សម្រាប់ការចាក់ផ្សាយនៅចន្លោះថ្ងៃបុណ្យ Thanksgiving ពោលគឺផ្ដើមពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ភាពយន្តគំនូរជីវចល Zootopia 2 អាចរកប្រាក់ចំណូលសរុបបានដល់ ៥៥៦លានដុល្លារអាមេរិក ក្លាយជាគំនូរជីវចលដែលរកចំណូលក្នុងសប្ដាហ៍ដំបូងបានច្រើនបំផុត ក្នុងប្រវត្តិសាស្រ្តភាពយន្ត។

ផ្អែកតាមការចុះផ្សាយរបស់ Variety ប្រាក់ចំណូលដែលមានទំហំជាង កន្លះពាន់លានដុល្លារនេះ បាននាំឱ្យ Zootopia 2 អាចយកតំណែងជា ភាពយន្តតុក្កតាដែលមានប្រាក់ចំណូលក្នុងសប្ដាហ៍ដំបូងខ្ពស់បំផុតលំដាប់លេខ ១ នៅក្នុងប្រវត្តិសាស្រ្តភាពយន្ត។ ខណៈភាពយន្តនេះ បានឈរលើលេខរៀងទី ៤ បើប្រៀបធៀបនឹងភាពយន្តមនុស្សសម្ដែង បន្ទាប់ពីភាពយន្តរឿង Avengers: Endgame រឿង Avengers: Infinity War និង Spider-Man: No Way Home។
ជាក់ស្ដែង គំនូរជីវចលពី Disney មួយចំណងជើងនេះ អាចស្វែងរកចំណូលបានប្រមាណ ១៥៦ លានដុល្លារអាមេរិកនៅក្នុងប្រទេសកំណើត ស្របពេលដែលប្រាក់ចំណូលពីការចាក់បញ្ចាំងជុំវិញពិភពលោកមានចំនួនប្រមាណ ៤០០លានដុល្លារអាមេរិក ក្នុងនោះមានប្រទេសចិនជាប្រភពចំណូលធំបំផុត ជាមួយនឹងសាច់ប្រាក់សរុបចំនួន ២៧២លានដុល្លារអាមេរិក។ នេះបើតាមតួលេខពី The Hollywood Reporter។

យោងតាមភាពជោគជ័យនេះ Zootopia 2 មានឱកាសក្លាយជាភាពយន្តពាន់លានមួយទៀតរបស់ Walt Disney Animation Studios ខណៈដែលភាពយន្តវគ្គដំបូងដែលចេញផ្សាយតាំងតែពីឆ្នាំ ២០១៦ អាចស្វែងរកចំណូលដំបូងបានត្រឹមតែ ៧៥លានដុល្លារអាមេរិកប៉ុណ្ណោះ មុននឹងស្ទុះហក់ឡើងដល់ ១.០២៥ ពាន់លានដុល្លារអាមេរិក។
គួរឱ្យដឹងផងដែរថា នៅក្នុងវគ្គទី ២នេះ ទន្សាយញី Judy Hopps និងមិត្តកញ្ជ្រោង Nick Wilde នឹងត្រឡប់មកបង្ក្រាបសំណុំរឿងថ្មីជុំគ្នាម្ដងទៀត ខណៈក្នុងវគ្គនេះទស្សនិកជននឹងបានឃើញទឹកដីនៃប្រភេទសត្វថ្មីៗ ដែលមិនទាន់បានបើកបង្ហាញនៅក្នុងវគ្គមុននៅឡើយ៕



























Account
Security
Favourite Content