ក្រុមចម្រៀង ZEROBASEONE ដែលត្រូវបានគេចាត់ទុកថាជាកំពូលក្រុមខេប៉ុបជំនាន់ទី៥ បានបន្តបង្ហាញភាពជោគជ័យរបស់ខ្លួន ដោយអាចលក់អាល់ប៊ុមចម្រៀងបានខ្ទង់លានបន្ទះចំនួន ៣ អាល់ប៊ុមជាប់គ្នា។

ថ្មីៗនេះក្រុមចម្រៀង ZEROBASEONE បានធ្វើការវិលត្រលប់មកឆាកតន្ត្រីវិញជាមួយនឹង mini album ថ្មីមានចំណងជើងថា “You have me at HELLO” និងបទចម្រៀង “Feel the POP” ។
គិតត្រឹមថ្ងៃទី១៥ ខែឧសភា ទាំង mini album និងបទចម្រៀងនាំមុខប្រចាំអាល់ប៊ុមថ្មីនេះបានឡើងដល់ចំណាត់ថ្នាក់កំពូលលើតារាង iTunes នៅក្នុងប្រទេសផ្សេងៗជុំវិញពិភពលោក។ ក្នុងនោះ អាល់ប៊ុម “You have me at HELLO” បានជាប់ចំណាត់ថ្នាក់លេខ ១ នៅលើតារាង iTunes Top Albums យ៉ាងហោច ២២ ប្រទេសនិងតំបន់រួមមានដូចជា សិង្ហបុរី តៃវ៉ាន់ ឥណ្ឌូនេស៊ី តួកគី ប្រេស៊ីល ហុងកុង ម៉ាឡេស៊ី ថៃ វៀតណាម ម៉ិកស៊ិក ឈីលី និងអេស្ប៉ាញជាដើម។
ទន្ទឹមនឹងនេះបទ “Feel the POP” បានឡើងដល់លេខ ១ នៅលើតារាង iTunes Top Songs នៅយ៉ាងហោច ១២ ប្រទេសរួមមាន សិង្ហបុរី ប៉េរូ កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី នេប៉ាល់ អារ៉ាប៊ីសាអូឌីត កាតា ឈីលី និងអេក្វាឌ័រជាដើម។

កាន់តែអស្ចារ្យថែមទៀតគឺ អាល់ប៊ុម “You have me at HELLO” នេះបានក្លាយជាអាល់ប៊ុមទី ៣ របស់ ZB1 ដែលអាចលក់បានលើស ១ លានច្បាប់ចម្លងនៅថ្ងៃដំបូងបើផ្អែកតាមការបញ្ជាក់របស់គេហទំព័រ Hanteo Chart។
គួរបញ្ជាក់ថា ក្រុម ZEROBASEONE គឺជាក្រុមចម្រៀងដែលត្រូវបានបង្កើតឡើងតាមរយៈកម្មវិធីប្រកួតតារាខេប៉ុប “Boys Planet” របស់ទូរទស្សន៍ Mnet និងបានបង្ហាញខ្លួនផ្លូវការជាមួយអាល់ប៊ុមដំបូងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។ ក្រុមរបស់ពួកគេមានសមាជិកសរុប ៩នាក់ រួមមាន Jiwoong, Zhang Hao, Hanbin, Matthew, Taerae, Ricky, Gyuvin, Gunwook និង Yujin ៕

























Account
Security
Favourite Content