បើនិយាយដល់មនុស្សដែលមានអាយុវែងបំផុតក្នុងពិភពលោកច្បាស់នឹងកម្របំផុត ប៉ុន្តែក៏បច្ចុប្បន្នពួកគាត់នៅតែមានវត្តមានលើលោកដែរហើយមកពីបណ្ដាប្រទេសផ្សេងៗគ្នាដូចជាសហរដ្ឋអាមេរិក ជប៉ុន និងចក្រភពអង់គ្លេសជាដើម។ ដូច្នេះថ្ងៃនេះ AMS នឹងមកនាំប្រិយមិត្តឱ្យស្គាល់នូវវត្តមានលោកយាយដែលមានអាយុលើសពី ១១០ ឆ្នាំគិតត្រឹម ២០២៤៖
១. លោកយាយ Maria Branyas Morera

នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ លោកយាយ Maria Branyas Morera ត្រូវបានស្ថាប័ន Guinness World Records ទទួលស្គាល់ជាផ្លូវការជាមនុស្សដែលមានអាយុវែងជាងគេក្នុងលោកក្នុងវ័យ ១១៧ ឆ្នាំគិតត្រឹមឆ្នាំ ២០២៤។ លោកយាយ Maria កើតនៅថ្ងៃទី៤ ខែមីនា ឆ្នាំ១៩០៧ នៅសាន់ហ្វ្រាន់ស៊ីស្កូ រដ្ឋកាលីហ្វ័រញ៉ាក្នុងគ្រួសារជនជាតិអេស្ប៉ាញ។ មុនពេលលោកយាយកើត គ្រួសារលោកយាយបានផ្លាស់ទៅលំនៅជាញឹកញាប់ និងចុងក្រោយពួកគេក៏បានត្រលប់ទៅអេស្ប៉ាញវិញតាមនាវា។ ជាអកុសលនៅតាមផ្លូវលោកយាយបានជួបគ្រោះថ្នាក់ដោយធ្វើឱ្យលោកយាយពិការការស្ដាប់នៅអាយុ ៨ ឆ្នាំ។ ក្រោយពីរៀបការមានគ្រួសារជាមួយស្វាមីក្នុងឆ្នាំ ១៩៣១ អ្នកទាំងពីរក៏ទទួលបានកូនបីនាក់ និងមានតួនាទីជាគិលានុបដ្ឋាយិកាផងដែរ។ គិតត្រឹមឆ្នាំ 2019 Morera មានចៅចំនួន ១១ នាក់ និងចៅទួតចំនួន ១១ នាក់ ។
២. លោកយាយ Tomiko Itooka

លោកយាយ Tomiko Itooka បានកើតនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ១៩០៨ ជាកូនស្រីទីពីរក្នុងគ្រួសារនៅទីក្រុងអូសាកា ប្រទេសជប៉ុនដោយបច្ចុប្បន្នលោកយាយមានវ័យ ១១៦ ឆ្នាំ។ កាលពីក្មេងលោកយាយមានចំណង់ចំណូលចិត្តលេងកីឡាបាល់ទះ។ ក្នុងកំលុងសង្គ្រាមលោកលើកទី២ លោកយាយ Tomiko បានបើកដំណើរការរោងចក្រវាយនភណ្ឌនៅប្រទេសកូរ៉េខាងត្បូងដោយតំណាងឱ្យប្ដីរបស់លោកយាយ ខណៈលោកយាយក៏បានដើរតួជាឪពុកចិញ្ចឹមកូនក្នុងបន្ទុកផងដែរ។ បន្ទាប់ពីប្តីរបស់លោកយាយបានទទួលមរណភាពនៅឆ្នាំ ១៩៧៩ លោកយាយ Tomiko បានចំណាយពេលប្រហែល ១០ ឆ្នាំរស់នៅតែម្នាក់ឯងក្នុងខេត្តណារ៉ា។ ក្នុងរយៈពេល ១០ ឆ្នាំនេះលោកយាយបានឡើងភ្នំ Nijo ជាញឹកញាប់ និងភ្នំ Ontake ដែលមានកំពស់ ៣០០០ ម៉ែត្របានពីរដងផងដែរ។ ក្នុងទសវត្សរ៍ទី ៨០ លោកយាយ Itooka បានចូលរួមក្នុងកម្មវិធី Osaka 33 Kannon Pilgrimage ពីរដង។ លុះនៅអាយុ ១០០ ឆ្នាំ លោកយាយថែមទាំងបានឡើងជណ្តើរថ្មដ៏វែងនៃទីសក្ការបូជា Ashiya ដោយគ្មានឈើច្រត់ទៀតផង។
៣. លោកយាយ Inah Canabarro Lucas

