តារាសម្ដែងប្រុស Yoon Chan Young និង Bong Jae Hyun បានចែករំលែកការយល់ឃើញរបស់ពួកគេអំពីភាពផ្អែមល្ហែមរវាងតួអង្គប្រុសទាំងពីរនៅក្នុងរឿងភាគ “High School Return of a Gangster” ដែលជាស្នាដៃទើបចេញថ្មីរបស់ពួកគេ។


“High School Return of a Gangster” គឺជាភាពយន្តភាគកូរ៉េបែបអភិនីហារនិយាយពីរឿងរ៉ាវ បុរសអ្នកលេងម្នាក់ដែលចង់ទៅរៀននៅមហាវិទ្យាល័យ តែក្រោយមកបានដឹងខ្លួនក្នុងរាងកាយរបស់សិស្សវិទ្យាល័យអាយុ ១៩ ឆ្នាំម្នាក់ដែលទទួលរងការធ្វើបាបពីសិស្សដទៃ។ ដោយប្រើជំនាញពិសេសផ្ទាល់ខ្លួន គេបានដាក់ទណ្ឌកម្មអ្នកដែលធ្វើបាបគេជាការសងសឹក និងបានបង្កើតមិត្តភាពជាមួយមិត្តភ័ក្ដិដែលរងអំពើហិង្សាក្នុងគ្រួសារ។
រឿងភាគនេះត្រូវបានផលិតឡើងដោយផ្អែកសាច់រឿងតាមប្រលោមលោក BL ប៉ុន្តែមិនផ្ដោតលើទំនាក់ទំនងស្នេហាតួអង្គប្រុសទាំងពីរដូចក្នុងប្រលោមលោកនោះទេ។ តារាប្រុស Yoon Chan Young ដែលសម្ដែងជាតួអង្គ Song Yiheon បាននិយាយពាក់ព័ន្ធនឹងការសម្ដែងរឿងនេះថា៖ “ខ្ញុំមិនបានបែងចែកថាវាជាប្រភេទរឿងអ្វីនោះទេ។ ខ្ញុំគ្រាន់តែព្យាយាមបង្ហាញពីទំនាក់ទំនងរវាងតួអង្គទាំងពីរថាមានភាពស្និទ្ធស្នាល និងស្និទ្ធស្នាលជាងមិត្តភាពធម្មតាបន្តិច”។ ចំណែក Bong Jae Hyun ដែលសម្ដែងជាតួ Choi Se-kyung បានហៅទំនាក់ទំនងរវាងតួអង្គថា “លើសពីមិត្ត ប៉ុន្តែមិនមែនស្នេហា” និងបានពន្យល់លម្អិតថា៖ “ពួកគេមានអារម្មណ៍រួមគ្នាមួយដែលពួកគេមិននិយាយចេញ ហើយលោកចង់បង្ហាញអារម្មណ៍នេះតាមរយៈខ្សែភ្នែក និងការសន្ទនាផ្សេងៗ”។



គួរបញ្ជាក់ថា Yoon Chan Young បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីផ្លាស់ប្តូររាងកាយរបស់គេសម្រាប់សម្ដែងតួអង្គរឿងនេះ។ លោកនិយាយថា៖ “ខ្ញុំបានសុំយោបល់ពីអ្នកដឹកនាំ ហើយគាត់បានស្នើឱ្យផ្តោតលើការធ្វើលំហាត់ប្រាណជាប់លាប់ ដើម្បីកសាងភាពរហ័សរហួនជាជាងហាត់យកសាច់ដុំ។ ខ្ញុំបានហ្វឹកហាត់យ៉ាងខ្លាំង ហើយដោយសារការប្រដាល់គឺជាជំនាញតួអង្គ ខ្ញុំបានមើលវីដេអូជាច្រើននៅផ្ទះ និងថែមទាំងទិញស្រោមដៃ ហើយហាត់ប្រដាល់នៅមុខកញ្ចក់ ទៀត”។ តារាសម្ដែងរូបនេះក៏បានចែករំលែកផងដែរថាអ្វីដែលលោកបានរៀននៅក្នុងការសម្ដែងរឿង “All of Us Are Dead” គឺពិតជាមានប្រយោជន៍ខ្លាំងក្នុងការសម្ដែងឈុតឆាកវាយតប់នៅក្នុងរឿងភាគថ្មីនេះ ៕
























Account
Security
Favourite Content