គិតត្រឹមចុងសប្ដាហ៍ដំបូងដែលភាពយន្តរឿង Wicked: For Good បានចាក់បញ្ចាំងក្នុងរោងភាពយន្ត ពោលគឺថ្ងៃទី២២ និង២៣ ខែវិច្ឆិកា ភាពយន្តតន្ត្រីមួយនេះអាចប្រមូលចំណូលសរុបបានដល់ទៅ ២២៦លានដុល្លារអាមេរិក។

យោងតាមតួលេខពីគេហទំព័រ Box Office Mojo ភាពយន្តទី ២ នៃសែស្រឡាយ Wicked អាចរកចំណូលពីរោងភាពយន្តក្នុងស្រុកបានចំនួន ១៥០លានដុល្លារអាមេរិក ខណៈពេលដែលប្រាក់ចំណូលពីអ្នកគាំទ្រក្រៅប្រទេសមានទំហំ ៧៦លានដុល្លារអាមេរិក នាំឱ្យចំណូលសរុបក្នុងរយៈពេលនេះបានហក់ដល់ ២២៦លានដុល្លារ។
ជាក់ស្ដែង តួលេខនេះបានបញ្ជាក់ពីកំណើននៃប្រជាប្រិយភាពនៃភាពយន្តសែស្រឡាយតែមួយ ស្របពេលដែលរឿង Wicked ជាភាពយន្តទី ១ ដែលយកលំនាំតាមប្រលោមលោក និងល្ខោនតន្រ្តី Broadway ក្រោមចំណងជើងតែមួយ អាចរកចំណូលក្នុងសប្ដាហ៍ដំបូងបានចំនួន ១៦៤លានដុល្លារអាមេរិក។
គួរឱ្យដឹងផងដែរថា នៅក្នុងវគ្គមុន ភាពយន្តនេះបានបង្ហាញពីចំណងមិត្តភាពរវាងមនុស្សចម្លែកស្បែកបៃតង Elphaba សម្ដែងដោយ Cynthia Erivo និងសិស្សស្រីដែលមានប្រជាប្រិយភាព Galinda សម្ដែងដោយ Ariana Grande ។

នៅចុងបញ្ចប់នៃសាច់រឿង Elphaba ក៏ត្រូវរត់គេចខ្លួន ក្រោយពីព្យាយាមប្រយុទ្ធជាមួយនឹងអំពើអាក្រក់របស់ Madam Morrible ដោយគ្រានោះ Madam Morrible ក៏បានប្រកាសចោទប្រកាន់ Elphaba ថាជា មេធ្មប់ចិត្តអាក្រក់។
នៅក្នុងរឿង Wicked: For Good ដែលជាវគ្គទី ២ នេះ Elphaba នឹងត្រឡប់មកវិញដោយស្ពាយឈ្មោះជា “មេធ្មប់ចិត្តអាក្រក់នៃទិសខាងលិច” ខណៈនាងធ្វើដំណើរមកនេះ គឺដើម្បីស្វែងរកយុត្តិធម៌៕



























Account
Security
Favourite Content