ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត ព្រោះទាំង ChatGPT និង Gemini សុទ្ធតែទទួលបានអ្នកប្រើប្រាស់ ១ ពាន់លាននាក់ដូចគ្នា ហើយកំពុងប្រកួតប្រជែងគ្នាយ៉ាងស្រួចស្រាវ ដើម្បីក្លាយជា AI ដែលមនុស្សជុំវិញពិភពលោកជ្រើសរើសប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ។

ក្នុងនោះ ខាងភាគី Gemini ទើបតែឈានដល់កម្រិតអ្នកប្រើប្រាស់ ១ ពាន់លាននាក់ក្នុងមួយខែ នៅក្នុងខែសីហា ឆ្នាំ ២០២៦ នេះ បន្ទាប់ពីមានប្រហែល ៧៥០ លាននាក់កាលពីខែកុម្ភៈ និង ៩៥០ លាននាក់ក្នុងខែកក្កដាកន្លងទៅ។ អាចនិយាយបានថា មានការកើនឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេលត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ ខណៈដែល ChatGPT ក៏បានទទួលអ្នកប្រើប្រាស់ ១ ពាន់លាននាក់ក្នុងមួយខែមុននេះរួចទៅហើយ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ តួលេខរបស់ Google គឺជាចំនួនអ្នកប្រើប្រាស់កម្មវិធី (App) Gemini ដោយផ្ទាល់ មិនបានរាប់បញ្ចូលអ្នកប្រើប្រាស់ AI ដែលចូលប្រើ Gemini តាមរយៈច្រកផ្លូវផ្សេងទៀត ដូចជា AI នៅក្នុង Google Search នោះទេ។ ក្នុងចំណោមនោះ មានអ្នកប្រើប្រាស់លើប្រព័ន្ធ iOS ច្រើនជាង ១០០ លាននាក់ ខណៈដែល Gemini ដែលជាប់មកស្រាប់ជាមួយឧបករណ៍ Android ក៏ត្រូវបានរាប់បញ្ចូលដែរ ធ្វើឱ្យមូលដ្ឋានអ្នកប្រើប្រាស់ភាគច្រើននៅតែមកពី Android ដែលជាការមានប្រៀបដ៏សំខាន់របស់ Google។
រូបភាពនេះស្តែងឱ្យឃើញថា AI កំពុងផ្លាស់ប្តូរពី «បច្ចេកវិទ្យាថ្មីដែលមនុស្សចង់សាកល្បង» មកជាឧបករណ៍ដែលមនុស្សជាច្រើនប្រើប្រាស់ពិតប្រាកដក្នុងជីវិតប្រចាំថ្ងៃ មិនថាតែការសួរព័ត៌មាន សរសេរការងារ សង្ខេបខ្លឹមសារ បង្កើតរូបភាព រហូតដល់ការជួយធ្វើការងារដែលស្មុគស្មាញជាងមុន។
ការប្រកួតប្រជែងបន្ទាប់ពីនេះ អាចនឹងមិនមែនវាស់វែងត្រឹមតែ «AI របស់នរណាឆ្លាតជាង» នោះទេ ប៉ុន្តែអាចជា «AI របស់នរណាចូលទៅនៅក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្សបានច្រើនជាង»។ ព្រោះនៅពេលដែលទាំង ChatGPT និង Gemini សុទ្ធតែមានមូលដ្ឋានអ្នកប្រើប្រាស់កម្រិតពាន់លាននាក់ដូចគ្នាហើយនោះ ទីលានប្រកួតប្រជែងរបស់ AI ក៏មិនមែនត្រឹមតែជារឿងនៃម៉ូឌែល (Model) ទៀតនោះដែរ ប៉ុន្តែកំពុងក្លាយជាការប្រកួតប្រជែងដើម្បីដណ្តើមតំណែង «ជំនួយការ AI ប្រចាំខ្លួន» របស់មនុស្សគ្រប់ៗរូប ៕




















































Account
Security
Favourite Content