កំពូលតារាទាំង ២ រូបរបស់កូរ៉េខាងត្បូងគឺ Park Bo Gum និង Suzy មិនអាចប្រើប្រជាប្រិយភាពរបស់ពួកគេស្រោចស្រង់ចំណូលភាពយន្ត “Wonderland” បានឡើយ ដោយចុងក្រោយភាពយន្តថ្មីនេះបានធ្លាក់ចេញពីចំណាត់ថ្នាក់កំពូលទាំង ១០ នៅតារាង Box Office កូរ៉េបាត់ទៅហើយ បើទោះជាមានការផ្សព្វផ្សាយគគ្រឹកគគ្រេងបែបណា ហើយនឹងត្រូវទម្លាក់ចេញពីរោងកុនមុនចំនួនអ្នកទស្សនាឈានដល់ ១ លាននាក់។

ចាប់ផ្ដើមបញ្ចាំងពីថ្ងៃទី ៥ ខែមិថុនា ភាពយន្តនេះនិយាយអំពីការជួបជុំជាមួយមនុស្សជាទីស្រលាញ់តាមរយៈសេវាកម្មវីដេអូខលដែលដំណើរការដោយ AI ជាការវិលត្រឡប់មកកាន់វិស័យកុនខ្នាតធំលើកដំបូងក្នុងរយៈពេល ១៣ ឆ្នាំរបស់អ្នកដឹកនាំរឿង Kim Tae Yong បន្ទាប់ពីភាពយន្ត “Late Autumn”។ ភាពយន្តនេះបានទាក់ទាញការចាប់អារម្មណ៍កាន់តែខ្លាំងតាមរយៈបញ្ជីតួសម្ដែងដែលសុទ្ធសឹងជាតារាល្បីៗរួមមាន Tang Wei, Jung Yumi, និង Choi Woo Shik រួមជាមួយតួឯកទាំងពីរគឺ Park Bo Gum និង Suzy។
ទោះជាយ៉ាងណាក៏ដោយ “Wonderland” អាចទាក់ទាញអ្នកទស្សនាត្រឹម ៦១៧ ៦៩០ នាក់ប៉ុណ្ណោះ ខណៈតួលេខដែលអាចឱ្យរឿងនេះស្រង់ដើមមកបានគឺលុះត្រាតែបាន ២,៩ លាននាក់។ ការវាយតម្លៃពីអ្នកទស្សនាភាពយន្តនៅលើវិបសាយ CGV Golden Egg គឺមានទាំងវិជ្ជមាន និងអវិជ្ជមាន ប៉ុន្តែមានទស្សនិកជនជាច្រើនបានបង្ហាញការខកចិត្តចំពោះសាច់រឿងដែលហាក់មិនសមហេតុផល។
បន្ទាប់ពីការរង់ចាំរយៈពេល ៣ ឆ្នាំចាប់តាំងពីការថតរឿង និងត្រឹមតែ ២២ ថ្ងៃនៅក្នុងរោងភាពយន្ត “Wonderland” នឹងត្រូវចេញបញ្ចាំងតាមអនឡាញនៅថ្ងៃទី២៧ ខែមិថុនា ដែលការបញ្ចេញទៅសេវាអនឡាញមុនកំណត់នេះបានបង្ហាញថាការចាក់បញ្ចាំងនៅរោងភាពយន្តមិនទទួលបានជោគជ័យឡើយ។
បរាជ័យរបស់ខ្សែភាពយន្តនេះត្រូវបានគេមើលឃើញថាជាការផ្លាស់ប្តូរដែលអាចកើតមាននៅក្នុងវិស័យភាពយន្តកូរ៉េ ដែលសូម្បីតែតួសម្តែងល្បីៗក៏ប្រហែលជាមិនអាចធានាជោគជ័យក្នុងការលក់សំបុត្របានដែរ ប្រសិនបើសាច់រឿងមិនទាក់ទាញ ៕

























Account
Security
Favourite Content