នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Cambridge បានបញ្ចូលពាក្យថ្មីចំនួន ៦ ២១២ ពាក្យចូលទៅក្នុងវចនានុក្រមរបស់ខ្លួន ដោយក្នុងនោះក៏មានពាក្យបង្កើតថ្មីដោយ Gen Z និង Gen Alpha ដូចជាពាក្យថា Skibidi និង Delulu ជាដើម។
នៅក្នុងយុគសម័យនៃបណ្ដាញទំនាក់ទំនងសង្គម មនុស្សជំនាន់ Z និង ជំនាន់ Alpha និយមបង្កើតពាក្យថ្មីៗដើម្បីពិពណ៌នាអំពីអារម្មណ៍ ឬព្រឹត្តការណ៍ណាមួយ ដោយមនុស្សជំនាន់ផ្សេងអាចនឹងត្រូវស្វែងយល់ពីប្រវត្តិ និងបរិបទនៃពាក្យទាំងនោះ ដើម្បីអាចដឹងពីអត្ថន័យរបស់ពាក្យបាន។

ជាក់ស្ដែង ដូចជាពាក្យថា Skibidi ដែលមានដើមកំណើតចេញពីតុក្កតារបស់សាធារណរដ្ឋហ្សកហ្ស៊ី រឿង Skibidi Toilet ដែលជាពាក្យមួយដ៏ពេញនិយមក្នុងចំណោម Gen Alpha ឬក្រុមមនុស្សដែលកើតចន្លោះឆ្នាំ ២០១០ និង ២០២៤។
នៅក្នុងវចនានុក្រម Cambridge ពាក្យថា “Skibidi” នេះមានថ្នាក់ពាក្យជា គុណនាម មានន័យថា ឡូយ យ៉ាប់ ឬអាចយកទៅប្រើប្រាស់ដោយគ្មានអត្ថន័យអ្វីទាំងអស់ ដើម្បីជាការលេងសើច។ តួយ៉ាង ប្រយោគដូចជា “What the skibidi are you doing?” អាចប្រែជាខេមរភាសាថា “តើអ្នកកំពុងធ្វើអ្វី?”។

ក្រៅពីនេះ ក៏នៅមានពាក្យថា “Delulu” ដែលជាទម្រង់ខ្លីនៃពាក្យថា “Delusional” ដោយ Cambridge បានកំណត់ពាក្យនេះក្នុងថ្នាក់ពាក្យជា គុណនាម សំដៅទៅលើការជឿអ្វីមួយដែលមិនពិត ក៏ប៉ុន្តែអ្នកនៅតែជ្រើសរើសជឿលើរឿងនោះ។ តួយ៉ាង ប្រយោគដូចជា ខ្ញុំគិតថាមិត្តខ្ញុំ Delulu ព្រោះតែនាងបានលួចស្រឡាញ់តារាល្បីម្នាក់ ហើយនាងគិតថា គាត់ក៏ស្រឡាញ់នាងដូចគ្នា។
ឆ្លើយតបនឹងការបញ្ចូលពាក្យថ្មីៗមានមូលដ្ឋានពីមនុស្សជំនាន់ក្រោយ លោក Colin McIntosh អ្នកគ្រប់គ្រងកម្មវិធីវាក្យសព្ទរបស់ Cambridge Dictionary បានឱ្យដឹងថា វប្បធម៌ដែលកើតមាននៅលើអ៊ីនធឺណិតកំពុងតែជះឥទ្ធិពលលើភាសាអង់គ្លេស ដោយលក្ខណៈវិនិច្ឆ័យក្នុងការបញ្ចូលពាក្យថ្មីទៅកាន់វចនានុក្រមនេះ គឺអាស្រ័យទៅលទ្ធភាពដែលពាក្យនេះអាចនឹងមានអ្នកបន្តប្រើប្រាស់ក្នុងរយៈពេលយូរ៕


























Account
Security
Favourite Content