តារាវិទូពីសាកលវិទ្យាល័យ Harvard ការប្រកាសរកឃើញអាចម៍ផ្កាយថ្មីមួយដែលហោះកៀកនឹងភពផែនដី ប៉ុន្តែនៅទីបំផុត គេបានរកឃើញថា វាគឺជារថយន្ត Tesla Roadster របស់មហាសេដ្ឋីពិភពលោក Elon Musk ដែលបានបង្ហោះទៅលើអវកាសកាលពី ៧ឆ្នាំមុន។

យោងតាមគេហទំព័រ Astronomy បានឱ្យដឹងថា កាលពីថ្ងៃទី២ ខែមករា កន្លងទៅនេះ មជ្ឈមណ្ឌល Minor Planet Center របស់ Harvard-Smithsonian Center for Astrophysics បានចុះបញ្ជីជាផ្លូវការ នូវការរកឃើញអាចម៍ផ្កាយថ្មី ដោយដាក់ឈ្មោះថា 2018 CN41។
អាចម៌ផ្កាយមួយនេះ បានហោះនៅក្នុងលំហអាវកាស ដែលមានរយៈចម្ងាយប្រមាណ ២៤០ ០០០ គីឡូម៉ែត្រពីភពផែនដី។ តាមការអះអាងរបស់តារាវិទូ 2018 CN41 ស្ថិតនៅជិតផែនដី បើប្រៀបធៀបនឹងព្រះចន្ទ ហើយអាចនឹងធ្លាក់មកកាន់ផែនដីនៅពេលណាមួយ។
ដោយឡែក ក្រោយពីព្រឹត្តិការណ៍ខាងលើ បានកើតឡើងត្រឹមរយៈពេល ១៧ម៉ោង មជ្ឈមណ្ឌល Minor Planet Center (MPC) បានប្រកាសដកចេញ 2018 CN41 ពីបញ្ជីវិញ ដោយមានហេតុផលថា 2018 CN41 មិនមែនជាអាចម៍ផ្កាយទេ តែការពិតវាជា “រថយន្ត” ទៅវិញ។
រថយន្តដែលបានធ្វើឱ្យតារាវិទូមានការភាន់ច្រឡំមួយនេះ ជាម៉ូដែលរថយន្តរបស់ Tesla មានឈ្មោះថា Tesla Roadster ដែលលោក Elon Musk បានបង្ហោះទៅទីលំហកាលពីខែកុម្ភៈ ឆ្នាំ២០១៨ រួមគ្នាមួយនឹងការធ្វើតេស្តយានអវកាស SpaceX Falcon Heavy របស់ក្រុមហ៊ុន SpaceX។
យ៉ាងណាមិញ រឿងទាំងនេះបានធ្វើឲ្យតារាវិទូជាច្រើនរូបមិនសប្បាយចិត្ត ដោយអះអាងថា វត្ថុដែលមិនបានកើតឡើងតាមធម្មជាតិ ហោះហើរនៅក្នុងទីអវកាសកាន់តែច្រើន និងធ្វើឱ្យប៉ះពាល់ដល់កិច្ចការស្រាវជ្រាវរបស់ពួកគេ។
លោក Jonathan McDowell យល់ឃើញថា វត្ថុផ្សេងៗដែលមនុស្សបញ្ចូនទៅអវកាស ដូចជារថយន្តមួយគ្រឿងនេះ ជាបញ្ហាមួយរារាំងតារាវិទូ លើកិច្ចការពារផែនដីពីអាចម៌ផ្កាយដែលមានគ្រោះថ្នាក់ផ្សេងៗ។ អ្នកជំនាញរូបនេះ បានរៀបរាប់ពីការខកចិត្តថា៖ “ក្នុងករណីដែលអាក្រក់បំផុត ឧទាហរណ៍ថា អ្នកបានចំណាយលុយរាប់ពានលានដុល្លារដើម្បីបញ្ជូនយានអាវកាសទៅសិក្សាអាចម៍ផ្កាយ។ ក៏ប៉ុន្តែនៅពេលទៅដល់ អ្នកស្រាប់តែដឹងការពិតថា វាមិនមែនជាអាចម៌ផ្កាយពិតប្រាកដ”៕



























Account
Security
Favourite Content