ទីក្រុងហូជីមិញ ប្រទេសវៀតណាម មានផែនការពង្រីកបណ្តាញរថភ្លើងក្រោមដីជាមួយនឹងខ្សែថ្មីចំនួន ៣ ខ្សែ ដោយគ្រោងបើកការដ្ឋានសាងសង់ក្នុងត្រីមាសទី ៤ ឆ្នាំនេះ ជាមួយនឹងកញ្ចប់ថវិកាជាង ២៥៤ ទ្រីលានដុង ឬប្រមាណ ៩.៦ ប៊ីលានដុល្លារអាមេរិក។

គណៈកម្មាធិការគ្រប់គ្រងផ្លូវដែកទីក្រុងហូជីមិញ បានប្រកាសកាលពីថ្ងៃទី ២១ ខែកញ្ញា ថា ខ្លួនកំពុងសហការជាមួយក្រុមទីប្រឹក្សាដើម្បីបញ្ចប់ការសិក្សាពីលទ្ធភាព និងនីតិវិធីសម្រាប់ខ្សែរថភ្លើងថ្មីទាំង ៣ រួមមាន ខ្សែ Thu Dau Mot – Tao Dan ខ្សែ Tan Son Nhat – Phu Huu និងខ្សែ Binh Duong New City – Suoi Tien មុនពេលដាក់ជូនអាជ្ញាធរអនុម័ត។
ដោយរំពឹងថានឹងប្រើប្រាស់កញ្ចប់ថវិកាពីរដ្ឋាភិបាលទាំងស្រុង គម្រោងរថភ្លើងទាំង ៣ ខ្សែនេះ គ្រោងនឹងបញ្ចប់ការសាងសង់ត្រឹមឆ្នាំ ២០៣០ ជាមួយនឹងប្រវែងសរុបប្រមាណ ៩០ គីឡូម៉ែត្រ។ នេះបើផ្អែកតាមការចុះផ្សាយរបស់ VN Express។

បច្ចុប្បន្ន ទីក្រុងហូជីមិញកំពុងដំណើរការផ្លូវរថភ្លើងក្រោមដី Ben Thanh – Suoi Tien ប្រវែងជិត ២០ គីឡូម៉ែត្រ។ ទីក្រុងដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសវៀតណាមមួយនេះ មានគោលបំណងពង្រីកបណ្តាញផ្លូវដែកក្នុងទីក្រុងរបស់ខ្លួនឱ្យបានប្រហែល ២៥៥ គីឡូម៉ែត្រត្រឹមឆ្នាំ ២០៣០។
ក្រៅពីគម្រោងខាងលើ ចាប់តាំងពីដើមឆ្នាំ ២០២៦ មក ទីក្រុងហូជីមិញបានចាប់ផ្តើមការសាងសង់ ឬរៀបចំពិធីបើកការដ្ឋានសម្រាប់គម្រោងចំនួន ៣ រួចមកហើយ គឺខ្សែ Ben Thanh – Tham Luong ខ្សែ Ben Thanh – Thu Thiem និងខ្សែ Ben Thanh – Can Gio៕




















































Account
Security
Favourite Content