដីគោកជាច្រើនរូបបានប្រទះឃើញពីភាពស្រដៀងគ្នារវាង Xu Fengcan និងតារាកូរ៉េខាងត្បូងនាង Song Hye-kyo រហូតបានដាក់រហស្សនាមឱ្យនាងថាជា Song Hye-kyo 2.0 ប្រចាំប្រទេសចិន។

ក្រៅពីរូបសម្រស់ Xu Fengcan ក៏មានកេរ្តិ៍ឈ្មោះ និងសមត្ថភាពនៅក្នុងជួរយោធាផងដែរ ដោយនាងជានារីក្នុងជំនាន់ទី១ ដែលត្រូវបានជ្រើសរើសឱ្យចូលរៀនក្នុងវគ្គបណ្ដុះបណ្ដាញរបស់កងកម្លាំងដីគោក People’s Liberation Army (PLA) កាលពីឆ្នាំ ២០១៧ បន្ទាប់ពីនាងបញ្ចប់ការសិក្សាពីថ្នាក់អនុវិទ្យាល័យ។ នៅក្នុងឆ្នាំ ២០២០ Xu បានក្លាយជាអ្នកបើកបរយន្តហោះជាស្ត្រីដំបូងគេរបស់កងកម្លាំងដីគោក ដែលបានបញ្ចប់ភារកិច្ចហោះហើរដោយឯករាជ្យ និងបានបញ្ចប់ការសិក្សាពីសាលាអាកាសចរណ៍របស់ PLA នៅក្នុងឆ្នាំ ២០២៣។
កាលពីឆ្នាំមុន Xu ក៏ត្រូវបានបោះឆ្នោតជ្រើសរើសឲ្យកាន់កាប់តំណែងជា អនុប្រធានសភាប្រជាជនជាតិ ដែលជាងារដ៏ធំមួយនៅក្នុងប្រព័ន្ធនយោបាយរបស់ប្រទេសចិន៕
























Account
Security
Favourite Content