នៅក្នុងសង្គមខ្មែរ កាលពីអតីតកាល ដូនតាបានប្រើប្រាស់ស្បៃ ក្នុងគោលបំណងចម្បង២។ ទី១ ប្រើប្រាស់ក្នុងសកម្មភាពប្រចាំថ្ងៃសម្រាប់គ្របដណ្តប់កាយ ឬបំបាត់រងា និងទី២ គេប្រើប្រាស់ ដើម្បីសោភ័ណភាពក្នុងឈុតសម្លៀកបំពាក់ប្រពៃណី ពេលចេញក្រៅផ្ទះ ឬចូលរួមពិធីបុណ្យទាន និងកម្មវិធីវប្បធម៌ផ្លូវការ។ ម្ល៉ោះហើយ ស្បៃមិនត្រឹមតែជាគ្រឿងសម្លៀកបំពាក់នោះទេ ប៉ុន្តែវាជានិមិត្តរូបតំណាងឲ្យភាពថ្លៃថ្នូរ សុភាពរាបសារ និងលក្ខណៈដ៏ឧត្ដុង្គឧត្ដមរបស់ស្ត្រីខ្មែរ។

សម្រាប់ការធ្វើស្បៃនេះវិញ ទម្រាំតែបានមួយផ្ទាំងៗ ត្រូវចំណាយពេលជាង ១ ខែ។ នេះបើតាមការសម្ភាសន៍ជាមួយអ្នកគ្រូ គុម សុគន្ធា អតីតសិស្សនៅសាលាភូមិន្ទវិចិត្រសិល្បៈ ផ្នែកសូនរូប និងចាប់យកជំនាញ លំអ និងកំណាត់ បានផ្ដល់បទសម្ភាសន៍ជាមួយ AMS ថា ការប៉ាក់ឌិនស្បៃនៅពេលបច្ចុប្បន្ន លោកស្រីបានចំណាយពេល ៤០ ថ្ងៃ រាប់ទាំងការតម្កើង នេះបើមានអ្នកធ្វើ ២ នាក់។ តែបើមានគ្នីគ្នាច្រើនរឹតតែបន្ថយថ្ងៃមកទៀត អាចត្រឹម ២០ ថ្ងៃ ឬយឺត លឿនតាមទឹកដៃនៃការធ្វើ។
សាស្ត្រាចារ្យដែលចាប់យកជំនាញលំអ និងកំណាត់តាំងពីឆ្នាំ ១៩៩៣ រូបនេះបានបន្តទៀតថា សម្រាប់ភ្នែកមាន់ ឬឌិន គឺបញ្ជាទិញពីប្រទេសបារាំង ហើយរំយោលផ្សេងៗបញ្ជាទិញពីឥណ្ឌា ដែលសុទ្ធសឹងជារបស់ល្អ។

អ្នកគ្រូ បានបន្ថែមទៀតថា ការដែលចង់រៀនជំនាញនេះ ត្រូវការក្មេងៗជំនាន់ក្រោយ មកបន្តវេន ក្មេងៗមានថាមពលក្នុងការសិក្សា ដែលចង់ចេះចង់ដឹង ក្មេងៗចាប់ពីអាយុ ១៥ ឆ្នាំឡើងទៅពិតជាល្អ ពិសេសអ្នកដែលធ្លាប់មានការសិក្សាបាតគ្រឹះ សូនរូប ចេញពីសាលា ហើយមកហ្វឹកហាត់ រៀនសូត្រ លត់ដំ កាន់តែងាយយល់ និងស្រួលក្នុងការឌិនឆាប់ចេះ។


ស្បៃខ្មែរ គឺជាសម្លៀកបំពាក់ប្រពៃណីជាតិដ៏មានតម្លៃ និងជាអត្តសញ្ញាណវប្បធម៌ដ៏យូរលង់របស់ស្ត្រីខ្មែរ ដែលមានប្រវត្តិតាំងពីសម័យនគរភ្នំ (ហ្វូណន) ឬតាំងពីស.វ.ទី៧ មកម្ល៉េះ។ នៅក្នុងវចនានុក្រមខ្មែរ ពាក្យថា «ស្បៃ» សំដៅលើសំពត់សាច់ស្តើងទន់ប៉ើងរ៉ើង ដែលប្រើសម្រាប់ដណ្ដប់ រុំ ឬពានាឆៀងកាត់ដើមទ្រូង និងស្មា។
ភស្តុតាងដ៏សំខាន់មួយទៀត ត្រូវបានគេប្រទះឃើញនៅក្នុងសិលាចារឹកប្រាសាទព្រះគោ ខេត្តសៀមរាប ចុះបញ្ជីលេខ K.713 ចារឹកនៅឆ្នាំ ៨៩៣ នៃគ្រិស្តសករាជ (ស.វ.ទី៩) ក្នុងរជ្ជកាលព្រះបាទស្រីយសោវរ្ម័នទី១ (គ.ស.៨៨៩ – ៩១០)។ សិលាចារឹកព្រះគោនេះ បានរៀបរាប់ថា “នៅមហាសករាជឆ្នាំ៨១៥ ថ្ងៃទី៣កើត ខែវិសាខ ព្រះរាជបញ្ជារបស់ព្រះករុណាព្រះកម្រតេងអញស្រីយសោវម៌្មទេវ បានថ្វាយតង្វាយជាមាស ប្រាក់ និងអ្នកបម្រើ ថ្វាយដល់ព្រះកម្រតេងអញតព្រះ បរមេស្វរ”។ នៅក្នុងចំណោមទាំងនោះ មានតង្វាយដ៏គួរឲ្យចាប់អារម្មណ៍មួយដែលគេសរសេរថា៖ “វ្រះស្បៃប្យះអន្រោំមមាសជើងមាស១” ដែលនៅត្រង់ឃ្លានេះត្រូវបានលោក George Coedès សន្និដ្ឋានថា “ស្បៃមួយបែបដែលមានរងជើងធ្វើពីសរសៃសូត្រមាស”។
ក្នុងសិក្ខាសាលាតម្រង់ទិស ស្ដីពី «ស្បៃខ្មែរ និងរបៀបប្រើប្រាស់ក្នុងទំនៀមទម្លាប់ប្រពៃណី និងអាពាហ៍ពិពាហ៍ខ្មែរ» នៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃ ៦ ខែតុលា ឆ្នាំ ២០២៦ លោក ឈុំ ម៉េងហុង អគ្គនាយកបេតិកភណ្ឌអរូបី និងឧស្សាហកម្មវប្បធម៌ច្នៃប្រតិដ្ឋ បានឲ្យដឹងថា ការបែងចែកស្បៃ គឺផ្អែកលើការវិភាគទៅលើរូបថតឯកសារ និងការអង្កេតលើការប្រើប្រាស់ពេលបច្ចុប្បន្ន ឃើញថាស្បៃមានច្រើនប្រភេទ និងមានការកំណត់ឈ្មោះហៅផ្សេងៗគ្នា។ ប្រភេទស្បៃទាំងនោះមាន ស្បៃខ្វៀល, ស្បៃឆៀង, ស្បៃតាត, ស្បៃធំ, ស្បៃជីបភ្លី, ស្បៃភួយ និងស្បៃលាត៕



















































Account
Security
Favourite Content