អ្វីដែលអ្នកត្រូវដឹងដំបូងបង្អស់ គឺភាពយន្ត «Oppenheimer» និយាយពីព្រឹត្តិការណ៍ពិតជាប្រវត្តិសាស្ត្រដែលបានដក់ជាប់ក្នុងការចងចាំរបស់មនុស្សទូទាំងពិភពលោក និងជាព្រឹត្តិការណ៍មួយដែលមិនអាចបំភ្លេចបាននៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ ភាពយន្តមួយនេះនឹងបង្ហាញពី «បិតាគ្រាប់បែកបរមាណូ» លោក J. Robert Oppenheimer និងបើកបង្ហាញពី ដំណើរដើមទងដែលនាំឱ្យមានការច្នៃប្រឌិតអាវុធនុយក្លេអ៊ែរដំបូងក្នុងកំឡុងសង្គ្រាមលោកលើកទី២។

ដំណើរការសាកល្បង ឬស្រាវជ្រាវផលិតអាវុធប្រល័យលោកដែលជាកិច្ចខិតខំប្រឹងប្រែងរបស់អាមេរិកត្រូវបានគេស្គាល់ថាជាគម្រោង Manhattan ហើយនៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ១៩៤៥ រដ្ឋាភិបាលអាមេរិកបានបំផ្ទុះគ្រាប់បែកបរមាណូជាលើកដំបូងបង្អស់នៅលើវាលខ្សាច់ Jornada del Muerto នៃរដ្ឋ New Mexico។ ព្រឹត្តិការណ៍នេះត្រូវបានគេស្គាល់ថាជា Trinity test ឬត្រីឯកព្រះ ដែលបានផ្លាស់ប្តូរពិភពលោកជារៀងរហូត។ ព្រឹត្តិការណ៍ដែលបានរៀបរាប់ត្រួសៗខាងលើនេះ គឺជាអ្វីដែលអ្នកគាំទ្រជឿថា នឹងត្រូវបានបង្ហាញក្នុងភាពយន្តដ៏កក្រើក ដែលដឹកនាំដោយ Christopher Nolan។
តើតារាសម្តែងណាខ្លះ ដើរតួអង្គសំខាន់ៗក្នុងភាពយន្ត Oppenheimer?

Oppenheimer ជាភាពយន្តមួយដែលមានវត្តមានតារាសម្តែងកំពូលៗច្រើនបំផុតមកចូលរួម។ តួឯកសម្រាប់ភាពយន្តមួយនេះគឺលោក Cillian Murphy ជាតួអង្គធំមកពីភាពយន្ត Peaky Blinder។ Cillian Murphy ដែលជាដៃគូយូរឆ្នាំរបស់អ្នកដឹកនាំសម្តែង Christopher Nolan ត្រូវដើរតួជាលោក J. Robert Oppenheimer។
ចំណែកតួអង្គបន្ទាប់គឺតារាសម្តែង Emily Blunt ដែលនឹងដើរតួជាភរិយារបស់លោក Oppenheimer គឺ Kitty Oppenheimer។ បន្ទាប់មកទៀត គឺ Florence Pugh តួអង្គ Marvel «Black Widow» នឹងដោយដើរតួជាសមាជិកបក្សកុម្មុយនិស្តឈ្មោះ Jean Tatlock ។
បន្ថែមពីលើនេះ Iron Man គឺលោក Robert Downey Jr. នឹងដើរតួជា Lewis Strauss ដែលជាតួអង្គសំខាន់មួយរូបដែរនៅពីក្រោយការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ។ ចំណែក Matt Damon នឹងដើរតួជា Leslie Groves ដែលជាឥស្សរជនយោធាដែលបានបម្រើការជានាយកនៃគម្រោង Manhattan។
តើនរណាជាអ្នកដឹកនាំភាពយន្ត Oppenheimer?

Christopher Nolan គឺជាអ្នកដឹកនាំរឿង Oppenheimer ហើយភាពយន្តមួយនេះគឺជាភាពយន្តទី១២ ហើយដែលលោកបានដឹកនាំ និងជាភាពយន្តរន្ធត់ញាប់ញ័រខ្លាំងជាងសម្រាប់លោក។ Christopher Nolan បានដឹកនាំភាពយន្តកំពូលៗដូច Batman Begins, The Dark Knight, Inception និង Interstellar ជាដើម។
រាល់ភាពយន្តដែល Christopher Nolan ធ្លាប់បានដឹកនាំសុទ្ធសឹងតែជាភាពយន្តស៊ីជម្រៅ។ លើសពីនេះ សម្រាប់ភាពយន្ត Oppenheimer ដែលមានឈុតបំផ្ទុះគ្រាប់បែក ត្រូវបានសារព័ត៌មានមួយចំនួនឱ្យដឹងថា មិនមានប្រើបច្ចេកវិទ្យា CGI ជំនួយនោះទេ។ អ្វីដែលកាន់តែសំខាន់ជាងនេះទៅទៀត ភាពយន្ត Oppenheimer ត្រូវបានថតដោយកាមេរ៉ា IMAX 65mm និងកាមេរ៉ា Panavision 65mm ដែលមានកម្រិតច្បាស់បំផុតលើលោក។
តើ Oppenheimer ថតនៅឯណា?

បើយោងតាមគេហទំព័រ Los Alamos County ទីតាំងដូចជា Historic Fuller Lodge, ផ្ទះពិតដែលលោក Oppenheimer ប្រើប្រាស់ និងអគារដែលនៅសេសសល់ផ្សេងទៀត ដូចជាបន្ទប់ស្នាក់នៅរបស់ស្ត្រី និង United Church របស់គម្រោង Manhattan ត្រូវបានប្រើប្រាស់ក្នុងអំឡុងពេលផលិតភាពយន្តមួយនេះ។ ដូច្នេះភាពយន្ត Oppenheimer ត្រូវបានថតជាចម្បងនៅរដ្ឋ New Mexico។ ចំណែកឈុតឆាកមួយចំនួនផ្សេងទៀតត្រូវបានថតនៅរដ្ឋ New Jersey និង California។
តើភាពយន្ត Oppenheimer នឹងចាក់បញ្ចាំងនៅពេលណា?
មិនខុសពីនៅបរទេសនោះទេ ភាពយន្ត Oppenheimer នឹងចាក់បញ្ចាំងថ្ងៃទី ២១ កក្កដា ឆ្នាំ២០២៣ នៅតាមរោងភាពយន្តនានានៅកម្ពុជា៕
























Account
Security
Favourite Content