លោកយាយ Inah Canabarro Lucas បានកើតនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ១៩០៨ ជាជនជាតិប្រេស៊ីលហើយមិនមែនជារឿងលេងសើចឡើយដែលកាលនោះមនុស្សជាច្រើនមិនជឿទេថាលោកយាយ Inah អាចរស់នៅឆ្លងផុតពីអាយុ ៧ ឆ្នាំដោយសារតែលោកយាយមានរូបរាងស្គមស្គាំងខ្លាំងមែនទែន។ ផ្ទុយទៅវិញលោកយាយបែរជាអាចរស់នៅមានជីវិតមកដល់សព្វថ្ងៃនៅអាមេរិកឡាទីនជាមួយវ័យ ១១៦ ឆ្នាំ។ នៅឆ្នាំ ១៩២០ លោកយាយបានក្លាយជាដូនជីនៅក្នុងព្រះវិហារមួយកន្លែង និងជាមនុស្សដែលមានវ័យចំណាស់ជាងគេក្នុងអាជីពនេះផងដែរ។ នៅទសវត្សរ៍ឆ្នាំ ១៩៣០ លោកយាយ Inah បានផ្លាស់ពីប្រទេសអ៊ុយរ៉ាហ្គាយទៅកាន់ប្រទេសប្រេស៊ីល និងជាកន្លែងដែលលោកយាយបានបង្រៀនភាសាព័រទុយហ្គាល់ និងគណិតវិទ្យានៅសាលាមួយក្នុងទីក្រុង Tijuca ទីក្រុង Rio de Janeiro ។ ដោយភក្ដីភាពជាមួយព្រះ លោកយាយត្រូវបានគេកោតសរសើរអំពីសុខភាពដ៏រឹងមាំដោយលោកយាយទើបចាប់ផ្ដើមប្រើឈើច្រត់ក្នុងអាយុ ១១០ ឆ្នាំនេះប៉ុណ្ណោះ។
៤. លោកយាយ Elizabeth Francis

លោកយាយ Elizabeth Francis កើតនៅខែកក្កដាឆ្នាំ ១៩០៩ នៅ Louisiana ជាជនជាតិអាមេរិកដែលត្រូវបានគេទទួលស្គាល់ថាជាមនុស្សចាស់បំផុតក្នុងរដ្ឋតិចសាស់ដោយគិតត្រឹមខែកក្កដា ឆ្នាំ២០២៤ លោកយាយមានវ័យ ១១៤ ឆ្នាំទៅហើយ។ ក្នុងកំលុងឆ្នាំ ១៩៧០ លោកយាយ Francis បានបើកហាងកាហ្វេមួយនៅស្ថានីយទូរទស្សន៍ Houston TV ដែលមានបងស្រីរបស់លោកយាយឈ្មោះ Bertha Johnson។ ជាអកុសលបងស្រីរបស់លោកយាយបានទទួលមរណភាពនៅវ័យ ១០៦ ឆ្នាំ ប៉ុន្តែបានធ្វើឱ្យលោកទាំងពីរបំបែកកំណត់ត្រាក្លាយជាបងប្អូនចាស់ជាងគេបំផុតក្នុងលោក។ គិតត្រឹមខែកុម្ភៈ ឆ្នាំ ២០២១ លោកយាយ Francis មានចៅបីនាក់ ចៅទួតបួននាក់ និងចៅលួតពីរនាក់ទៅហើយ។
៥. លោកយាយ Ethel Caterham


កើតនៅថ្ងៃទី២១ ខែសីហា ឆ្នាំ១៩០៩ គិតមកដល់បច្ចុប្បន្នលោកយាយ Ethel Caterham មានអាយុ ១១៤ ឆ្នាំដែលបានក្លាយជាស្រ្តីចំណាស់បំផុតនៅចក្រភពអង់គ្លេស។ នៅក្នុងវ័យ ១៨ ឆ្នាំលោកបានចំណាយពេល ៣ សប្ដាហ៍ធ្វើដំណើរតាមទូកទៅកាន់ប្រទេសឥណ្ឌាដោយបានចាប់អាជីពជាមេដោះរបស់គ្រួសារជនជាតិអង់គ្លេសនៅទីនោះផងដែរ។ លុះដល់ឆ្នាំ ១៩៣១ លោកយាយបានជួបជាមួយនឹងស្វាមីឈ្មោះ Norman ដែលជាមេទ័ពអង់គ្លេសម្នាក់។ នៅពេលអ្នកទាំងពីរផ្លាស់ប្ដូរមកឈរជើងនៅហុងកុង លោកយាយ Caterham បានបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលកុមារសម្រាប់កុមារក្នុងស្រុក និងកុមារជនជាតិអង់គ្លេសផងដែរ។ នៅទីនេះ លោកយាយបានបង្រៀនភាសាអង់គ្លេស ហ្គេម សិល្បៈ និងសិប្បកម្មផ្សេងៗជាដើម៕

























Account
Security
Favourite Content