លោក Louis Fan ជាតារាសម្ដែងហុងកុងជើងចាស់ដ៏ល្បីឈ្មោះម្នាក់ ជាពិសេសគ្រប់គ្នាស្គាល់រូបលោកតាមរយៈការសម្ដែងក្នុងរឿង “មនុស្សកម្លាំងយក្ស” ឬ “Riki-oh: The Story of Ricky” ក្នុងឆ្នាំ ១៩៩១។ ជាបន្ដបន្ទាប់លោកបានបង្ហាញខ្លួនក្នុងភាពយន្ដជាច្រើនដែលភាគច្រើនផ្ដោតលើក្បាច់គុន។


បច្ចុប្បន្នរូបលោកមានវ័យ ៥០ ឆ្នាំទៅហើយ ប៉ុន្ដែលោកនៅតែមានឱកាសគ្រងតំណែងជាតួឯកប្រុសដោយសារតែមុខមាត់វ័យក្មេងជាងអាយុ និងរូបរាងសមសួនមានសាច់ដុំ។ ថ្មីៗ នេះ ភាពយន្ដថ្មីរបស់លោកមានចំណងជើងថា “Bull Demon King Rise Again” បានចេញផ្សាយជាផ្លូវការ អ្វីដែលធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ខ្លាំងក្រៅពីការសម្ដែងដ៏ប៉ិនប្រសប់របស់លោកនោះគឺរូបរាង។


ក្នុងរឿងនោះដែរ មានឈុតឆាកដែលតម្រូវឱ្យលោកដោះអាវចេញ និងធ្វើឱ្យគ្រប់គ្នាបានឃើញពីសាច់ដុំកង់ៗ ដ៏រឹងមាំរបស់លោកធ្វើឱ្យគ្រប់គ្នាមិនសរសើរមិនបាន ព្រោះវ័យច្រើនណាស់ហើយនៅតែថែរក្សារូបរាងបានយ៉ាងល្អមាំទាំ ខណៈដែលតារាប្រុសមួយចំនួនដែលមានវ័យស្រករៗ លោកខ្លះរូបរាងបានប្រែប្រួលទៅតាមអាយុអស់ទៅហើយ។




បើតាមសម្ដីរបស់តារាប្រុស Louis Fan ផ្ទាល់ មូលហេតុដែលធ្វើឱ្យលោករក្សារូបរាងរបស់ខ្លួនបានយ៉ាងល្អនោះ ដោយសារលោកស្រឡាញ់ក្បាច់គុនចិនជារឿយៗ លោកតែងតែហាត់ក្បាច់គុន និងហាត់ប្រាណ។ លើសពីនេះ លោកក៏មានហ្វឹកហាត់ជាពិសេសលើការពង្រឹងសាច់ដុំ និងហាត់យករាងផងដែរ ដូច្នេះទើបលោកមើលទៅមាំមួនខ្លាំងបើទោះជាមានវ័យខ្ទង់ ៥០ ហើយក៏ដោយ។
គួររំឭកថា ក្រៅពីធ្វើជាតារាសម្ដែង លោកក៏ជាតារាជំនាញផ្នែកក្បាច់គុនម្នាក់ផងដែរ ហើយក្នុងអាជីពជាអ្នកសិល្បៈលោកបានបង្ហាញខ្លួនក្នុងរឿងភាគ និងភាពយន្ដកុនមិនតិចជាង ៦០ រឿងឡើយ៕


























































Account
Security
Favourite Content