ការគូររូបគំនូរដោយ AI ឬបញ្ញាសិប្បនិម្មិតកំពុងផ្ទុះការពេញនិយមខ្លាំងនៅទូទាំងពិភពលោក រួមទាំងនៅកម្ពុជាផងដែរក្រោយក្រុមហ៊ុន Open AI បានដាក់ដំណើរការ Chat GPT។ បច្ចេកវិទ្យា AI ថ្មីមួយចំនួន ពេញនិយមខ្លាំងរហូតត្រូវបានប្រើប្រាស់សឹងតែគ្រប់ទម្រង់រួមមាន បង្កើតវីដេអូដោយ AI, អត្ថបទដោយ AI, ឆ្លើយសំនួរដោយ AI និងបង្កើតរូបភាពដោយ AI នេះជាដើម។
ទាក់ទិននឹងការបង្កើតរូបភាពដោយ AI នេះវិចិត្រករមួយរូបបានបង្កើតរូបភាពមួយបែបថ្មីដោយការប្រើ AI ឲ្យគូររូបមហាសេដ្ឋីល្បីៗជាច្រើន ថាតើពួកគេមានសភាព និងរូបរាងបែបណាប្រសិនបើពួកគេជាមនុស្សក្រីក្រ រស់នៅតាមតំបន់អាណាធិបតេយ្យ។
រូបភាពគួរឱ្យភ្ញាក់ផ្អើលទាំងនេះត្រូវបង្កើតឡើងដោយវិចិត្រករជនជាតិឥណ្ឌាឈ្មោះ Gokul Pillai ដែលបង្ហាញពីសភាពក្រីក្ររបស់ Donald Trump, Elon Musk, Muskesh Ambani, Mark Zuckerberg, Warren Buffet, Bill Gates និង Jeff Bezos ជាដើម។
យោងតាមកាសែត DailyMail.com វិចិត្រករ Pillai បានប្រាប់ថាគាត់បានប្រើកម្មវិធី AI-program Midjourney ដើម្បីបង្កើតរូបភាពទាំងនេះ ហើយបានធ្វើកែកុនផ្លាស់ប្តូរបន្តិចបន្តួចទៀតនៅលើកម្មវិធី photoshop ហើយរូបភាពទាំងអស់នេះចំណាយពេលប្រហែល២ថ្ងៃដើម្បីបង្កើត។
វិចិត្រកររូបនេះបន្តថា លោកទទួលបានការបំផុសគំនិតមកពីភាពយន្តឥណ្ឌាបុរាណមួយមានចំណងជើងថា «Slumdog Millionaire» នៅពេលដែលគាត់មើលវាឡើងវិញ។ “វា ចៃដន្យណាស់ ភាពយន្តនេះត្រូវបានគេថតនៅតំបន់អនាធិបតេយ្យក្នុងប្រទេសឥណ្ឌា ហើយចំពេលខ្ញុំក៏ចង់បង្កើតអ្វីមួយឡើងវិញដោយផ្អែកលើរឿងនោះ” ៕































Account
Security
Favourite Content