នៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ ឬដំណើរទស្សនកិច្ចផ្លូវការនៅក្រៅប្រទេសម្ដងៗ ភរិយាថ្នាក់ដឹកនាំដើរតួនាទីយ៉ាងសំខាន់ក្នុងផ្នែក «ការទូតទន់ភ្លន់» (Soft Diplomacy) ដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាព វប្បធម៌ និងមនុស្សធម៌រវាងប្រទេសទាំង២។

សម្រាប់ថ្មីៗនេះ នៅពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក អេម៉ានុយអែល ម៉ាក្រុង មកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ លោកស្រី ប្រ៊ីហ្ស៊ីត ម៉ាក្រុង ភរិយារបស់ប្រធានាធិបតីបារាំង ក៏បានចូលរួមសកម្មភាពជាច្រើនផងដែរ ដោយលោកស្រី ប្រ៊ីហ្ស៊ីត ម៉ាក្រុង បានទៅទីកន្លែងសំខាន់ៗក្នុងប្រទេសកម្ពុជាច្រើន មិនចាញ់ស្វាមីឡើយ។ ក្រោយចុះពីលើយន្តហោះភ្លាមថ្នាក់ដឹកនាំកំពូលរបស់បារាំង បានជួបជាមួយនាយករដ្ឋមន្រ្តីកម្ពុជាភ្លាម បន្ទាប់មក First lady និងប្រធានាធិបតីបារាំង បានដើរកម្សាន្តពីមុខវាំង រហូតដល់មុខណាហ្គាឯណោះ (១៤.១១.២០២៦)។
ចូលមកដល់កម្មវិធីព្រឹក ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៦ First lady និងស្វាមី ត្រូវបានព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ស្ដេចសព្វព្រះរាជហឫទ័យ រៀបចំព្រះរាជពិធីទទួលបដិសណ្ឋារកិច្ចផ្លូវរដ្ឋជូន នៅព្រះបរមរាជវាំង។

ចូលមកដល់រសៀលថ្ងៃ ១៥ ខែវិច្ឆិកា ២០២៦ លោកស្រី ម៉ាក្រុង ត្រូវបានអញ្ជើញទស្សនាពិព័រណ៍ និងការតាំងបង្ហាញស្តង់នានា ហើយមានការចូលរួមប៉ាក់ស្បៃខ្មែរ នៅភូមិហ្វ្រង់កូហ្វូនី ដែលជាព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ កម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។
ល្ងាចថ្ងៃអាទិត្យ ទី១៥ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ដដែលនោះ ភរិយាប្រធានាធិបតីបារាំង Emmanuel Macron គឺលោកស្រី Brigitte Macron បានអញ្ជើញទៅធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យគន្ធបុប្ផាវត្តភ្នំ។

នាពេលរាត្រីថ្ងៃ ខែ ឆ្នាំដដែល លោកស្រី Brigitte Macron បានអមដំណើរស្វាមីចូលរួមពិធីលៀងសាយភោជន នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) ជាមួយថ្នាក់ដឹកនាំកំពូលៗក្នុងប្រទេស ព្រមជាមួយគណៈប្រតិភូជាន់ខ្ពស់ ដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដោយទស្សនាការសម្ដែងសិល្បៈ វប្បធម៌សម្បូរបែបរបស់កម្ពុជា។ បន្ទាប់មកប្រធានាធិបតីបារាំង Emmanuel Macron លោកស្រី Brigitte Macron បានផ្ដល់កិត្តិយសថតរូបអនុស្សាវរីយជាមួយក្រុមសិល្បករទាំងអស់។
ឈានមកដល់ថ្ងៃថ្មី ថ្ងៃ ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ First lady របស់ប្រធានាធិបតីបារាំង អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ហ្លួងយាយទួត និងអញ្ជើញទស្សនាព្រះបរមរាជវាំងចតុមុខមង្គល ពិសេសទស្សនាប្រាសាទណាប៉ូឡេអុង។ បន្ទាប់ពីនោះ លោកស្រី ព្រមភរិយាថ្នាក់ដឹកនាំកំពូល និងតំណាងប្រទេសនានា ទៅទស្សនាសារមន្ទីរព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ។

នៅព្រឹកថ្ងៃដដែល លោកស្រី ប្រ៊ីហ្សីត ម៉ាក្រុង បានធ្វើទស្សនកិច្ចអង្គការ PSE (ដើម្បីភាពញញឹមនៃកុមារ) ដែលអង្គការនេះផ្តួចផ្តើមបង្កើតឡើងដោយស្វាមីភរិយាជនជាតិបារាំងពីររូប។
នារសៀលបន្តិច លោកស្រី ប្រ៊ីហ្សីត ម៉ាក្រុង និងស្វាមី បានឡើងយន្តហោះ ដើម្បីធ្វើដំណើរទៅកាន់ទីរួមខេត្តសៀមរាប ដើម្បីអញ្ជើញសម្ពោធប្រាសាទមេបុណ្យខាងលិចជាផ្លូវការ ក្រោយការជួសជុលរយៈពេល ១៤ ឆ្នាំ។
បន្ទាប់ពីសម្ពោធប្រាសាទមេបុណ្យខាងលិចជា លោក ម៉ាក្រុង និងភរិយាបានឆ្លៀតចូលទស្សនាប្រាសាទអង្គរវត្តពេលព្រលប់ មុនត្រឡប់ទៅកាន់ប្រទេសបារាំងវិញទាំងយប់៕





















































Account
Security
Favourite Content