នាថ្ងៃ២៣ ខែតុលា ឆ្នាំ ២០២៦ កន្លង ទៅមហោស្រពភាពយន្តខ្លី ចតុមុខ បានរៀបចំកម្មវិធីសន្និសីទសារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពីអ្នកជាប់ពាក់ព័ន្ធ។ មហោស្រពភាពយន្តខ្លី ចតុមុខ មានគោលដៅក្នុងការជំរុញការច្នៃប្រតិដ្ឋរបស់យុវជន និងគាំទ្រការអភិវឌ្ឍវិស័យភាពយន្ត កម្ពុជា ក៏ដូចជាផ្សារភ្ជាប់ភាពយន្តកម្ពុជាជាមួយទេសចរណ៍អន្តរជាតិ។

CSFF ជាថ្នាលដំបូងគេនៅកម្ពុជាសម្រាប់វិស័យភាពយន្តខ្លី ដែលរៀបចំ ដោយក្រុម និងអង្គការភាពយន្តឈូករ័ត្ន។ នៅជំនាន់ទី១៥នេះ មហោស្រព នឹងចាក់បញ្ចាំងភាពយន្តខ្លី៩០រឿង ដោយរួមទាំងស្នាដៃកូនខ្មែរ ៤០ចំណងជើង និងស្នាដៃអន្តរជាតិ៥០ ចំណងជើងទៀត ដែលចូលរួមពី ៣៣ ប្រទេសផ្សេងៗគ្នា។
មហោស្រពភាពយន្តខ្លីចតុមុខ ដែលជាមហោស្រពភាពយន្តខ្លី ដំបូងគេ និងមានអាយុកាលយូរជាងគេនៅកម្ពុជា។ ការប្រកាសពីការជ្រើសរើសនេះ ត្រូវបានប្រព្រឹត្តទៅនៅរោងភាពយន្ត Fable Cinema ក្នុងបរិវេណ Factory Phnom Penh ដោយមានការចូលរួមយ៉ាងកុះករពីសំណាក់អ្នកសារព័ត៌មាន ផលិតករភាពយន្ត ភ្ញៀវកិត្តិយស និងដៃគូសហការ ក្នុងឧស្សាហកម្មភាពយន្ត។

គោលបំណងចម្បងនៃព្រឹត្តិការណ៍នេះ គឺដើម្បីចែករំលែកពីបេសកកម្មពង្រីកវិសាលភាពថ្មី របស់ មហោស្រព ការដាក់ឲ្យប្រកួតប្រជែង ផ្នែកភាពយន្តប្រើបញ្ញាសិប្បនិមិ្មតជាលើកដំបូង និងផែនការ ដំណើរចាក់បញ្ចាំងពេញប្រទេស និងក្រៅស្រុកនាពេលខាងមុខ ក្នុងគោលដៅបន្តលើកតម្កើងសិល្បៈច្នៃប្រតិដ្ឋ និងអាជីពនៃការរៀបរាប់សាច់រឿងជាខ្សែភាពយន្ត (Cinematic Storytelling)។
លោក ស៊ុំ ស៊ីថែន ប្រធានមហោស្រព បានគូសបញ្ជាក់ ពីទំហំជាប្រវត្តិសាស្ត្រនៃការរៀបចំលើទី ១៥ នេះថា៖ «មហោស្រពភាពយន្តខ្លី ចតុមុខ ដើរតួនាទីសំខាន់ណាស់សម្រាប់កម្ពុជា។ អស់រយៈពេល ១៥ ឆ្នាំមកហើយ មហោស្រពនេះ បានផ្តល់ឱកាសដល់ទស្សនិកជនរបស់យើង ក្នុងការទទួលបានបទពិសោធន៍ពីការស្រមើស្រមៃរបស់ពិភពលោក ស្របពេលជាមួយគ្នានោះក៏បានបង្ហាញពីចក្ខុវិស័យរបស់សមិទ្ធិករភាពយន្តកម្ពុជាផងដែរ។ ឆ្នាំនេះយើងមានមោទនភាពយ៉ាងក្រៃលែង ក្នុងការបង្ហាញជូននូវភាពយន្តយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលផ្សារភ្ជាប់ទេពកោសល្យក្នុងស្រុក ជាមួយនឹងកេរ្តិ៍ឈ្មោះលំដាប់សកលដែលដើរតួជាចំណុចប្រសព្វដ៏សំខាន់សម្រាប់ការផ្លាស់ប្ដូរបទពិសោធន៍ភាពយន្ត ទន្ទឹមនឹងការបើកទទួលរឿង ផលិតដោយប្រើបញ្ញាសិប្បនិម្មិត (AI) លើកដំបូងក្នុងប្រវត្តិCSFF»។

សម្រាប់ភាពយន្តអន្តរជាតិដែលត្រូវបានជ្រើសរើសសម្រាប់ឆ្នាំ ២០២៦ នេះមានកេរ្តិ៍ឈ្មោះលំដាប់ពិភពលោកយ៉ាងគួរឲ្យកត់សម្គាល់ដោយមានការចូលរួម ពីភាពយន្តដែលធ្លាប់បានចាក់បញ្ចាំងនៅតាមមហោស្រពលំដាប់កំពូលៗដូចជា Cannes, TIFF, SXSW, និង Berlinale ផងដែរ។ លើសពីនេះ ដើម្បីឆ្លុះបញ្ចាំងពីការវិវត្តយ៉ាងឆាប់រហ័សនៃឧស្សាហកម្មនេះ។ ការរៀបចំលើកទី ១៥ នេះ បានផ្ដួចផ្ដើមមានផ្នែកថ្មីមួយគឺ «ភាពយន្តខ្លី AI អន្តរជាតិ» ដែលរាប់ថាជាវេទិកាមួយក្នុងការស្វែងយល់ពីចំណុចប្រសព្វ រវាងបញ្ញា សិប្បនិម្មិត និងសិល្បៈនៃការរៀបរាប់សាច់រឿងរបស់មនុស្ស។
មហោស្រពភាពយន្តខ្លីចតុមុខ ជំនាន់ទី ១៥ នឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃ ៣០ ខែតុលា ដល់ថ្ងៃ ២ ខែវិច្ឆិកា ឆ្នាំ ២០២៦។ ដោយពិធីបើកនឹងធ្វើនៅរោងភាពយន្ត Legend Cinema (សាខាអូឡាំព្យា)។ ចំណែកពិធីបិទធ្វើឡើងថ្ងៃ ២ ខែវិច្ឆិកា នៅរោងភាពយន្ត Sabay Cinema (សាខាអ៊ីអន ១)។
ដំណើរចាក់បញ្ចាំងពេញប្រទេស និងក្រៅស្រុក បន្ទាប់ពីព្រឹត្តិការណ៍ចម្បងនៅភ្នំពេញ ភាពយន្តដែលទទួលបានជ័យលាភី អាចនឹងត្រូវនាំយកទៅចាក់បញ្ចាំងនៅតាមបណ្តាខេត្ត ដូចជាបាត់ដំបង សៀមរាប និងកែប និងនៅប្រទេសម៉ាឡេស៊ី គ្រាន់តែអាស្រ័យលើបដិភាគ ហិរញ្ញវត្ថុ ដែលនឹងប្រមូលបាននៅដើមខែក្រោយ៕




















































Account
Security
Favourite Content